Aquino ​ឈ្នះឆ្នោត​ប្រធានាធិបតី​

សំឡេង ០៤:០៦
លោក​ Benigno "NoyNoy" Aquino (C), បេក្ខជន​​ដែលមាន​​ភ័ព្វវាសនា​​ក្លាយជា​​ប្រធានាធិបតី​នៃ​ប្រទេស Philippines,
លោក​ Benigno "NoyNoy" Aquino (C), បេក្ខជន​​ដែលមាន​​ភ័ព្វវាសនា​​ក្លាយជា​​ប្រធានាធិបតី​នៃ​ប្រទេស Philippines, ©Photo: Erik de Castro/ Reuters

លោក​Benigno Noynoy Aquino នឹង​ច្បាស់​ជា​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ថ្មី នៃ​ប្រទេស​ហ្វីល្លីពីន្វ។​ ក្រោយ​ពី​បាន​រាប់​ឆ្នោត​អស់​៨០​ភាគ​រយ​រួច​មក កូនប្រុស​លោក​ស្រី​អតីត​ប្រមុខរដ្ឋ​Cory Aquino ​ទទួលបានសម្លេង៤០​ភាគ​រយ ទល់​នឹង​២៥,៤​ភាគ​រយ​តែ​ប៉ុណ្ណោះ​សម្រាប់​បេក្ខជន​ជាប់​លេខ​ពីរ នោះ​គឺ​លោក Estrada។ ក៏ប៉ុន្តែ គេ​ចាប់​ផ្តើម​និយាយ​ថា លោក​អនាគត​ប្រធានាធិបតី​ខ្វះ​សម្ថភាព ដើម្បី​ដោះស្រាយ​បញ្ហា​អំពើ​ពុក​រលួយ ដែល​ខ្លួន​បាន​​​សន្យា​ថា​នឹង​កំចាត់។

ផ្សាយពាណិជ្ជកម្ម

លោក​Noynoy Aquino មិនមែន​ចេញ​មក​ពី​ត្រកូល​គ្រួសារ​ធម្មតា​ទេ។ នៅ​ហ្វីល្លីពីន​ពលរដ្ឋ​គ្រប់​រូប​ស្គាល់​ឈ្មោះ​Aquino ដែល​សឹងថាល្បីដូចឈ្មោះ​Kennedy នៅ​សហរដ្ឋ​អាមេរិក​ដែរ។ លោក Noynoy Aquino ជា​កូន​ប្រុស​របស់​លោក​ស្រី​Cory Aquino ដែល​ជា​អតីត​ប្រធានាធិបតី​ហ្វីល្លីពីន្វ​និង​ដែល​ទើប​តែ​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ឆ្នាំ​ទៅ​មិញ។ រីឯ​ឪពុក​របស់​លោក​Noynoy Aquino គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​លោក Benigno Aquino មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដ៏​ល្បីល្បាញ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត នៅ​ឆ្នាំ​១៩៨៣។ ​ម្ល៉ោះ​ហើយ Noynoy Aquino ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ក៏​ដោយសារ​តែ​កេរ្តិ៍​ឈ្មោះ​របស់​ត្រកូល​Aquino ដែរ។

គួរ​និយាយ​ថា ដើម​ដំបូង លោក​Noynoy Aquino គ្មាន​បំណង​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ទេ។ ទើប​តែ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​សោះ ស្រាប់​តែ​មរណភាព​របស់​ម្តាយ​គាត់ គឺ​លោក​ស្រី​អតីត​ប្រធានាធិបតីCory Aquino បាន​ធ្វើ​ឲ្យ​ប្រជាជន​នឹក​ឃើញ​ទៅ​ដល់​ត្រកូល​Aquino ដែល​មាន​ន័យ​សឹង​ស្មើ​នឹង​ពាក្យ​លទ្ធិ​ប្រជាធិបតេយ្យ។ អ៊ីចឹង​ហើយ បាន​ជា​ក្រោយ​មក លោក​Noynoy Aquino បាន​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដោយ​លោក​បាន​ថ្លែង​ជា​អាទិ៍​ថា «ខ្ញុំ​បាន​ឮ​ហើយ ការ​ស្រែក​ដង្ហោយ​ហៅ​របស់​ប្រជាជាតិ»។

យ៉ាង​ណា​មិញ គេ​ក៏​ត្រូវ​ទទួល​ស្គាល់​គុណ​សម្បត្តិ​នយោបាយ​របស់​លោក​Noynoy Aquino ខ្លះ​ដែរ។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត លោក​Noynoy Aquino បាន​និយាយ​តែ​ពី​អ្វី​ដែល​ប្រជាពលរដ្ឋ​ហ្វីល្លីពីន្វ​ចង់​ស្តាប់​និង​ចង់​ឮ នោះ​គឺ​អំពើ​ពុករលួយ និង​វិធានការ​ដើម្បី​កំចាត់​ដំបៅ​សង្គម​នេះ ដែល​ស៊ីរូង​ប្រទេស​ជាតិ​កាន់​តែ​ខ្លាំង​ឡើងៗ ជា​ពិសេស​នា​រយៈ​ពេល​៩​ឆ្នាំ​ចុង​ក្រោយ​នេះ នៃ​ការ​គ្រប់គ្រង​រដ្ឋ​របស់​ លោកស្រី​Gloria Arroyo។

តើ​លោក​Noynoy Aquino មាន​សម្ថភាព​គ្រប់គ្រាន់​ឬ​ទេ?

នេះ​ហើយ​ជា​សំណួរ​ដែល​ក្រុម​អ្នក​សង្កេតការណ៍​កំពុង​លើក​ឡើង ដោយហេតុថា នា​រយៈ​ពេល​១២​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​Noynoy Aquino គ្មាន​ដែល​មាន​តំណែង​នយោបាយ​អ្វី​ក្រៅ​តែ​ពី​តំណាងរាស្រ្ត​និង​សមាជិក​ព្រឹទ្ធសភា។ មិន​តែ​ប៉ុណ្ណោះ បុរស​អាយុ​៥០​ឆ្នាំ​រូប​នេះ មិន​ដែល​ផ្តួចផ្តើម​តុបតែង​បាន​ច្បាប់​ណា​មួយ​សោះ​ឡើយ។

នៅ​ខាង​ក្រៅ​សភាជាតិ​វិញ Noynoy Aquino មិនដែលធ្លាប់​បាន​ធ្វើ​ការ​នៅ​ទីណា​ផ្សេង​ក្រៅ​តែ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គ្រួសារ​ឬ​របស់​មិត្តភក្តិ​តែ​ប៉ុណ្ណោះ។ និយាយ​បែប​ផ្សេង លោក​Noynoy Aquino ក៏​មិន​សូវ​ខុស​ពី​ប្រធានាធិបតី​មុនៗ​ដែរ នឹង​ប្រហែល​ជា​គេច​មិន​ផុត​ឡើយ​ពី​បាតុភាព​បក្សពួក​និយម និង​គ្រួសារ​និយម។ មូលហេតុ គឺ​មក​អំពី​នៅ​ហ្វីល្លីពីន្វ អំណាច​នយោបាយ ក៏​ដូច​អំណាច​សេដ្ឋកិច្ច សុទ្ធ​តែ​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​គ្រួសារ​អ្នក​មាន​និង​អ្នក​មាន​ឈ្មោះ​ល្បីល្បាញ​មួយ​ក្រុម​ដដែល​ជា​ដដែល ទោះបី​ជា​ប្រទេស​នេះ​បាន​ឆ្លង​ចេញ​ផុត​ពី​សករាជ​អំណាច​ផ្តាច់ការ​របស់ Marcos តាំង​ពី​ឆ្នាំ​១៩៨៦​ក៏​ដោយ។

ម្ល៉ោះហើយ ក្រុម​អ្នក​ជំនួញ​ដែល​ជា​មិត្តភក្តិ​របស់​លោក​Noynoy Aquino ឬ​ដែល​ជាប់​សែស្រឡាយ​ជិត​ឬ​ឆ្ងាយ​ជាមួយ​ត្រកូល​Aquino នឹង​ច្បាស់​ជា​មក​អូសទាញ​លោក​ប្រធានាធិបតី​ថ្មី​ឲ្យ​អនុវត្ត​នយោបាយ​ណា ដែល​អាច​ជួយ​បង្កើន​ផលប្រយោជន៍​និង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ។ នេះ​ហើយ​ជា​ប្រភព​នៃ​អំពើ​ពុករលួយ និង​ជា​ប្រភព​សំខាន់​ជាង​គេ​នៃ​ភាព​ផុយស្រួយ​របស់​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​ហ្វីល្លីពីន្វ​សព្វ​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI