ថៃ​ផ្តើម​រក​ឃើញ​ច្រក​ចេញ​ពី​វិបត្តិ​នយោបាយ

សំឡេង ០៤:២៨
ថៃ​ផ្តើម​រក​ឃើញ​ច្រក​ចេញ​ពី​វិបត្តិ​នយោបាយ
ថៃ​ផ្តើម​រក​ឃើញ​ច្រក​ចេញ​ពី​វិបត្តិ​នយោបាយ ©reuters

ក្តី​សង្ឃឹម​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ថៃ​ដោយ ​សន្តិវិធី បាន​ផ្តើម​លេច​ចេញ​ជា​រូបរាង តាំង​ពី​ដើម​សប្តាហ៍​នេះ​មក ក្រោយ​ពី​នាយករដ្ឋមន្ត្រី​អាភីស៊ីត​បាន​បង្ហាញ​ផែនទី​ចង្អុល​​ផ្លូវ​របស់​ខ្លួន។ គឺ​ជា​សម្បទាន​នយោបាយ​មួយ ដែល​ពួក​អាវ​ក្រហម​ចាំបាច់​ត្រូវ​តែ​ទទួល​យក។ យ៉ាង​ណា​ក៏​ដោយ ទម្រាំ​ទៅ​ដល់​ដំណោះស្រាយ​មួយ​ជា​ស្ថាពរ ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ​ណាស់។

ផ្សាយពាណិជ្ជកម្ម

ឥឡូវ​នេះ បាល់​ដែល​ត្រូវ​លេង ឋិត​នៅ​ក្រោម​ជើង​របស់​ពួក​អាវក្រហម​ម្តង​វិញ​ហើយ ក្រោយ​ពី​នាយករដ្ឋមន្ត្រី​អាភីស៊ីត​បាន​បង្ហាញ​ផែនទី​ចង្អុលផ្លូវ​មួយ ដើម្បី​ឲ្យ​ប្រជាជាតិ​ថៃ​ចេញ​រួច​ពី​វិបត្តិ​នយោបាយ ដោយ​សន្តិវិធី។

 ជា​គោលការណ៍ ពួក​អាវ​ក្រហម​យល់​ព្រម​ទទួល​ផែនទី​ចង្អុលផ្លូវ​នេះ​ហើយ បើ​មិន​ទទួល​វា​ក៏​មិន​កើត​ដែរ ដោយសារ​ថា ចំណុច​សំខាន់ៗ​នៃ​ដំណោះស្រាយ​របស់​អាភីស៊ីត​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ពួក​គេ ក្នុង​នោះ រួម​មាន​ជាអាទិ៍ ការ​សម្រេច​រៀបចំ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ទី​១៤​វិច្ឆិកា​ខាង​មុខ ក្រោយ​ពី​ធ្វើ​កំណែទម្រង់​ទៅ​លើ​រដ្ឋធម្មនុញ្ញ​រួច។ មិន​តែ​ប៉ុណ្ណោះ អាភីស៊ីត​ថែម​ទាំង​បាន​សន្យា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ រដ្ឋាភិបាល​ថៃ​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​យុត្តិធម៌​សង្គម និង​ចាត់ចែង​បង្កើត​គណកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើបអង្កេត ទៅ​លើ​អំពើហិង្សា​ថ្ងៃ​ទី​១០​មេសា ដែល​កាល​ណោះ បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​២៥​នាក់ និង​របួស​៨០០​នាក់។

ពួក​អាវ​ក្រហម​យល់​ព្រម​ទទួល​ផែនទី​ចង្អុលផ្លូវ​របស់​អាភីស៊ីត ក៏​ដោយសារ​តែ​សម្រាប់​ពួក​គេ ឯកសារ​នេះ​អាច​ជា​ច្រក​ចេញ​មួយ​ពី​ស្ថានភាព​ទ័លច្រក ដោយ​មិន​ធ្វើ​ឲ្យ​ពួក​គេ​ចាញ់​បាក់​មុខ។ គួរ​និយាយ​ថា ចំនួន​ពួក​បាតុករ​អាវ​ក្រហម​បាន​និង​កំពុង​បន្ត​ថយ​ចុះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដើម​ឡើយ ពួក​គេ​មាន​គ្នីគ្នា​១០០ ០០០នាក់ ឥឡូវ​នៅ​សល់ ប្រហែល​១ ០០០០​នាក់​ប៉ុណ្ណោះ។ ពួក​អាវ​ក្រហម​ភាគ​ច្រើន​បាន​វិល​ត្រឡប់​ទៅ​ស្រុក​ស្រែ​វិញ ដោយ​ពេល​នេះ​ជា​រដូវ​សាបព្រោះ ឬ​ក៏​បាន​រត់​ចោល​ជួរ ដ្បិត​ភ័យ​ខ្លាច​មាន​ការ​វាយ​បង្ក្រាប​ពី​សំណាក់​កងទ័ព។

សម្រាប់​រដ្ឋាភិបាល​អាភិស៊ីត​វិញ ផែនទី​ចង្អុលផ្លូវ​នេះ​ក៏​អាច​ជា​ច្រក​ចេញ​មួយ ដោយ​មិន​ធ្វើ​ឲ្យ​ខ្លួន​ចាញ់​បាក់​មុខ​ដូច​គ្នា។ គួរ​រំឭក​ថា រដ្ឋាបាល​អាភិស៊ីត​ដែល​ត្រូវ​ពួក​អាវ​លឿង​បង្ខំ​ឲ្យ​បណ្តេញ​ពួក​អាវក្រហម​ចេញ​ពី​ទីក្រុង​បាងកក បាន​គំរាម​ជា​ច្រើន​ដង ថា​នឹង​វាយ​បំបែក​ជំរំ​ពួក​អាវ​ក្រហម​នៅ​សង្កាត់​Ratchaprasong។ តែ​សម្រេចសម្រួច​ទៅ គ្មាន​ឡើយ​ទង្វើ។ នេះ​ប្រហែល​មក​ពី​កងទ័ព​មិន​ព្រម ឬ​ក៏​ប្រហែល​មក​ពី​រដ្ឋាភិបាល​ខ្លួន​ឯង​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​បង្ហូរ​ឈាម​ជា​យថាហេតុ។ នៅ​ក្នុង​បរិបទ​បែប​នេះ អាភិស៊ីត​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​តុបតែង​ផែនទី​ចង្អុល​ផ្លូវ​នេះ​ឡើង​តែ​ប៉ុណ្ណោះ។

ផែនទី​ចង្អុលផ្លូវ​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ។ ក្តី​សង្ឃឹម​ក្នុង​ការ​បញ្ចៀស​សង្គ្រាម​ស៊ីវិល និង​ក្តី​សង្ឃឹម​ក្នុង​ការ​ផ្សះផ្សា​ជាតិ។ គឺ​នៅ​ក្នុង​បរិយាកាស​ប្រកប​ដោយ​សុទ្ឋិនិយម​នេះ​​ហើយ ដែល​ព្រះចៅ​ភូមីបុល​បាន​បង្ហាញ​ព្រះភក្ត្រ​ជា​ថ្មី​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃ​នេះ នា​ឱកាស​ខួប​គម្រប់​៦០​ឆ្នាំ​នៃ​ការ​ឡើង​សោយរាជ្យ​របស់​ទ្រង់។

សម្បទាន​ដ៏​សំខាន់​នេះ​របស់​អាភីស៊ីត និង​ការ​ផ្តើម​បន្ទន់​ឥរិយាបថ​ពី​សំណាក់​​ពួក​មេដឹកនាំ​អាវ​ក្រហម ស្តែង​ឲ្យ​ឃើញ​នូវ​ភាព​ចាស់ទុំ​ផ្នែក​ចិត្ត​គំនិត​របស់​ថ្នាក់​ដឹក​នាំ​ថៃ ដែល​គេ​មិន​ត្រូវ​មើល​ស្រាល​ទេ។ ចូរ​កុំ​ភ្លេច​ថា ថៃ​ជា​ប្រទេស​ដ៏​កម្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​មិន​បាន​ឋិត​នៅ​ក្រោម​នឹម​អាណានិគម​របស់​ប្រទេស​អឺរ៉ុប​ណា​មួយ​ឡើយ។ ចូរ​កុំ​ភ្លេច​ថា ប្រទេស​នេះ​មិន​ដែល​ស្គាល់​សង្គ្រាម​ម្តង​ណា​ឡើយ នា​រយៈ​ពេល​ជាង​មួយ​រយ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ចូរ​កុំ​ភ្លេច​ទៀត​ថា នា​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ រដ្ឋប្រហារ​បាន​កើត​ឡើង​បន្ត​បន្ទាប់​គ្នា​មែន តែ​មិន​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ខ្លាំង​ទេ។ ហើយ​នៅ​ក្នុង​ជម្លោះ​បច្ចុប្បន្ន​នេះ​ទៀត​សោត​រវាង​រដ្ឋាភិបាល​អាភីស៊ីត​និង​ពួក​អាវក្រហម ស្ថានភាព​ក៏​មិន​ដែល​ផ្លាត​ជ្រុល​ហួស​ហេតុ រហូត​ដល់​ទៅ​វិល​ក្រោយ​វិញ​មិន​រួច​នោះ​ឡើយ។

យ៉ាងណាមិញ ក្តី​សង្ឃឹម​នេះ ក្តី​សង្ឃឹម​ក្នុង​ការ​ផ្តើម​ចេញ​រួច​ពី​ភាព​ទ័លច្រក មិនមែន​បាន​ន័យ​ថា ប្រជាជាតិ​ថៃ​អាច​នឹង​ដោះស្រាយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​បាន​នៅ​ឡើយ​ទេ។ ម្យ៉ាង ពួក​អាវ​ក្រហម​នៅ​តែ​មិន​ព្រម​បំបែក​ជួរ។ ម្យ៉ាង​ទៀត នៅ​ថ្ងៃ​នេះ ពួក​គេ​បន្ត​ផ្ចាញ់ផ្ចាល​រដ្ឋាភិបាល​ត​ទៅ​ទៀត ដោយ​បាន​ទាមទារ​ឲ្យ​អាភិស៊ីត​ប្រកាស​ថ្ងៃ​រំលាយ​សភា និង​ដក​កងកម្លាំង​រក្សា​សន្តិសុខ​ចេញ​ពី​សង្កាត់​Ratchaprasong និង​Silom។

និយាយ​រួម ពួក​អាវ​ក្រហមនៅ​ខ្លាច​ចាញ់​បោក​រដ្ឋាភិបាល​អាភីស៊ីត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI