ថាក់ ស៊ីន​ ជាភេរវជន​មែនឬ?​

សំឡេង ០៣:៥៤
លោក​អតីត​នាយក​​រដ្ឋមន្ត្រី​​​ ថាក់ ស៊ីន ​​
លោក​អតីត​នាយក​​រដ្ឋមន្ត្រី​​​ ថាក់ ស៊ីន ​​ © Photo : AFP

កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥​ឧសភា​ម្សិលមិញ ​សាលា​ឧក្រិដ្ឋ​ថៃ ​បាន​ចេញ​ដីកា​ឲ្យ​តាម​ចាប់​ខ្លួន​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ ស៊ីន ​ដែល​ស្នាក់​នៅ​ក្រៅ​ប្រទេស ​តាំង​ពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ។ ​អាជ្ញាធរ​ថៃ​ចោទ​ថាក់ ស៊ីន​ ថា​នៅ​ពី​ក្រោយ​អំពើ​ហិង្សា ដែល​បាន​កើត​ឡើង​ក្នុង​ពេល​បាតុកម្ម​​ជា​ច្រើន​សប្តាហ៍​របស់​ពួក​អាវ​ក្រហម នៅ​ទីក្រុង​បាងកក។ តើ​ថាក់ ស៊ីន​ ជា​ភេរវជន​មែន​ឬ? ​តើ​ដីកា​ចាប់​ខ្លួន​ថ្មី​មួយ​នេះ​ប្រឆាំង​នឹង​មហា​សេដ្ឋី​ថៃ អាច​នឹង​សម្រេច​គោលដៅ​របស់​​វា​ដែរ​ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ការ​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក​ថាក់ ស៊ីន ​ក្នុង​បទ​ឧក្រិដ្ឋ​ភេរវកម្ម ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥​ឧសភា​ម្សិល​មិញ​អាជ្ញាធរ​ថៃ​បាន​សម្រេច​ចិត្ត​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ ដែល​បន្ត​ធ្វើ​ឲ្យ​រដ្ឋ​អំណាច​ទីក្រុង​បាងកក​ភ័យ​ខ្លាច ​ទោះ​ជា​លោក​រស់​នៅ​បរទេស​ឆ្ងាយ​សែន​ឆ្ងាយ​ពី​ឆាក​នយោបាយ​ជាតិ​ក៏​ដោយ។​ រដ្ឋាភិបាល​ចោទ​លោក​ថាក់ ស៊ីន ថា​បាន​ញុះញង់​ពួក​អាវក្រហម​ឲ្យ​ងើប​បះបោរ និង​ថា​បាន​លួច​ផ្តល់​ប្រាក់​ដើម្បី​ទ្រទ្រង់​ចលនា​បាតុកម្ម​ទាមទារ​ឲ្យ​លោក​អាភីស៊ីត​លា​លែង​ពី​មុខ​តំណែង​នាយក​រដ្ឋមន្ត្រី។

ចំពោះ​រដ្ឋអំណាច​ទីក្រុង​បាងកក​ លោក​ថាក់ ស៊ីន ជា​ភេរវជន។​ ពីព្រោះ​ម្យ៉ាង លោក​ថាក់ ស៊ីន ជា​អ្នក​បាន​ចាត់​ចែង​ពី​ក្រៅ​ប្រទេស​ចលនា​បះបោរ និង​ពីព្រោះ​ម្យ៉ាង​ទៀត លោក​មហា​សេដ្ឋី​រូប​នេះ ជា​អ្នក​បាន​ផ្តល់​លុយ​ឲ្យ​ទិញ​អាវុធ​ទាំង​អម្បាលម៉ាន ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ជំរំ​របស់​ពួក​អាវ​ក្រហម។ ​គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ​ធ្ងន់​ធ្ងរ ​ពីព្រោះ​លោក​ថាក់ ស៊ីន​ នឹង​អាច​ប្រឈម​មុខ​នឹង​ទោស​ប្រហារ​ជីវិត ប្រសិន​បើ​មាន​ប្រទេស​ណា​មួយ​ព្រម​ចាប់​រួច​ហើយ​ ប្រគល់​ខ្លួន​លោក​ទៅ​ឲ្យ​រដ្ឋាភិបាល​ថៃ។

តើ​ថាក់ ស៊ីននៅ​ឯណា ក្នុង​ខណៈ​នេះ?

រដ្ឋាភិបាល​ថៃ​កំពុង​រក​មុខ​លោក​ថាក់ ស៊ីន ដែល​មិន​ដឹង​ជា​ស្នាក់​នៅ​ក្នុង​ប្រទេស​ណា​មួយ​នៅ​ពេល​នេះ។​ តាម​ដែល​គេ​ដឹង លោក​មហា​សេដ្ឋី​រូប​នេះ​បាន​តាំង​លំ​នៅ​ដ្ឋាន​នៅ​ឌូបៃ​(Dubaï) ​តាំង​ពី​ឆ្នាំ​២០០៦ ឆ្នាំ​ដែល​ក្រុម​នាយ​ទាហាន​ថៃ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រូប​លោក​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី។​ ក៏​ប៉ុន្តែ ​លោក​ថាក់ ស៊ីន​ធ្វើ​ដំណើរ​ច្រើន ម្តង​ទៅ​ប្រទេស​កម្ពុជា​ជា​ទី​ដែល​លោក​មាន​តំណែង​ជា​ទី​ប្រឹក្សា​របស់​រាជ​រដ្ឋាភិបាល​ ម្តង​ទៅ​ប្រទេស​អង់​គ្លេស។ ​ហើយ​កាល​ពី​សប្តាហ៍​មុន គេ​បាន​ឃើញ​លោក​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។ ​ប៉ុន្តែ លោក​បាន​ចាកចេញ​ពី​ប៉ារីស​ កាល​ពី​ថ្ងៃ​ចន្ទ​ទី២៤​ឧសភា​ដើម​សប្តាហ៍​នេះ ដើម្បី​ទៅ​ប្រទេស​ម៉ុងតេនេហ្គ្រោ​(Monténégro)។ គួរ​និយាយ​ថា លោក​ថាក់ ស៊ីន មាន​សញ្ជាតិ​ម៉ុងតេនេហ្គ្រោ ​ហើយ​នេះ​មិន​មែន​ចៃដន្យ​ទេ ពីព្រោះ​ច្បាប់​នៃ​ប្រទេស​ម៉ុងតេមេហ្គ្រោ​ហាម​មិន​ឲ្យ​ចាប់​បញ្ជូន​ពលរដ្ឋ​ម៉ុងតេនេហ្គ្រោ​ទៅ​ឲ្យ​រដ្ឋាភិបាល​បរទេស​ណា​មួយ​ឡើយ។​ យ៉ាង​ណា​ក៏​ដោយ​ព័ត៌មាន​ចុង​ក្រោយ​បញ្ជាក់​ថា ​លោក​ថាក់ ស៊ីន ​បាន​ចាក​ចេញ​ពី​ម៉ុងតេនេហ្គ្រោ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥​ឧសភា​ម្សិល​មិញ​តែ​គេ​មិន​ដឹងថា ​លោក​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ទេ។ ​គេ​ដឹង​ថា​លោក​នឹង​មិន​មក​ប្រទេស​បារាំង​ ដើម្បី​ចូល​រួម​នៅ​ថ្ងៃ​ទី​៣១​ឧសភា​សប្តាហ៍​ក្រោយ ក្នុង​ការ​ជជែក​ពិភាក្សា​ជា​មួយ​អ្នក​សារព័ត៌មាន​នៅ​វិជ្ជាស្ថាន​មួយ​ក្នុង​ទីក្រុង​ប៉ារីស​ដូច​ការ​គ្រោង​ទុក​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥​ឧសភា​ម្សិល​មិញ ពី​ម៉ុងតេ​នេសហ្គ្រោ ​លោក​ថាក់​ស៊ីន​ បាន​ច្រាន​ចោល​កា​រចោទ​ប្រកាន់​របស់​ទីក្រុង​បាងកក។ ​ចំពោះ អតីត​នាយករដ្ឋ​មន្ត្រីថៃ​រូប​នេះ ការ​ចោទ​ប្រកាន់​ថា​លោក​ជា​ភេរវជន ​គឺ​ជា​កល​ល្បិច​នយោបាយ​របស់​រដ្ឋាភិបាល​អាភិស៊ីត​តែ​ប៉ុណ្ណោះ។

រដ្ឋ​អំណាច​បាងកក​ខ្លាច​ឥទ្ធិពល​ថាក់ ស៊ីន

មាន​មែន​ការ​មន្ទិល​សង្ស័យ​ថា ​ថាក់​ ស៊ីន​ ជា​អ្នក​នៅ​ពី​ក្រោយ​ចលនា​បាតុកម្ម​របស់​ពួក​អាវ​ក្រហម​ ដោយសារ​ថា​ពួក​អាវ​ក្រហម​ជា​គ្នី​គ្នា​របស់​លោក​និង​ដោយ​សារ​ថា ​ដើម្បី​បោះ​ជំរំ​ស្នាក់​នៅ​ក្នុង​ទីក្រុង​បាងកក​ជា​ច្រើន​សប្តាហ៍​បាន​ ពួក​អាវ​ក្រហម ត្រូវ​ការ​កន្ទេល​មុង​ខ្នើយ​និង​ស្បៀង​អាហារ​ ពោល​គឺ​ត្រូវ​ការ​លុយ។ ​តាំង​ពី​ដើម​ដំបូង​នៃ​ចលនា​បាតុកម្ម​កាល​ណោះ​គឺ​នៅ​ក្នុង​ខែ​មីនា​អាជ្ញាធរ​ថៃ​បាន​ចោទ​ថាក់ ស៊ីន​ ម្តង​ហើយ​ម្តង​ទៀត​ថា បាន​ចាយ​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​ចិញ្ចឹម​ពួក​បាតុករ។ ​ក៏​ប៉ុន្តែ​ចិញ្ចឹម​ពួក​បាតុករ​ជា​រឿង​មួយ ​ឲ្យ​លុយ​ទិញ​អាវុធ ​ងើប​បះបោរ​ប្រឆាំង​រដ្ឋា​ភិបាល ជារឿង​មួយ​ផ្សេង។​ អ្វី​ដែល​ជាក់​ច្បាស់ ​គឺ​ព្រះ​បរម​រាជវាំង​ កងទ័ព​និង​រដ្ឋាភិបាល​ថៃ​ខ្លាច​ប្រជា​ប្រិយភាព​របស់​ថាក់ ស៊ីន។​ ជា​ការ​ពិត​ណាស់​ដែល​ថា នៅ​ទីក្រុង​បាងកក ​និង​នៅ​តាម​ទី​ប្រជុំជន​ធំ​ៗ​ មាន​ច្រើន​ណាស់​អ្នក​ដែល​ស្អប់​ថាក់ ស៊ីន។ ក៏​ប៉ុន្តែ ​ជិត​បួន​ឆ្នាំ​ក្រោយ​មក​ក្រោយ​ពី​ថាក់ ស៊ីន​បាន​ខ្ទាត​ចេញ​ពី​ឆាក​នយោបាយ​ថៃ ​ក្រោយ​ពី​ថាក់ ស៊ីន បាន​បង្ខំ​ចិត្ត​មក​រស់​នៅ​ក្រៅ​ប្រទេស​អ្នក​ស្រុក​ស្រែ​ចម្ការ ​ពោល​គឺ​ពលរដ្ឋ​ថៃ​ដែល​មាន​ចំនួន​ច្រើន​លើស​លុប ​នៅ​តែ​បន្ត​នឹក​អាឡោះ​អាល័យ សម័យ​គ្រប់​គ្រង​រដ្ឋ​របស់​ថាក់ ស៊ីន។

យ៉ាង​ណា​ក៏​ដោយ ដីកា​ចាប់​ខ្លួន​ថ្មី​មួយ​នេះ​ ក៏​ដូច​ដីកា​ចាប់​ខ្លួន​ពី​មុន​ដែរ ​ប្រហែល​ជា​នឹង​មិន​បាន​ការ​អ្វី​ឡើយ។ ​ទោះ​ជា​បទ​ឧក្រិដ្ឋ​ភេរវកម្ម​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​បទ​ឧក្រិដ្ឋ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក៏​ដោយ ​ក៏​បណ្តា​រដ្ឋាភិបាល​បរទេស​នៅ​តែ​ពិបាក​សម្រេច​ចិត្ក​ក្នុង​ការ​ចាប់​ខ្លួន​លោក​ថាក់ ស៊ីន​ ពីព្រោះ​គ្មាន​អ្នក​ណា​ភ្លេច​ទេ​ថា​ថាក់ ស៊ីន​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​ខុស​ច្បាប់​តាម​រយៈ​រដ្ឋ​ប្រហារ​យោធា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI