ភូមា

គណបក្ស​ប្រឆំាង ចៀស​មិន​រួច​ពី​ការ​រលាយ​ខ្លួន

​លោកស្រី អ៊ុង សាន​ស៊ូ​ជី ប្រធានគណបក្ស​​សម្ព័ន្ធជាតិ​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ
​លោកស្រី អ៊ុង សាន​ស៊ូ​ជី ប្រធានគណបក្ស​​សម្ព័ន្ធជាតិ​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ ©Reuters

គណបក្ស​ប្រឆំាង​សំខាន់​ជាង​គេ​នៅ​ក្នុង​ ប្រទេស​ភូមា គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី នឹង​ត្រូវ​រលាយ​នៅ​រាត្រី​ថ្ងៃ​ទី ៦ ឧសភា។ តុលាការ​កំពូល​បាន​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​មួយ​នេះ ដែល​បាន​ប្តឹង​ប្រឆំាង​នឹង​ច្បាប់​បោះឆ្នោត​របស់​របប​សឹក។ យោង​តាម​ច្បាប់​បោះឆ្នោត​ថ្មី បើ​គណបក្ស​ប្រឆំាង​ចង់​ចូល​រួម​បោះឆ្នោត​នា​ដំណាច់​ឆ្នំា​នេះ គណបក្ស​ចំា​បាច់​ត្រូវ​តែ​បណ្តេញ​ប្រមុខ​របស់​ខ្លួន គឺ​លោកស្រី អ៊ុង សាន​ស៊ូ​ជី ចេញ​ពី​បក្ស​ជា​មុន​សិន។ តែ​បញ្ហា​នៅ​ត្រង់​ថា គណបក្ស​មិន​បាន​បណ្តេញ​ប្រមុខ​របស់​ខ្លួន​ទេ និង​បាន​សម្រេច​មិន​ចូល​រួម​បោះឆ្នោត។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ គួច គន្ធារ៉ា

បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៧ កញ្ញា ឆ្នំា ១៩៨៨ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី នឹង​ត្រូវ​ចូល​មរណភាព​ជា​ផ្លូវការ​នៅ​រាត្រី​ថ្ងៃ​ទី ៦ ឧសភា ឆ្នំា ២០១០ ដោយ​ចៀស​មិន​រួច។ ការ​ចូល​មរណភាព ក្រោយ​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​សម្រេច​មិន​ចូល​រួម​បោះឆ្នោត និង​ក្រោយ​ពី​តុលាការ​កំពូល​បាន​ច្រាន​ចោល​បណ្តឹង​របស់​បក្ស​មួយ​នេះ ដែល​បាន​ប្តឹង​​ប្រឆំាង​នឹង​ច្បាប់​បោះឆ្នោត​ថ្មី​របស់​របប​ផ្តាច់​ការ​យោធា​ភូមា។ ច្បាប់​បោះឆ្នោត​ថ្មី​ដែល​បាន​ចែង​យ៉ាង​ច្បាស់​ថា គណបក្ស​មួយ​អាច​នឹង​ចូល​រួម​បោះឆ្នោត​បាន លុះ​ត្រា​ណា​តែ​គ្មាន​សមាជិក​ណា​ម្នាក់​កំពុង​មាន​ទោស និយាយ​បែប​ម្យ៉ាង​ទៀត បើ​គណបក្ស​ណា​មួយ​ចង់​ចូល​រួម​បោះឆ្នោត គណបក្ស​នោះ​ត្រូវ​តែ​បណ្តេញ​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ទោស​នោះ​ចេញ​ជា​មុន​សិន។
 

ប្រមុខ​របបសឹក​ភូមា លោក​ឧត្តមសេនីយ៍ Than Shwe
ប្រមុខ​របបសឹក​ភូមា លោក​ឧត្តមសេនីយ៍ Than Shwe ©Reuters

ក្នុង​ករណី​នេះ គឺ​ទាក់​ទង​នឹង​រូប​លោកស្រី អ៊ុង សាន​ស៊ូ​ជី ដែល​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ លោកស្រី អ៊ុង សាន​ស៊ូ​ជី ដែល​កំពុង​បន្ត​ជាប់​ឃុំ​នៅ​ក្នុង​គេហដ្ឋាន ក្រោយ​ពី​តុលាការ​កាត់​ទោស​ឃុំ​ក្នុង​គេហដ្ឋាន​ចំនួន ១៨​ខែ​កាល​ពី​ខែ​សីហា ឆ្នំា ២០០៩ ពី​បទ​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​អាមេរិកំាង​ម្នាក់​ចូល​ជួប។ តែ​ទី​បំផុត​ទៅ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​សម្រេច​មិន​បណ្តេញ​លោកស្រី អ៊ុង សាន​ស៊ូ​ជី ចេញ​ពី​បក្ស​ទេ ដោយ​សុខ​ចិត្ត​មិន​ចូល​រួម​បោះឆ្នោត។

ដូច្នេះ​ចាប់​ពី​រាត្រី​ថ្ងៃ​ទី ៦ ឧសភា ឆ្នំា ២០១០ នេះ​ទៅ ជា​មរណភាព​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆំាង​ដ៏​សំខាន់​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​ភូមា។ ក្រោម​ភ្នែក​ច្រមុះ​របស់​របប​សឹក វត្តមាន​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ជាង ២០​ឆ្នំា​កន្លង​ទៅ​នេះ មិន​ខុស​អ្វី ពី​ឆ្អឹង​ទទឹង​ក​នោះ​ទេ។ តែ​សម្រាប់​ប្រទេស និង​ប្រជាជន​ភូមា​ជា​ទូទៅ​វិញ គឺ​ជា​ការ​បាត់បង់​និមិត្តរូប​នៃ​ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI