ថៃ

លោក អាភិស៊ីត បង្ហាញ​ផែនការ​ថ្មី​នៅ​សភា

លោក អាភិស៊ីត នៅ​សភា​ថៃ ថ្ងៃ​ទី ៣ ឧសភា ២០១០
លោក អាភិស៊ីត នៅ​សភា​ថៃ ថ្ងៃ​ទី ៣ ឧសភា ២០១០ ©Reuters

បាតុករ​អាវ​ក្រហម​មិនចាញ់​ច្រាប និង​គ្មាន​បង្ហាញ​ពី​ភាព​ភ័យ​​​រអា​អ្វី​សោះ​​ នៅ​ចំពោះ​មុខ​​​ការ​គំរាម​របស់​រដ្ឋាភិបាល​ ដែល​ចង់​គាស់​រម្លើង​ និង​កម្ចាត់​ពួក​គេ​ឲ្យ​ចេញ​ផុត​ពី​សង្កាត់​ពាណិជ្ជកម្ម ក្នុង​ក្រុង​បាងកក ដោយ​ប្រើ​កម្លាំង​យោធា។ ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា​ នៅ​ចំពោះ​មុខ​សភា ​នៅ​ថ្ងៃច័ន្ទ​នេះ លោក​អាភិស៊ីត បាន​បង្ហើប​បង្ហាញ​ពី​ផែនការ​ថ្មី​ សម្រាប់ដំណើរ​ការ​ដោះ​​​ស្រាយ​វិបត្តិ​​នយោបាយ​។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​​រាយការណ៍​របស់ អៀង សុខម៉ិញ

“ខ្ញុំ​នឹង​បង្ហាញ​ពី​សចក្តី​សម្រេច​ចិត្ត ឬ ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ដោះ​ស្រាយ​វិបត្តិ !” នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាភិស៊ីត នៅ​ចំពោះ​មុខ​សភា​ថៃ នៅ​ព្រឹក​មិញ ដោយ​អះអាង​ទៀត​​ថា “ដើម្បី​រក​ឃើញ​ដំណោះ​ស្រាយ​នយោបាយ​មួយ យើង​ត្រូវ​ស្តាប់​ (គ្រប់​គ្នា​ទាំង​គ្នា​ទាំង​អស់) ទាំង​រដ្ឋាភិបាល ទាំង​ពិភព​អ្នក​នយោបាយ ទាំង​បាតុករប្រឆាំង និង​បាតុករ​គាំទ្រ !”

 
ជា​ថ្មី​ម្តង​ទៀត នៅ​ចំពោះ​មុខ​សភា​ លោក​អាភិស៊ីត នៅ​តែ​បង្ហាញ​ពី​​ភាព​ដាច់​ខាត​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រើ​កម្លាំង​យោធា​ ដើម្បី​កម្ចាត់​បាតុករ​អាវ​ក្រហម ដូច​អ្វី​ដែល​លោក​ បាន​ព្រមាន កាលពី​ម្សិលមិញ​ថា ពួក​អាវ​ក្រហម​អាច​នឹង​ត្រូវ​ទទួល​រង​នូវ​បង្ក្រាប​ និង​ការ​បាត់បង់​ជីវិត ប្រសិន​បើ​ពួក​​គេ​មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​សង្កាត់​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ក្រុង​បាងកក​ទេ។ យុទ្ធនាការ​លើក​នេះ នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​កង​កម្លាំង​រថក្រោះ​ និ​ង​រថ​ពាស​ដែក​​ទៀត​ផង។

កាលបរិច្ឆេទ នៃ​ការ​អនុវត្តន៍​ផែនការ​ថ្មី​ ដើម្បី​​​សន្តិភាព​និង​ស្ថិរភាព​ដល់​បណ្តា​ជន​ថៃ​ទូទៅ របស់​លោក​អាភិស៊ីត ​ មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​នៅ​ឡើយ​ទេ។ រីឯ​លោក​ស៊ូថេប ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​សន្តិសុខ​ជាតិ បានបដិសេធ​មិន​ព្រម​បញ្ជាក់​ពី​វត្តមានរបស់​លោក​ មុន​ពេល​ និង​ក្រោយ​ពេល​ ធ្វើ​យុទ្ធនាការ​​ដណ្តើម​យក​សង្កាត់​ពាណិជ្ជកម្ម​ពី​ពួក​អាវ​ក្រហម​វិញ​ដែរ។
 

ពួក​អាវ​ក្រហម​ប្រើ​កង់​ឡាន និង​ដំបង​ឫស្សី​​ព័ទ្ធ​ជំ​រំ សម្រាប់​ងាយ​ទប់​ទល់​ជាមួយ​កងទ័ព
ពួក​អាវ​ក្រហម​ប្រើ​កង់​ឡាន និង​ដំបង​ឫស្សី​​ព័ទ្ធ​ជំ​រំ សម្រាប់​ងាយ​ទប់​ទល់​ជាមួយ​កងទ័ព © Reuters

តែ​ទន្ទឹម​នឹង​គ្នា​នេះ លោក​អាភិស៊ីត ក៏​​​បានបង្ហាញ​ពី​ចេតនា​ចង់​ដោះ​ស្រាយ​វិបត្តិ​តាម​ផ្លូវ​ចរចា​ជា​និច្ច។ អាជ្ញាធរ​គ្រោង​នឹង​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដែ ទៅ​កាន់​បាតុករ​ម្នាក់ៗ​ ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​ទីក្រុង​បាងកក ហើយ​ត្រឡប់​ទៅ​កាន់​ភូមិដ្ឋាន​វិញ។

ចំណែក​​នៅ​ខាង​ក្រៅ​សភា​វិញ ចលនា​​ប្រឆាំង មិន​បាន​បង្ហាញ​ពី​រំជើប​រំជួល និង​ភ័យ​ខ្លាច​អ្វី​សោះ។ ​ពួក​​បាតុករ​អាវ​ក្រហម​​នៅ​តែ​បន្ត​ប្រមូល​ផ្តុំ​គ្នា​​នៅ​ទីតាំង​ខ្លួន ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ Ratchaprasong និង​ស្រែក​ទាមទារ​ឲ្យ​រំលាយ​សភា និង​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​កាល​កំណត់​ដដែល។

អ្នក​ទទួល​ខុស​ត្រូវ​យោធា ជា​ច្រើន​រូប រួម​ទាំង​លោកឧត្តមសេនីយ៍ អនុពង្ស​ ប៉ោចិន្តា ដែល​ជា​អគ្គមេបញ្ជាការ​កងទ័ព​ថៃ​ផង បាន​សម្តែង​ក្តី​រារែក និង​អល់​អែល​ យ៉ាង​ខ្លាំង​ក្នុ​ង​ការ​ប្រើ​ប្រាស់​កម្លាំង​ទាហាន​ ដើម្បី​កម្ចាត់​ពួក​បាតុករ ព្រោះ​ពួក​គេ​មិន​ចង់​ប្រែ​ក្លាយ​បាងកក ទៅ​ជា​សមរភូមិ និង​មិន​ចង់​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា​ទៀត​​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI