អានតួអត្ថបទ
គៀរហ្ស៊ីស្តង់

នាយក​រដ្ឋមន្ត្រី​បណ្តោះ​អាសន្ន កាន់​ទាំង​តំណែង​ប្រធានាធិបតី​ស្ដី​ទី

លោកស្រី​នាយក​រដ្ឋមន្ត្រី និង​ប្រធានាធិបតី​ស្តី​ទី Rosa Otounbaeva
លោកស្រី​នាយក​រដ្ឋមន្ត្រី និង​ប្រធានាធិបតី​ស្តី​ទី Rosa Otounbaeva ©Reuters
ដោយ៖ កែវ ឆាយា
១៩ នាទី

នេះ​ជា​សេចក្តី​សំរេច ទើប​ចេញ​ដោយ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន ក្រោម​ការ​ដឹកនាំ​នៃ​លោកស្រី Rosa Otounbaeva ដែល​ប្រកាស​ខ្លួន​ឯង​ជា “អំណាច​បដិវត្តន៍”។ អំណាច​នេះ​ កាល​ពី​១​ខែ​កន្លះ​មុន គឺ​ថ្ងៃ​៧​មេសា បាន​ផ្តួល​លោក​ប្រធានាធិបតី Bakiev ទាល់​តែ​គាត់​រក​ទៅ​ជ្រក​កោន​នៅ​សាធារណរដ្ឋ Bielorussie ទៅ​ហើយ។ រុស្ស៊ី ក៏​ដូច​ជាស.រ.អា.​បន្ត​រក្សា​ទំនាក់ទំនង​ធម្មតា ជាមួយ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន Kirghizistan ដោយម្ខាងៗ​សុទ្ធ​តែ​មាន​មូលដ្ឋាន​យោធា​រៀងៗ​ខ្លួន​នៅ​លើ​ដែនដី​ប្រទេស​នេះ​នៃ​តំបន់​អាស៊ី​កណ្តាល​ដែល​ ស្ថិត​នៅ ជាប់​​ប្រទេស​​ចិន និង​​នៅ​​ជិត Afghanistan។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ថា​ក្នុង​ក្រិត្យ​ចេញ​ដោយ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន មាន​ចែង​ថា លោកស្រី Rosa Otounbaeva ដែល​ជា​នាយក​រដ្ឋមន្ត្រី​បណ្តោះ​អាសន្ន​ទំរាំ​មាន​បង្កើត​បាន​ជា​រដ្ឋាភិបាល​ថ្មី ចាប់​ពី​អំណើះ​តទៅ ក៏​ត្រូវ​តែង​តាំង​ជា​ប្រធានាធិបតី​ស្ដី​ទី​ទៅ​ផង លុះ​ទៅ​ទល់​ថ្ងៃ ៣១​ធ្នូ​ឆ្នាំ​២០១១។ អំឡុង​ពេល​ទៅ​ទល់​កាល​បរិច្ឆេទ​នេះ ត្រូវ​ប្រកាស​ជា “ដំណាក់​កាល​អន្តរកាល​នៅ​Kirghizistan”។ ហើយ​ប្រធានាធិបតី​នៃ​ដំណាក់​អន្តរកាល មិន​ត្រូវ​ស្ថិត​នៅ​ក្នុង​គណបក្ស​ណា​ឡើយ មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ​ដល់​គណបក្ស​ណា​មួយ​ឡើយ ត្រូវ​ចេះ​ធានា​ឲ្យ​មាន​ប្រព្រឹត្ត​ទៅ​ការ​បោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី និង​រដ្ឋសភា​នីតិកាល​ថ្មី ដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​ក្នុង​តម្លាភាព។

 
ក្រិត្យ​នោះ​សង្កត់​ធ្ងន់​ថា ប្រធានាធិបតី​នៃ​ដំណាក់​អន្តរកាល មិន​ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សំរាប់​ជាប់​ជា​ប្រធានាធិបតី​ទៀត​ឡើយ។ ចំណែក​ការ​បោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី​នឹង​ប្រព្រឹត្ត​ទៅ​គឺ​នៅ​ខែ​តុលា​ឆ្នាំ ២០១១។ ប្រធានាធិបតី​ថ្មី នឹង​ចូល​កាន់​តំណែង​ខ្លួន គឺ​នៅ​ថ្ងៃ​ទី​១​មករា​ឆ្នាំ​២០១២។ ការ​បោះឆ្នោត​សភា​វិញ នឹង​ធ្វើ​នៅ​ថ្ងៃ ១០​តុលា​ឆ្នាំ​នេះ។

បញ្ហា​តែងតាំង​លោកស្រី Rosa Otounbaeva ជា​ប្រធានាធិបតី​ស្ដីទី មាន​ចែង​ក្នុង​គំរោង​រដ្ឋ​ធម្មនុញ្ញ​ថ្មី ដែល​នឹង​លើក​យក​ទៅ​ធ្វើ​ប្រជាមតិ នៅ​ថ្ងៃ​អាទិត្យ ២៧​មិថុនា​ខែ​ក្រោយ។ បើ​ឯកសារ​នេះ​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន នោះ​ពាក្យ​ថា “ស្តីទី” នឹង​ត្រូវ​លុប​ចេញ​ពី​តំណែង​លោកស្រី Rosa Otounbaeva ជា​ប្រធានាធិបតី​ទៅ​ទល់​ថ្ងៃ ៣១​ធ្នូ​ឆ្នាំ​២០១១។

ក្នុង​គំរោង​រដ្ឋ​ធម្មនុញ្ញ​ថ្មី ក៏​មាន​ចែង​ថា Kirghizistan ជា​រដ្ឋ​ស៊ីវីល័យ ទុក​ភាសា​រុស្ស៊ី​នៅ​ជា​ភាសា​ផ្លូវការ​ដដែល ប៉ុន្តែ​អំណាច​ផ្អៀង​ទៅ​ខាង​រដ្ឋសភា ដែល​បំពាក់​ទៅ​ដោយ​សិទ្ធិ​បង្កើត​រដ្ឋាភិបាល និង​តែងតាំង​នាយក​រដ្ឋមន្ត្រី។ ក្នុង​ការបោះឆ្នោត​ថ្ងៃ​មុខ មាន​តែ​គណបក្ស​នយោបាយ​ប៉ុណ្ណោះ ដែល​អាច​បញ្ឈរ​ឈ្មោះ​បេក្ខជន​សំរាប់​ជា​ប្រធានាធិបតី។

ចំណែក លោកស្រី Rosa Otounbaeva ដែល​ឥឡូវ​ជា​ប្រធានាធិបតី​ស្ដី​ទី គាត់​មាន​អាយុ ៥៩​ឆ្នាំ​ គាត់​ជា​អ្នក​នយោបាយ​សម្បូរ​បទ​ពិសោធន៍ ធ្លាប់​ធ្វើ​ជា​អគ្គរដ្ឋទូត នៅ​ស.រ.អា កាណាដា ប្រទេស​អង់គ្លេស ព្រម​ទាំង​ធ្លាប់​ធ្វើ​ជា​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អ.ស.ប. ខាង​ដោះស្រាយ​ទំនាស់​រវាង Georgie និង​Abkhazie។ លោកស្រី​ចេះ​ភាសា Kirghiz រុស្ស៊ី អង់គ្លេស បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ