សហរដ្ឋអាមេរិក-ឧបទ្វីបកូរ៉េ

អាមេរិកនិង​កូរ៉េ​ខាង​ត្បូង បង្ហោះ​យន្តហោះ​ចម្បាំង ​កំញើញ​កូរ៉េ​ខាងជើង

យន្តហោះប្រដេញ និងទំលាក់គ្រាប់​របស់​អាមេរិក និង​កូរ៉េ​ខាងត្បូង​ ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ ថ្ងៃ​ទី​៨​ កក្កដា​ ២០១៧
យន្តហោះប្រដេញ និងទំលាក់គ្រាប់​របស់​អាមេរិក និង​កូរ៉េ​ខាងត្បូង​ ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ ថ្ងៃ​ទី​៨​ កក្កដា​ ២០១៧ Reuters

នៅថ្ងៃ​សៅរ៍ទី​ ៨​ កក្កដា​នេះ ​កងទ័ព​អាកាស​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ បាន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ដោយ​បាន​បញ្ចេញ​យន្តហោះ​ទំលាក់​គ្រាប់បែក​ ទំងន់​ធ្ងន់​៤គ្រឿង ​ហោះ​ទៅ​ក្បែរ​ព្រំដែន​កូរ៉េ​ខាងជើង។ ការ​ធ្វើ​សមយុទ្ធ​នេះ ​ គឺជា​ការ​ឆ្លើយតប ​ទៅនឹង​សកម្មភាព​សាកល្បង​អាវុធ​មីស៊ីល​បាលីស្ទីក​ អន្តរទ្វីប​ ដែល​កូរ៉េ​ខាង​ជើង ​បាន​ធ្វើ​ការ​សាកល្បង​បាន​សម្រេច ​កាល​ពី​ថ្ងៃ​អង្គារ​កន្លងទៅ។

ផ្សាយពាណិជ្ជកម្ម

បើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ ព័ត៌មាន ​Yonhap ​របស់​កូរ៉េ​ខាងត្បូង​ បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​សោរ៍នេះ​ មាន​យន្តហោះ​ប្រដេញ ​និង​យន្តហោះ​ទំលាក់​គ្រាប់​បែក ​របស់​អាមេរិក​ និង​កូរ៉េ​ខាងត្បូង ​សរុប​៤គ្រឿង ​ដែល​បាន​រួមគ្នា​ធ្វើ​សមយុទ្ធ។ យន្តហោះ ​B-1B ​របស់​អាមេរិក​ពីរ​គ្រឿង ​បាន​ហោះ​ចេញ​ ​ពី​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ហាវ៉ៃ ហើយ​បាន​ទៅ​ក្រវែល​នៅ​ក្បែរ​ព្រំដែន ​រវាង​កូរ៉េ​ខាងជើង ​និង​ខាងត្បូង។

ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង ​ បាន​ចេញ​លិខិត​មួយ ​ប្រកាស​ថា ​សមយុទ្ធ​យោធានេះ​ គឺ​សំដៅ​បង្ហាញ​កំលាំង​យ៉ាង​ម៉ឺងម៉ាត់ ​ចំពោះ​ការ​សាកល្បង​អាវុធ​មីស៊ីល​ជា​បន្ត​បន្ទាប់​ របស់​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង។ យន្តហោះ​ទាំង​២​គ្រឿង​របស់​អាមេរិក​​ បាន​ធ្វើ​​ការ​ហាត់​សម​ប្រយុទ្ធ ​ដូច​ជា​ការ​ហាត់​សម​ទំលាក់​គ្រាប់ ​បញ្ជាទិស​ដោយ​ប្រព័ន្ធ​ឡាហ្ស៊ែរ ​ព្រមទាំង​ការ​ហាត់សម ​បាញ់​កម្ទេច ​ទីតាំង​បាញ់​បង្ហោះ​មីស៊ីល​បាលីស្ទីក ​របស់​សត្រូវ​ ខណៈ​ដែល​យន្តហោះ​​ចម្បាំង​របស់​កូរ៉េ​ខាងត្បូង ​បាន​ធ្វើ​ការ​ហាត់សម ​បាញ់​កម្ទេច​ទីតាំង​បញ្ជា​ការដ្ឋាន​ក្រោមដី ​របស់​សត្រូវ។

ជាមួយ​គ្នា​នេះដែ​រ ​ក្រសួង​ការពារជាតិ​អាមេរិក ​ទើប​បាន​ប្រកាស​ នៅថ្ងៃ​សៅរ៍​ទី​ ៨​កក្កដា​នេះ​ថា ​ គេ​នឹង​បើក​សមយុទ្ធ​សាកល្បង​ប្រើ​ខែល​ការពារ​និង​កំទេច​គ្រាប់​មីស៊ីល ​នៅ​មូលដ្ឋាន​លើ​តំបន់​អាឡាស្កា ​ ក្នុង​​រវាង​ខែ​កក្កដា​នេះ។ ទី​ភ្នាក់ងារ​ការពារ​មីស៊ីល​របស់​អាមេរិក ​បាន​បញ្ជាក់​ថា ​ប្រព័ន្ធ​ខែល​មីស៊ីល THAAD(Terminal High Altitude Area Defense) ​មិន​អាច​ចាប់​បាន​ ឬ​កំទេច​គ្រាប់​មីស៊ីល​អន្តរទ្វីប​បាន​ទេ ​គឺ​បាន​តែ​មីស៊ីល​ចំងាយ​ជិត ​និង​មធ្យម​ប៉ុណ្ណោះ។ ដូច្នេះ​គេ​នឹង​ប្រើ​គួបផ្សំ ​ជាមួយ​នឹង​ប្រព័ន្ធ​មួយ​ទៀត​ ឈ្មោះ​GMD (Ground-based Defense Midcourse)

បើទោះ​បី​ជា​ការ​សាកល្បង​ប្រើ​ខែល​មីស៊ីល​របស់​អាមេរិក​​ នៅ​អាឡាស្កា ​មិន​ត្រូវ​បាន​បញ្ជាក់​ពី​មូលហេតុ​ក៏ដោយ ​ តែ​គេ​អាច​ស្មាន​ដឹង​យ៉ាង​ច្បាស់​ថា​ វា​​ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង ​ការ​គំរាម​ប្រើ​មីស៊ីល​បាលីស្ទ៊ីក ​របស់​កូរ៉េ​ខាងជើង​ដែរ។ កាល​ពី​ថ្ងៃ​អង្គារ ​​ទី​៤​កក្កដា ​របប​ផ្តាច់ការ​នេះ ​ទើប​បាន​សាកល្បង​បាន​សម្រេច ​នូវ​ការ​បាញ់​បង្ហោះ​ មីស៊ីល​បាលីស្ទីក​អន្តរទ្វីប ​ដែល​អាច​ហោះ​ទៅ​ដល់​ដី​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI