ភាពរស់ឡើងវិញនៃទីក្រុងបាងកក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីត្រូវជម្លៀសចេញ និងបិទទ្វារ ក្នុងពេលកងទ័ពធ្វើការវាយប្រហារបំបែកជំរំពួកអាវក្រហម នៅថ្ងៃច័ន្ទទី ២៤ ឧសភានេះ វិស័យសេដ្ឋកិច្ច និងវិស័យសាធារណៈ រដ្ឋបាលផ្សេងៗ ព្រមទាំងសាលារៀន ចរាចរណ៍តាមផ្លូវថ្នល់ បានផ្តើមមានសកម្មភាពឡើងវិញហើយនៅទីក្រុងបាងកក។ ទីផ្សារភាគហ៊ុនក៏បានបើកទ្វារ ជាមួយនឹងការស្រុតចុះ ០,៧%។
សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ
លែងមានហើយ កង់ឡានចាស់ៗ កាកសំណល់ផេះផង់។ យុទ្ធនាការបោសសម្អាតក្រុង នាចុងសប្តាហ៍នេះ បានចប់សព្វគ្រប់ហើយ ! នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី អាភិស៊ីត នៅល្ងាចមិញ។ របាំង រនាំង ជំរំរបស់ពួកអាវក្រហមមួយភាគត្រូវធំត្រូវបានឈូសចេញ ផ្លូវថ្នល់ទាំងឡាយ មានចរាចរណ៍ណែនណាន់តាន់តាប់ដូចសព្វមួយដង។
ទីផ្សារភាគហ៊ុន ដែលត្រូវបិទទ្វារតាំងពីថ្ងៃរសៀលថ្ងៃពុធទី ១៩ ឧសភា ថ្ងៃដែលកងទ័ពបានបើកយុទ្ធនាការបំបែកជំរំពួកអាវក្រហម និងដែលត្រូវអគ្គីភ័យឆាបឆេះអស់ បានបើកទ្វារវិញនៅថ្ងៃច័ន្ទនេះ នៅក្នុងអគារថ្មី ជាមួយនឹងការធ្លាក់ស្រុតចុះ ០,៧%។
ចំណែកសាលារៀន ដែលបានលើកពេលបើកបវេសនកាល មួយសប្តាហ៍ក្រោយសាលារៀននៅតាមខេត្ត ក៏បានបើកទ្វារទទួលសិស្សានុសិស្សវិញហើយដែរ នៅថ្ងៃច័ន្ទនេះ។ ការិយាល័យរដ្ឋ ធនាគារ ដែលសុទ្ធតែបិទទ្វារ កាលពីសប្តាហ៍មុន បានផ្តើមសកម្មភាពរបស់ខ្លួនវិញអស់ហើយ។ បុគ្គលិកក្រុមហ៊ុន និងសហគ្រាស ដែលត្រូវបង្ខំចិត្តសម្រាកនៅផ្ទុះមួយសប្តាហ៍ហើយនោះ បានវិលត្រឡប់មកកាន់ការិយាល័យរៀងៗខ្លួន ដើម្បីបំពេញកិច្ចការឡើងវិញ បង្កឲ្យមានការស្ទះចរាចរណ៍ ដូចមុនអ៊ីចឹង !
វិបត្តិនយោបាយ និងអំពើហិង្សានារយៈពេលប៉ុន្មានសប្តាហ៍នេះ បានធ្វើឲ្យសេដ្ឋកិច្ចថៃមានការខាតបង់ប្រមាណ ១,៥% នៃផលិតផលសរុបក្នុងស្រុក ប្រចាំឆ្នាំ។ នេះជាការខាតបង់ដ៏សម្បើម ព្រោះវិបត្តិផ្ទៃក្នុងបានផ្ទុះឡើង ចំពេលដែលសេដ្ឋកិច្ចថៃកំពុងស្គាល់កំណើន ដល់ទៅ១២% ក្នុងត្រីទីមួយនៃឆ្នាំ ២០១០។ ប៉ុន្តែសម្រាប់ក្រុមអាវក្រហម ដែលភាគច្រើនជាកសិករ និងជាអ្នកជនបទ វិបត្តិបានផ្ទុះឡើង ក៏ព្រោះតែមេដឹកនាំរដ្ឋាភិបាលគ្មានសមភាព គិតគូរតែប្រយោជន៍អ្នកក្រុង និងរាជវាំង នេះឯង។
ភាពតានតឹងរវាងពួកអាវក្រហមប្រឆាំងរដ្ឋាភិបាលមិនរលត់បាត់ដោយងាយឡើយ លោកអាភិស៊ីត ដែលប្រកាន់យកនយោបាយផ្សះផ្សាជាតិ បានប្រកាសយ៉ាងច្បាស់លាស់ណាស់ ថាគឺលោកជាសម្រេចពេលបោះឆ្នោតមុនអណត្តិ ! នេះជាសារដ៏មុតមាំមួយទៅកាន់ពួកអាវក្រហម ដែលបានគ្រោងជាស្រេចនឹងរៀបចំសកម្មភាពថ្មី នៅខែក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ