លទ្ធិ​ប្រជាធិបតេយ្យថៃ​ត្រូវមួយ​ដំបងធ្ងន់​

សំឡេង ០៥:៥៩
កង​ទ័ព​ថៃ​សម្រុក​ចូល​ជំរំ​ពួក​អាវ​ក្រហម
កង​ទ័ព​ថៃ​សម្រុក​ចូល​ជំរំ​ពួក​អាវ​ក្រហម ©Reuters

ការ​បញ្ចប់​ចលនា​បាតុកម្ម​របស់​ពួក​អាវ​ក្រហម តាម​រយៈ​ការ​វាយបង្ក្រាប​ពី​សំណាក់​កងទ័ព​និង​ការ​សុំ​ចុះចាញ់​ពី​សំណាក់​ មេដឹកនាំ​បាតុករ កំពុង​នាំ​មក​នូវ​ជោគជ័យ​នយោបាយ សម្រាប់​លោក​នាយករដ្ឋមន្ត្រី​អាភីស៊ីត។ ប៉ុន្តែ ការ​ប្រើ​កម្លាំង​យោធា​ដើម្បី​បញ្ចប់​ភាព​វឹកវរ​បែប​នេះ ក៏​ជា​បរាជ័យ​មួយ​ធំ​ដែរ សម្រាប់​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​មួយ​ដំបង​ធ្ងន់​តែ​ម្តង។ ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​សប្តាហ៍​ទៀត​ខាង​មុខ ថ្នាក់​ដឹកនាំ​ទីក្រុង​បាងកក ត្រូវ​ចេះ​ទាញ​មេរៀន​ពី​ចលាចល​សង្គម​ដ៏​ធ្ងន់ធ្ងរ​មិន​ដែល​មាន​នេះ។ បើ​ពុំ​នោះ​សោត​ទេ ភាព​វឹកវរ​នឹង​ច្បាស់​ជា​កើត​មាន​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ការ​ផ្តើម​ប្រតិបត្តិការ​យោធា កាល​ណោះ គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ឧសភា សប្តាហ៍​មុន គេ​ដឹង​ជា​មុន​រួច​ស្រេច​ទៅ​ហើយ​ថា ជ័យជំនះ​ឬ​បរាជ័យ​នៃ​ប្រតិបត្តិការ​យោធា​បង្ក្រាប​ពួក​អាវ​ក្រហម​នៅ​បាងកក ជា​កត្តា​កំណត់​ជោគវាសនា​នយោបាយ​របស់​នាយក​រដ្ឋមន្ត្រី​អាភីស៊ីត។ ឥឡូវ​នេះ មហាបាតុកម្ម​របស់​ពួក​អាវ​ក្រហម នៅ​បាងកក​ដែល​បាន​ផ្តើម​ឡើង​កាល​ពី​ជាង​ពីរ​ខែ​មុន គឺ​នៅ​ថ្ងៃ​ទី​១២​មីនា ត្រូវ​បាន​វាយ​បង្ក្រាប​ហើយ​ពួក​មេ​ដឹក​នាំ​អាវ​ក្រហម ក៏​បាន​សុំ​ចុះចាញ់​ដែរ។ ម្ល៉ោះ​ហើយ គឺ​ជា​ជ័យជំនះ​នយោបាយ​មួយ​សម្រាប់​អាភីស៊ីត។ អ្នក​ទីក្រុង អ្នក​មាន និង​អ្នក​មាន​អំណាច​នឹង​ច្បាស់់​ជា​ដឹង​គុណ​អាភីស៊ីត​ដែល​បាន​បោស​សម្អាត​និង​សង្គ្រោះ​ទីក្រុង​បាងកក​ឲ្យ​រួច​ពី​ការ​អុកឡុក​របស់​ពួក​អាវក្រហម​អ្នក​ស្រុក​ស្រែ​ចម្ការ។

ចូរកុំភ្លេចថានៅពេលដែលពួកអាវក្រហមផ្តើមចូលមកធ្វើបាតុកម្មនៅបាងកកពួកគេមានគ្នីគ្នា១០០០០០នាក់ហើយបាងកកជាទីក្រុងមួយដែលមានមនុស្សច្រើនដូចស្រមោច។ម្ល៉ោះហើយការបញ្ចប់តាមរយៈការប្រើកម្លាំងយោធាចលនាបាតុកម្មមួយដែលចូលរួមដោយបាតុកររាប់សិបពាន់នាក់នៅក្នុងទីក្រុងមួយដែលមានមនុស្សច្រើនសឹងដើរជាន់គ្នា មាន​ស្លាប់​៧០នាក់​និង​របួស​ជិត​២០០០នាក់​រាប់​តាំងពី​ថ្ងៃផ្តើម​បាតុកម្ម​មក​ឃើញ​ថាមិន​ច្រើន​​ទេ។

ជាការពិតណាស់ដែលថា ចរិត​ស្លូតបូត​របស់​ពួកអាវក្រហម​ជា​មូលហេតុ​មួយ​សំខាន់​ដែល​បាន​ជួយ​កាត់​បន្ថយ​ចំនួន​ជនរង​គ្រោះ។​ក៏ប៉ុន្តែ​គេ​ក៏មិន​ត្រូវ​ភ្លេច​ដែរថា​រដ្ឋាភិបាល​និង​កងទ័ព​ថៃ​ក្តាប់​ស្ថានការណ៍​បានល្អ​តាំងពី​ថ្ងៃទីមួយ​រហូត​ដល់​ថ្ងៃចុង​ក្រោយ​នៃ​បាតុកម្ម។​ម្យ៉ាង​គេ​ត្រូវ​ទទួល​ស្គាល់​ថា​អាជ្ញាធរ​មានការ​អត់ធ្មត់​ខ្លាំង​ដោយ​បានទុក​ចោល​ជាច្រើន​សប្តាហ៍​ឲ្យ​មហា​បាតុកម្ម​នោះ​រលាយ​ទៅវិញ​បន្តិចម្តងៗ​ដោយខ្លួន​ឯងមុន​នឹង​សម្រេច​ប្រើធម៌ក្តៅ។​ម្យ៉ាង​ទៀត​មុននឹង​មកដល់​ថ្ងៃនេះ​ដែល​ជាថ្ងៃ​ត្រូវ​ចូល​បង្ក្រាប​ជំរំ​របស់​ពួកអាវ​ក្រហម​អាជ្ញាធរ​បាន​​ទុក​​​ពេល​៦ថ្ងៃ​ដើម្បី​បង្ខំ​ឲ្យពួក​អាវក្រហម​ចាក​ចេញ​ដោយ​ខ្លួន​ឯង​បណ្តើរៗ​ពី​ជំរំ​របស់​ពួកគេ​ដោយ​អាជ្ញាធរ​បាន​កាត់​ភ្លើង​កាត់​ទឹកកាក់​ផ្លូវ​និង​បិទ​ច្រក​ចេញ​ចូល​កុំឲ្យ​មាន​ការ​ដឹក​ស្បៀង​អាហារ​ទៅ​​ឲ្យ​​ពួក​បាតុករ​ដែល​អាច​ចេញ​ពី​ជំរំ​បាន​តែ​ចូល​ទៅ​មិនបាន​និង​បាន​ធ្វើការ​សម្លុត​កំញើញ​តាម​រយៈការ​ប្រកាស​ឱសានវាទ​ជាដើម។​គួរ​និយាយថា​ពេល​ដែល​កងទ័ព​ចូល​ធ្វើអន្តរាគមន៍​នៅថ្ងៃនេះ​គឺមាន​នៅសល់​ពួក​អាវ​ក្រហម​ប្រមាណ​តែពី​១០០០​ទៅ​៣០០០នាក់​តែប៉ុណ្ណោះ​នៅជំរំ​របស់​ពួកគេ​ក្នុង​សង្កាត់​Ratchaprasong។

មេដឹកនាំអាវក្រហមពូកែទាស់តែមិនចេះបំបែកជួរទាន់ពេលវេលា

គេ​ត្រូវ​ទទួល​ស្គាល់​សមត្ថភាព​ខ្ពស់​របស់​ពួក​អ្នក​ដឹក​នាំ​អាវក្រហម។ ពួក​គេ​បាន​បង្ហាញ​ថា ពួក​គេ​ចេះ​តស៊ូ ប្រសប់​ខាង​រៀប​ចំ​ពស្តុភារ​ ដោយ​បាន​បង្កើត​ និង​គ្រប់គ្រង​ជា​ច្រើន​សប្តាហ៍ ជំរំ​មួយ​ដែល​មាន​ទំហំ​បី​គីឡូ​ម៉ែត្រ​ក្រឡា នៅ​ក្នុង​សង្កាត់​Ratchaprasong កណ្តាល​ទីក្រុង​បាងកក។ មិនតែ​ប៉ុណ្ណោះ​ពួកគេ​បាន​បង្ហាញ​នូវ​សមត្ថភាព​នយោបាយ​របស់​ពួក​គេ​ដោយ​បាន​បង្ខំ​នាយករដ្ឋមន្ត្រី​អាភីស៊ីត​ឲ្យមក​អង្គុយ​ចរចា​ជាមួយ​ពួកគេ។​និយាយ​រួម​ពួកគេ​បាន​បង្ហាញ​នូវ​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រែក្លាយ​ការ​ទាមទារ​របស់​អ្នកក្រីក្រ​នៅតាម​ស្រុក​ស្រែចម្ការ​ឲ្យ​ទៅ​ជាមហាចលនា​បាតុកម្ម​មួយ​នៅ​លើ​ឆាកនយោបាយ​ជាតិ​ក្នុង​ទីក្រុង​បាងកក។​ក៏ប៉ុន្តែ​កំហុស​ធ្ងន់​របស់​ពួកគេ​ឋិតនៅ​ត្រង់ថា​ពួកគេ​មិនចេះ​បញ្ចប់​ចលនា​បាតុកម្ម​ឲ្យ​បាន​ទាន់​ពេលវេលា​ដោយ​ហេតុ​តែជំហរ​រឹងរូស​ជ្រុល​ពេក​របស់​ពួក​មេដឹក​នាំអាវ​ក្រហម​ខ្លះ។​ ​គួរ​រំឭក​ថា​ពួក​អ្នក​ដឹកនាំ​អាវក្រហម​បដិសេធ​មិន​ព្រម​បំបែក​ជួរ​ក្រោយពី​អាភីស៊ីត​បានយល់​ព្រម​ថានឹងរំលាយរដ្ឋសភានិងរៀបចំបោះឆ្នោតមុនអាណត្តិ។

ម៉្លោះហើយផលវិបាកមានលក្ខណៈធ្ងន់ធ្ងរណាស់ពីព្រោះពួកអ្នកដឹកនាំអាវក្រហមនឹងច្បាស់ជាទទួលទោសធ្ងន់នឹងត្រូវជាប់គុកយូរឆ្នាំឬនឹងត្រូវទទួលទោសប្រហារជីវិតទៀតផងពីព្រោះការបង្កភេរវកម្មអាចទទួលទោសប្រហារជីវិតនៅប្រទេសថៃ ហើយ​អាជ្ញាធរ​ថៃ​បាន​ចោទ​ថា​មាន​ភេរវជន​បង្កប់​ខ្លួន​នៅ​ក្នុង​ចំណោម​បាតុករ។ ការ​ចោទ​ប្រកាន់​ផ្សេងៗ​នា​ពេល​ខាង​មុខ នឹង​អាចធ្វើឲ្យ​ចលនា​និង​ក្បាល​ម៉ាស៊ីន​ប្រមូល​ផ្តុំ​របស់​ពួក​អាវ​ក្រហមថមថយកម្លាំងមិនតិចឡើយ។

ច្របាច់​ក​ពួក​អាវ​ក្រហម លាន​អណ្តាត​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​

ជាមួយ​ការ​សុំ​ចុះចាញ់​ពី​សំណាក់​ពួក​អាវ​ក្រហម អាភីស៊ីត​នឹង​មាន​ពេល​ច្រើន​ជាង​មុន មាន​ប្រជាប្រិយ៍ភាព​ជាង​មុន ដោយសារ​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​មុន​ពី​សំណាក់​អ្នក​ទីក្រុង កងទ័ព​និង​ព្រះ​បរម​រាជវាំង។ និយាយ​បែប​ផ្សេង អាភីស៊ីត​មិន​ចាំ​បាច់​ប្រញាប់​រៀប​ចំ​បោះ​ឆ្នោត​ទេ។ ប្រញាប់​រៀបចំ​បោះឆ្នោត​ធ្វើ​អ្វី បើ​គង់​តែ​ចាញ់​ឆ្នោត​អ៊ីចឹង ពីព្រោះ​ពលរដ្ឋ​អ្នក​គាំទ្រ​ពួក​អាវ​ក្រហម​ដែល​សុទ្ធសឹង​ជា​អ្នក​ក្រីក្រ​មាន​ចំនួន​ច្រើន​លើស​លុប​នៅ​ក្នុង​ប្រទេស? ម៉្លោះ​ហើយ លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​ត្រូវ​មួយ​ដំបង​ធ្ងន់​លើក​នេះ ដោយ​ហេតុ​ថា សម្រេច​សម្រួច​ទៅ ដូច​ពេល​មុនៗ​ទៀត​ដែរ មតិ​ភាគ​តិច គឺ​អ្នក​ទីក្រុង អ្នក​មាន​និង​អ្នក​មាន​អំណាច​បន្ត​ដឹកនាំ​ប្រទេស ដោយ​បន្ត​ជាន់​ឈ្លី​ការ​ទាមទារ​របស់​មតិ​ភាគ​ច្រើន ដែល​ជា​អ្នក​ស្រុក​ស្រែ​ចម្ការ។

ក៏​ប៉ុន្តែ មិន​ទាន់​ចប់​ទេ វិបត្តិ​នយោបាយ​នៅ​ប្រទេស​ថៃ។ បញ្ហា​ប្រទេស​ថៃ គឺ​ជា​ការ​ប្រេះឆា​រវាង​អ្នក​ជនបទ​និង​អ្នក​ទីក្រុង រវាង​អ្នក​ក្រ​និង​អ្នក​មាន រវាង​ថ្នាក់​ដឹក​នាំ​សក្តិភូមិ​និង​ប្រជារាស្រ្ត​ដែល​ទាមទារ​យុត្តិធម៌​សង្គម និង​លទ្ធិ​ប្រជាធិបតេយ្យ។​ យ៉ាង​ណា​មិញ ពី​ភាព​ច្របូកច្របល់​ខ្លាំង​នៅ​បាងកក​ជាង​ពីរ​ខែ​ចុង​ក្រោយ​នេះ អាច​កើត​ចេញ​ជា​ផលវិបាក​វិជ្ជមាន​មួយ នោះ​គឺ​ការ​ដាស់​តឿន​អង្រួន​ស្មារតី​ថ្នាក់​ដឹក​នាំ​និង ព្រះបរម​រាជ​វាំង​ថៃ ឲ្យ​ប្រញាប់​កាត់​បន្ថយ​អយុត្តិធម៌​សង្គម។ បើ​ពុំ​នោះ​សោត​ទេ ភាព​វឹកវរ​នឹង​ច្បាស់​ជា​កើត​មាន​ជា​ថ្មី រហូត​ដល់​អាច​បង្ក​ជា​សង្គ្រាម​ស៊ីវិល​ផង នា​ពេល​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI