ប្រទេសថៃ៖ឈប់ប្រយុទ្ធគ្នាតែបញ្ហានៅតែមានដដែល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសថៃកំពុងព្យាបាលមុខរបួស របស់ខ្លូន ក្រោយពីមានអំពើហិង្សាដែលបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៨៦នាក់និងរបួស១ ៩០០នាក់ចាប់តាំងពីពាក់កណ្តាលខែមីនា និងក្រោយពីបានតំចាត់បាតុករអាវក្រហមចេញពីកណ្តាលទីក្រុងបាងកក។ លោកនាយករដ្ឋមន្ត្រីអភិស៊ីទបានជំរុញឲ្យមានការចរចានិងការ ផ្សះផ្សារបង្រួបបង្រួមជាតិដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឡើងវិញ។
បទវិភាគរបស់ សៀក សារិន
ក្រោយពីការប្រយុទ្ធគ្នា បញ្ហាជាច្រើននៅរង់ចាំការដោះស្រាយពីសំណាក់អ្នកដឹកនាំថៃ។ បញ្ហាទាំងនោះមានជាអាទិ៍ ការបែកបាក់គ្នាយ៉ាងស៊ីជម្រៅនៅក្នុងសង្គមថៃបច្ចុប្បន្នដែលបណ្តាលមកពីវិសមភាពសង្គម។ វិសមភាពសង្គមដែលកើតចេញពីការចែកចាយផ្លែផ្កានៃអភិវឌ្ឍសេដ្ឋកិច្ចនិងសម្បត្តិទ្រព្យប្រទេសជាតិជូនប្រជាជនថៃគ្រប់ស្រទាប់វណ្ណៈពុំប្រកបដោយយុត្តិធម៌ ដែលនាំឲ្យអ្នកមានដែលរស់នៅក្នុងទីក្រុងចេះតែមានទៅ ហើយអ្នកក្រដែលរស់នៅតាមជនបទចេះតែក្រទៅ។ អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏លឿនស្លេវនៃប្រទេសថៃនារយៈ៣០ប្លាយឆ្នាំចុងក្រោយនេះបានធ្វើឲ្យគម្លាតរវាងអ្នកមានដែលរស់នៅក្នុងទីក្រុងដែលភាគច្រើនជាអ្នកគាំទ្រពួកអាវលឿង ហើយនិងអ្នកក្រដែលរស់នៅតាមជនបទនៅប៉ែកខាងជើងនិងប៉ែកឦសាននៃប្រទេសដែលភាគច្រើនជាអ្នកគាំទ្រពួកអាវក្រហមឃ្លាតគ្នាកាន់តែឆ្ងាយទៅៗ។ បន្ថែមពីលើនេះ អំពើពុករលួយស៊ីរូងសង្គមថៃកាន់តែជ្រៅទៅៗ ក៏ជាកត្តាមួយទៀតមកជួយពង្រីកគម្លាតនិងធ្វើឲ្យសង្គមបែកបាក់កាន់តែខ្លាំងឡើងៗ។
វត្ថុធាតុបំផ្ទុះសង្គមអស់ទាំងនេះហើយដែលផ្តុំប្រមូលគ្នាបន្តិចម្តងៗបង្កបង្កើតឲ្យចេញជាចលនាអាវក្រហមដើម្បីសម្តែងបញ្ចេញកំហឹងរបស់ប្រជាជនថៃអ្នកក្រនៅចំកណ្តាលទីក្រុងបាងកក។ ដូច្នេះបញ្ហាទាំងប៉ុន្មានដែលអ្នកដឹកនាំថៃពុំបានដោះស្រាយមុនពេលបាតុកម្មអាវក្រហមនៅសង្កាត់ពាណិជ្ជកម្មនៃទីក្រុងបាងកក គឺនៅមានដដែល ក្រោយពីពួកអាវក្រហមត្រូវចាកចេញ។ បើអ្នកដឹកនាំថៃពុំចង់ឃើញបាតុកម្មបែបនេះកើតមានទៀត គេត្រូវតែរិះរកដំណោះស្រាយឲ្យបញ្ហាអយុត្តិធម៌សង្គមនេះឲ្យបាន។ បើពុំនោះសោតទេ បញ្ហាអស្ថិរភាពសង្គមអាចកើតមានទៀតនៅប្រទេសថៃ។ ដូចពាក្យចាស់លោកថាគ្មាន”យុត្តិធម៌”ទេ “សន្តិភាព”ក៏គ្មានដែរ( Point de Paix sans Justice )។
សង្គមថៃបានបែកបាក់ជាពីរក្រុមធំៗយ៉ាងជាក់ច្បាស់ ពោលគឺពួកអ្នកគាំទ្រអាវក្រហមនិងពួកអ្នកគាំទ្រអាវលឿង។ ដូច្នេះដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឡើងវិញ ថ្នាក់ដឹកនាំថៃត្រូវតែចាំបាច់រិះរកឲ្យបាននូវរូបមន្តមួយសម្រាប់បង្រួបបង្រួមជាតិ។
លោកនាយករដ្ឋមន្ត្រីថៃអភិស៊ីទបានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញថា ក្រោយពីបានប្រឈមមុខទល់នឹងវិបត្តិដ៏សែនធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្រថៃ ហើយនិងក្រោយពីបានរៀបចំឲ្យមានរបៀបរៀបរយនៅក្នុងទីក្រុងបាងកក យើងទាំងអស់គ្នាត្រូវតែជំនះឲ្យបានទៅលើឧបសគ្គនៃការបែកបាក់ប្រេះឆានៅក្នុងសង្គមជាតិយើង។
គួរកត់សម្គាល់ថា ចាប់តាំងពីមានបាតុកម្មរបស់ពួកអាវក្រហមនៅកណ្តាលទីក្រុងបាងកកតាំងពីពាក់កណ្តាលខែមីនាមក មានមនុស្សស្លាប់យ៉ាងតិច៨៦នាក់និងរបួសប្រមាណ១ ៩០០នាក់។
រីឯពួកអាវក្រហមដែលបានត្រូវយោធាបង្ក្រាបនិងកំចាត់ចេញពីទីក្រុងបាងកកបានប្រកាសឲ្យដឹងថា ពួកគេបានចាញ់ការប្រយុទ្ធតទល់គ្នាមួយឈុតក៏ពិតមែន ក៏ប៉ុន្តែពួកគេនៅពុំទាន់ចាញ់សង្គ្រាមនៅឡើយទេ។
បើយោងតាមតួលេខបានមកពីធនាគារពិភពលោកបានឲ្យដឹងថា ក្នុងចំណោមប្រជាជនថៃ៦៧លាននាក់ ប្រជាជនថៃអ្នកមានជាងគេប្រមាណ២០%បានក្តោបក្តាប់សម្បត្តិធនធានប្រទេសជាតិដល់ទៅ៥៥%។ រីឯប្រជាជនថៃអ្នកក្រជាងគេ២០%វិញ ក្តោបក្តាប់បានតែ៤%តែប៉ុណ្ណោះនៃសម្បត្តិធនធានប្រទេសជាតិ។
ការខូចខាតក្រោយពីមានការដុតបំផ្លាញធនាគារនិងអាគារពាណិជ្ជកម្មអាចមានដល់ទៅ៤០ពាន់លានបាទឬត្រូវជា១ ២០០លានដុល្លារ។ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានព្រមានកុំឲ្យគេផ្សព្វផ្សាយរូបថតបង្ហាញឲ្យឃើញនូវការខូចខាតទាំងនោះ ដើម្បីកុំបង្កឲ្យមានផលវិបាកដល់វិស័យទេសចរណ៍។ វិស័យទេសចរណ៍ដែលតំណាងប្រមាណ៦%នៃផលិតផលសរុបក្នុងប្រទេស។
នៅចំពោះមុខស្ថានការណ៍នយោបាយថៃបច្ចុប្បន្ននេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានបានប្រកាសថ្លែងកាលពីថ្ងៃសុក្រម្សិលមិញថា “សន្តិភាព”និង”ស្ថិរភាព”នៅប្រទេសថៃមានសារៈសំខាន់ណាស់សម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
គួរកត់សម្គាល់ថា នេះជាលើកទីមួយហើយដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានបានធ្វើសេចក្តីថ្លែងការណ៍បែបនេះជ្រាតជ្រែកចូលបញ្ហាផ្ទៃក្នុងនៃប្រទេសមួយដែលជាសមាជិករបស់ខ្លួន។
ចំណែកឯប្រមុខការទូតនៃសហភាពអឺរ៉ុបលោកស្រីCatherine Ashton បានថ្លែងឲ្យដឹងថា ការផ្សះផ្សារបង្រួបបង្រួមជាតិគឺជាលក្ខខណ្ឌចាំបាច់សម្រាប់កសាងអភិវឌ្ឍប្រទេសថៃឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ