កូរ៉េ​ខាងជើង

លោក​Kim jong-il​ ជួប​លោក​Hu Jintao​នៅ​ទីក្រុង​ប៉េកាំង​

ប្រមុខដឹកនាំកូរ៉េខាងជើង Kim jong-il
ប្រមុខដឹកនាំកូរ៉េខាងជើង Kim jong-il © Reuters)

ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាងជើង​Kim jong-il​បាន​អញ្ជើញ​មក​ដល់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ដើម្បី​ធ្វើ​ទស្សនកិច្ច។​គឺ​ជា​ទស្សនកិច្ច​ដ៏​កម្រ​មាន​របស់​លោក​Kim jong-il​នៅ​បរទេស។​ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​Kim jong-il​នឹង​មាន​ជំនួប​ជា​មួយ​លោក​ប្រធានាធិបតី​ចិន​Hu Jintao​នៅ​ទីក្រុង​ប៉េកាំង។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក​ សារិន

ទស្សនកិច្ច​របស់​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាងជើង​Kim jong-il​នៅ​ប្រទេស​ចិន​នេះ​ធ្លាក់​ចំពេល​ដែល​ភាព​តានតឹង​បាន​កើត​មាន​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង​និង​កូរ៉េ​ខាងត្បូង​ ក្រោយពី​មាន​នាវា​ចម្បាំង​កូរ៉េ​ខាងត្បូង​បាន​ត្រូវ​លិច​នៅ​ចុង​ខែ​មីនា​កន្លង​ទៅ​នៅ​ក្បែរ​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ។

 
ជាផ្លូវការ​ កូរ៉េ​ខាងជើង​ពុំ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​លិច​នាវា​ចម្បាំង​កូរ៉េ​ខាងត្បូង​ឡើយ។​ ក៏​ប៉ុន្តែ​រដ្ឋ​​​​​​មន្ត្រី​​​​​កូរ៉េ​​ខាង​ត្បូង​ម្នាក់​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​បាន​ត្រូវ​គ្រាប់បែក​បុក​ទម្លាយ។

លោក​Kim jong-il​បានចាកចេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ពីទីក្រុងចិន​Dalien ដោយ​រថយន្ត​ ហើយ​ត្រូវ​ជិះ​រថភ្លើង​ពិសេស​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ មុន​នឹង​ត្រូវ​មាន​ជំនួប​ជា​មួយ​លោក​ប្រធានាធិបតី​ចិន​Hu Jintao​នៅ​ថ្ងៃ​ពុធ​ស្អែក។​ បើ​យោងតាម​ទី​ភ្នាក់ងារ​Yonhap លោក​Kim jong-il​ត្រូវ​ត្រឡប់​ទៅ​កូរ៉េ​ខាងជើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ដូច្នេះ​ ប្រទេស​ចិន​ច្បាស់​ជា​ឆ្លៀត​ឱកាស​នេះ​នឹង​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​មក​ចូល​រួម​តុចរចា​៦ភាគី​ដែល​ក្នុង​នោះ​មាន​ប្រទេស​កូរ៉េ​ទាំងពីរ​ សហរដ្ឋ​អាមេរិក​ ប្រទេស​រុស្ស៊ី​ ប្រទេស​ជប៉ុន​ និង​ប្រទេស​ចិន។​ កិច្ចចរចា​៦ភាគី​ដែល​បាន​ត្រូវ​ព្យួរ​ផ្អាក​តាំងពី​ខែ​មេសា​ឆ្នាំ​២០០៩៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI