ថៃ

កងទ័ព​ត្រៀម​វាយ​បំបែក​ជំរំ​ពួក​បាតុករ ?

កងទ័ព​ត្រៀម​វាយ​បំបែក​ជំរំ​ពួក​បាតុករ ?
កងទ័ព​ត្រៀម​វាយ​បំបែក​ជំរំ​ពួក​បាតុករ ? ©RFI / Arnaud Dubus

ថ្ងៃ​នេះ​ឈាន​ចូល​ថ្ងៃ​ទី ៤​ហើយ ដែល​កំលំាង​ទ័ព និង​ពួក​អាវក្រហម​កំពុង​បន្ត​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហឹង្សា​នៅ​ចំ​កណ្តាល ​ទីក្រុង​បាងកក។ អំពើ​ហិង្សា​នា​រយៈពេល ៣​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ៣៧នាក់ និង​របួស​ប្រមាណ ២៧៧នាក់​ផ្សេង​ទៀត។ ឱសានវាទ​ដែល​កងទ័ព​បាន​ ដាក់​ឲ្យ​ពួក​អាវក្រហម​ចាក​ចេញ​ពី​ជំរំ​ឲ្យ​បាន ​មុន​ម៉ោង​៣​រសៀល ម៉ោង​ ក្នុង​ស្រុក​បាន​ កន្លង​ផុត​ហើយ។ ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា កងទ័ព​អាច​នឹង​បើក​ការ​វាយប្រហារ​នៅ​ពេល​ណា ម៉ោង​ណា​ក៏​បាន។

ផ្សាយពាណិជ្ជកម្ម

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

ឱសានវាទ​បាន​កន្លង​ហួស​ទៅ​ហើយ តែ​ការ​វាយប្រហារ​មិន​ទាន់​ចាប់​ផ្តើម​ទេ។ តំាង​ពី​មុន​ម៉ោង​ផុត​ឱសានវាទ ដ្ឋាភិបាល​បាន​សន្យា​ជួយ​សម្រួល​ដល់​ពួក​បាតុករ​ណា​ដែល​ស្ម័គ​ចិត្ត​ចាក​ចេញ​ពី​ជំរំ និង​រៀប​ចំ​មធ្យោបាយ​ដឹក​ជញ្ជូន​ពួក​គេ​ឲ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ ពិសេស ស្ត្រី និង​កូនក្មេង។ ជា​មួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​ព្រមាន​ទុក​ជា​មុន​រួច​ជា​ស្រេច​ថា អ្នក​ដែល​បន្ត​ក្រាញ​ននៀល​នៅ​ក្នុង​ជំរំ សុទ្ធ​សឹង​ជា​អ្នក​រំលោភ​បំពាន​ច្បាប់ និង​អាច​ទទួល​ទោស​ជាប់​គុក​ចំនួន ២​ឆ្នំា។

តាម​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​ប៉ុន្មាន​នាទី ក្រោយ​ឱសានវាទ​បញ្ចប់ មាន​បាតុករ​ប្រមាណ​ជា ៥​ពាន់​នាក់​ទៀត​កំពុង​បន្ត​ស្ថិត​ក្នុង​ជំរំ ដែល​ក្នុង​នោះ មាន​មនុស្ស​ចាស់ និង​កូន​ក្មេង​ប្រមាណ​ជា ៤០០នាក់ ត្រូវ​បាន​ពួក​អាវក្រហម​បញ្ជូន​ទៅ​ជ្រក​កោន​នៅ​​ក្នុង​វត្ត​មួយ​ដែល​ស្ថិត​ក្នុង​ជំរំ​របស់​ពួក​គេ។

សូម​ជម្រាប​ជូន​ថា បី​ថ្ងៃ​មក​ហើយ​ដែល​កំលំាង​ទាហាន​បាន​ឡោម​ព័ទ្ធ​ជំរំ​របស់​ពួក​អាវក្រហម ដោយ​បាន​បិទ​ច្រក​ចេញ ចូល ការ​កាត់​ផ្តាច់​ទឹក កាត់​ផ្តាច់​ចរន្ត​អគ្គិសនី និង​ហាម​មិន​ឲ្យ​មាន​ការ​នំា​ស្បៀង​អាហារ​ចូល​ក្នុង​ជំរំ​នោះ។

ឱសានវាទ​បាន​កន្លង​ផុត ដែល​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា កងទ័ព​អាច​នឹង​បើក​ការ​វាយប្រហារ​នៅ​ពេល​ណា​ក៏​បាន ម៉ោង​ណា​ក៏​បាន ដោយ​មិន​ចំា​បាច់​ប្រកាស​ដាក់​ឱសានវាទ​ជា​ថ្មី​ទៀត​ទេ។ អ្វី​ដែល​ទំាង​អស់​គ្នា​កំពុង​រង់​ចំា​មើល​ពេល​នេះ ថា​តើ​អាច​នឹង​មាន​អន្តរាគមន៍​ដូច​ការ​ព្រមាន​ទុក​ដែរ ឬ​ទេ និង​ថា​តើ​អ្វី​ទៅ​ជា​យុទ្ធសាស្រ្ត​របស់​កងទ័ព​ក្នុង​ការ​បំបែក​ជំរំ​ដែល​ស្ថិត​ចំ​កណ្តាល​ទីក្រុង។

 
មួយ​វិញ​ទៀត រដ្ឋាភិបាល​បាន​ប្រកាស​ភាព​អាសន្ន​ដាក់​ទៅ​លើ​ខេត្ត​ចំនួន ៥​ទៀត ស្ថិត​នៅ​ប៉ែក​ខាង​ជើង និង​ប៉ែក​ឦសាន​ប្រទេស ដែល​ជា​ដែន​ដី​របស់​អ្នក​គំាទ្រ​លោក​អតីត​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់។ ជា​រួម​ទៅ មាន​ផ្ទៃ​ប្រទេស​ចំនួន ១​ភាគ​បួន​ហើយ ដែល​កំពុង​ស្ថិត​ក្រោម​ភាព​អាសន្ន។

សង្រ្គាម​ស៊ីវិល ?

រហូត​មក​ដល់​ម៉ោង​នេះ ដំណោះស្រាយ​តាម​ផ្លូវ​ចរចា​ហាក់​ដូច​ជា​ស្តួច​ស្តើង​ទៅៗ។ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្រ្តី​អាប់ភីស៊ីត​បាន​ថ្លែង​យ៉ាង​ម៉ឹងម៉ាត់​ថា ទោះ​បី​ជា​ត្រូវ​ប្រើ​មធ្យោបាយ​អ្វី​ក៏​ដោយ ក៏​រដ្ឋាភិបាល​មិន​ដក​ថយ និង​មិន​ចុះ​ញ៉ម​នៅ​ចំពោះ​មុខ​ពួក​អាវក្រហម​ជា​ដាច់​ខាត។ ចំណែក​ឯ​ពួក​អាវក្រហម​វិញ ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ការ​តស៊ូ​រហូត​ដល់​ចុង​បញ្ចប់។ តែ​ជា​មួយ​គ្នា​នេះ ទ្វារ​ចរចា​ក៏​មិន​បាន​បិទ​ទំាង​ស្រុង​ទេ។ តែ​ដើម្បី​អាច​បន្ត​ការ​ចរចា​បាន លុះ​ត្រា​ណា​តែ​ភាគី​នីមួយៗ​យល់​ព្រម​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក។ តែ​មក​ដល់​ម៉ោង​នេះ ភាគី​នីមួយៗ​កំពុង​បន្ត​ទាមទារ និង​រក្សា​ជំហរ​តែ​រៀងៗ​ខ្លួន។

សូម​ជម្រាប​ជូន​ថា តំាង​ពី​វិបត្តិ​បាន​ផ្ទុះ​ដំបូង​នៅ​ពាក់​កណ្តាល​ខែ​មិនា​មក ការ​ចរចា​មាន​ជា​បន្ត​បន្ទាប់។ ចុង​ក្រោយ​គឺ​សំណើ​របស់​លោក​អាប់ភីស៊ីត ដែល​បាន​ស្នើ​ឡើង​នូវ​ផែនទី​ចង្អុល​ផ្លូវ​មួយ ដោយ​បាន​ដាក់​បញ្ចូល​នូវ​ការ​ទាមទារ​ចង់​បាន​របស់​ពួក​អាវ​ក្រហម​ទៀត​ផង នោះ​គឺ ការ​រំលាយ​សភា​នៅ​ខែ​សីហា ឬ​កញ្ញា និង​ការ​រៀប​ចំ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា។

តែ​បន្ទាប់​ពី​បាន​យល់​ព្រម​មក ពួក​អាវក្រហម​នៅ​តែ​មិន​ព្រម​បំបែក​ហ្វូង និង​ថែម​ទំាង​បាន​ទាមទារ​លក្ខខណ្ឌ​ថ្មីៗ​ទៀត។ កាល​ពី​ម្សិលម្ង៉ៃ និង​ម្សិលមិញ ពួក​អាវក្រហម​ថែម​ទំាង​បាន​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ និង​ពី​អង្គការ​សហប្រជាជាតិ។ ព្រះមហាក្សត្រ ព្រះចៅ​ភូមិបុល អាឌុលយ៉ាដេ មិន​ទាន់​មាន​បន្ទូល​អ្វី​ទំាង​អស់។ រីឯ​ខាង​រដ្ឋាភិបាល​វិញ បាន​ច្រាន​ចោល​គ្រប់​កិច្ច​អន្តរាគមន៍​របស់​បរទេស។

ឥឡូវ​នេះ ទំាង​អស់​គ្នា​កំពុង​បារម្ភ​ពី​ការ​ផ្ទុះ​ឡើង​នូវ​សង្រ្គាម​ស៊ីវិល។ បន្តិច​ម្តងៗ ភាព​វឹកវរ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ទីក្រុង​បាងកក​ពេល​នេះ បាន​នឹង​កំពុង​ក្លាយ​ទៅ​ជា​សង្រ្គាម​វាយ​ឆ្មក់ ឆ្លង​រាល​ដាល​នៅ​តាម​តំបន់​ផ្សេង​ទៀត​ជុំ​វិញ​ទីក្រុង។ នេះ​ជា​ក្តី​កង្វល់​របស់​រដ្ឋាភិបាល។ ព្រោះ​ថា បើ​អាច​ទប់​បាន រួច​ខ្លួន តែ​បើ​ទប់​មិន​បាន វា​នឹង​អាច​ផ្ទុះ​ឡើង​នៅ​ទូទំាង​ប្រទេស​តែ​ម្តង។

ហ្វូង​មហាជន​មក​គោរព​វិញ្ញណាក្ខន្ត​នាយ សែឌេង
ហ្វូង​មហាជន​មក​គោរព​វិញ្ញណាក្ខន្ត​នាយ សែឌេង © Reuters

លោក​ឧត្តមសេនីយ៍ សៃ ឌេង (Sed Daeng) ជា​នរណា​ដែរ ?

ដំណឹង​អាក្រក់​ចុង​ក្រោយ​សម្រាប់​ពួក​អាវ​ក្រហម គឺ​មរណៈភាព​របស់​លោក​ឧត្តមសេនីយ៍ សៃ ឌេង (Sed Daeng) នៅ​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ឧសភា ក្រោយ​ពី​លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​ចំ​កណ្តាល​ក្បាល​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ឧសភា។
សៃ ឌេង (Sed Daeng) គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ។ ឈ្មោះ​ពិត​ប្រាកដ​របស់​គាត់​គឺ ខាត់ទីយ៉ា សាវ៉ាឌីប៉ូល (Khattiya Sawasdipol)។

មាន​អាយុ ៥៨​ឆ្នំា លោក ខាត់ទីយ៉ា សាវ៉ាឌីប៉ូលជា​ឧត្តមសេនីយ៍​ម្នាក់​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​កងទ័ព​ក្នុង​ឆ្នំា ២០០៨ ដោយ​ហេតុ​តែ​លោក​បាន​ធ្វើ​ការ​ទិតៀន រិះគន់​ជា​សាធារណៈ​ចំពោះ​ថ្នាក់លើ​ខ្លួន​ឯង។ តំាង​ពី​ពេល​នោះ​មក លោក សាវ៉ាឌីប៉ូល ក៏​បាន​ប្តូរ​ជំហរ​ទៅ​គំាទ្រ​ពួក​អាវក្រហម​ប្រឆំាង​នឹង​រដ្ឋាភិបាល​ទៅ​វិញ។ តំាង​ពី​ពួក​អាវក្រហម​បាន​បោះ​ជំរំ​នៅ​ចំ​កណ្តាល​ក្រុង​បាងកក​មក លោក សាវ៉ាឌីប៉ូល ជា​អ្នក​ចាត់​ចែង រៀប​ចំ​សន្តិសុខ​នៅ​ក្នុង​ជំរំ​ទំាង​មូល។ លោក សាវ៉ាឌីប៉ូល បាន​តំាង​ខ្លួន​ជា​មេ​អាវក្រហម​ម្នាក់​ដ៏​សកម្ម ដូច​ដែល​លោក​ធ្លាប់​បាន​ប្រកាស​យ៉ាង​ក្តែងៗ​ថា លោក​ជា​មនុស្ស​សំខាន់​ម្នាក់​ដែល​មិន​អាច​ខ្វះ​បាន។

វត្តមាន​របស់​ពួក​អាវក្រហម​នៅ​ពេល​នេះ ក៏​ដោយ​សារ​តែ​មាន​វត្តមាន​របស់​លោក​នៅ​ពេល​នេះ។ នៅ​ខាង​រដ្ឋាភិបាល​វិញ​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៀត​ទេ លោក សាវ៉ាឌីប៉ូល ជា​ជន​ដៃ​ដល់​ម្នាក់​ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​គ្រាប់​នៅ​​ក្នុង​ទីក្រុង​បាងកក។ លោក សាវ៉ាឌីប៉ូល ជា​អ្នក​បាន​បំផ្ទុះ​អាវុធ​នៅ​ក្នុង​អំពើ​ហឹង្សា​កាល​ពី​ថ្ងៃ​ទី ១០ មេសា​កន្លង​មក ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន ២៥​នាក់ និង​របួស​ជាង ៨០០​នាក់។

គឺ​ទើប​តែ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ឧសភា​ទេ ដែល​លោក សាវ៉ាឌីប៉ូល ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​ចំ​កណ្តាល​ក្បាល នៅ​ពេល​ដែល​លោក​កំពុង​ឈរ​ផ្តល់​បទសម្ភាន៍​ឲ្យ​ក្រុម​អ្នក​កាសែត​បរទេស។ ឥឡូវ​នេះ​ក្រោម​ភ្នែក​ច្រមុះ​របស់​ពួក​អាវ​ក្រហម លោក សាវ៉ាឌីប៉ូល គឺ​ជា​វីរជន​ម្នាក់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI