ថៃ

បារាំង​សុំ​ឲ្យ​លោក​ថាក់ស៊ីន​ស្ងាត់​មាត់

លោក ​ថាក់ស៊ីន នៅ​ប៉ារីសថ្ងៃ​ព្រហស្បតិ៍​ទី ២០​ឧសភា ២០១០
លោក ​ថាក់ស៊ីន នៅ​ប៉ារីសថ្ងៃ​ព្រហស្បតិ៍​ទី ២០​ឧសភា ២០១០ Reuters

លោក​ ថាក់ស៊ីន ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ារីស ត្រូវ​បាន​ក្រសួង​ការ​បរទេស​បារាំង ហាម​ប្រាម​មិន​ឲ្យ​បញ្ចេញ​មតិ ឬ​ធ្វើ​អត្ថាធិប្បាយ​អ្វី​ ពី​ស្ថានភាព​ផ្ទៃក្នុង​នៅ​ប្រទេស​ថៃ​ទេ ដរាប​ណា​លោក​ស្ថិត​នៅ​ក្នុង​ទឹក​ដី​បារាំង។ ប៉ុន្តែ​​ការ​តស៊ូ​មតិ​រវាង​អ្នក​កាសែត និង​លោក​អតីត​នាយក​រដ្ឋមន្ត្រី​​ថៃ នឹង​ត្រូវ​រៀបចំ​ឡើង​ នៅ​ប៉ារីស នៅ​ថ្ងៃ​ទី ៣១​ឧសភា​ខាង​មុខ​​នេះ។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវបារាំង​មួយ។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

បន្ទាប់​ពី​បានថ្កោល​ទោស​អំពើហិង្សានៅ​ប្រទេស​ថៃ​រួច ក្រសួង​ការ​បទេស​បារាំង​បាន​​ហាម​លោក ថាក់​ស៊ីន ដែល​កំពុង​ស្ថិត​នៅ​ក្នុងក្រុង​ប៉ារីស ជា​លក្ខណៈ​ឯកជន​សុទ្ធសាធ​ មិន​ឲ្យ​បញ្ចេញ​អត្ថាធិប្បាយ ឬ​បង្ហាញ​ជំហរ​នយោបាយ​របស់​លោក​ ជា​សាធារណៈ នៅ​​ក្នុ​ងទឹក​ដី​បារាំង​ទេ។

 
ប៉ុន្តែ​ពិធី​ជួប​ជុំ​អាហារ​ពេល​ល្ងាច​ អប​ដោយ​ការ​តស៊ូ​មតិ​ជាមួយ​នឹង​អ្នក​កាសែត គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ៣១​ឧសភា ២០១០ មិន​ត្រូវ​បាន​លុប​ចោល​ឡើយ។ នេះ​ជា​ការ​អះអាង​បញ្ជាក់​​របស់​​នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ “​នយោបាយ​និង​កិច្ច​ការ​បរទេស”។

សម្រាប់​វិទ្យាស្ថានដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​នេះ គេ​មិន​អាច​ហាម​ប្រាម​លោក​ថាក់ស៊ីន មិន​ឲ្យ​និយាយ​ ឬ​បញ្ចេញ​យោបល់​បាន​ឡើយ។ ម្យ៉ាង​វិញ​ទៀត វិទ្យាស្ថាន មិនបាន​ទទួល​បម្រាម​អ្វី​ពី​សំណាក់​​​នាយក​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី នៃ​ក្រសួង​ការបរទេស​បារាំង ដែល​ទើប​បាន​ចូល​ជួប​លោក​ថាក់​ស៊ីន​ក្នុង​សណ្ឋាគារ នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ និង​ពី​សំណាក់​​ទីប្រឹក្សា​នយោបាយ​របស់​ប្រធានាធិបតី​បារាំង​ទេ។

លោក​ថាក់ស៊ីន ដែល​បាន​មក​ដល់​ក្រុង​ប៉ារីស ជាង​មួយ​​សប្តាហ៍​ និង​ដែល​បាន​ផ្តល់​ព័ត៌មាន​អំពី​វត្តមាន​របស់​លោក​ក្នុង​ទឹក​ដី​បារាំង បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ឥរិយាបថ​របស់​ក្រសួង​ការទេស​បារាំង​នា​ពេល​នេះ។ ព្រោះ​លោក​មិន​ដែល​បំផុស​បំផុល​ឲ្យ​បណ្តា​ជ​ន​ថៃ​ធ្វើ​បដិវត្ត​ន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម្តង​ណា​ឡើយ។

​អតីត​នាយក​រដ្ឋមន្ត្រី ដែល​ក្រុម​បាតុករ​អាវ​ក្រហម​​​ខិត​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​លោក​បាន​ត្រឡប់​ចូល​មាតុ​ប្រទេស​វិញ បាន​ចាក​ចេញ​ពី​ក្រុង​ប៉ារីស​សំដៅ​ទៅ​កាន់​ក្រុង​ឡុងដ៏​ហើយ​នៅ​ល្ងាច​មិញ។ លោក​ត្រូវ​បាន​​រដ្ឋាភិបាល​លោក អាភិស៊ីត ចោទ​ថា​ជា​អ្នក​ជួប​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ចលនា​អាវ​ក្រហម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI