ឥណ្ឌា

ភេរវកម្ម​ទៅ​លើ​រថភ្លើង មាន​ស្លាប់​យ៉ាង​តិច​៧០​នាក់

រទេះ​ភ្លើង​រត់​ពី​កាលគូតា ទៅ​ទីក្រុង​​បូមបៃ ក្នុង​ប្រទេស​ឥណ្ឌាផ្ទុះ​ក្រឡាប់​នៅ ថ្ងៃ​នេះ​
រទេះ​ភ្លើង​រត់​ពី​កាលគូតា ទៅ​ទីក្រុង​​បូមបៃ ក្នុង​ប្រទេស​ឥណ្ឌាផ្ទុះ​ក្រឡាប់​នៅ ថ្ងៃ​នេះ​ ©Reuters

មាន​ស្លាប់​យ៉ាង​តិច​៧០​នាក់ និង​របួស​ជាង​១០០​នាក់ ដោយហេតុតែ​អំពើ​ភេរវកម្ម​មួយ ដែល​បាន​បណ្តាល​ឲ្យ​រទេះ​ភ្លើង​ពីរ​ខ្សែ​បើក​បុក​គ្នា។ គ្រោះ​ថ្នាក់​បង្ក​ដោយ​ភេរវកម្ម​នេះ​បាន​កើត​ឡើង នៅ​ថ្ងៃ​សុក្រ​ទី​២៨​ឧសភា នៅ​លើ​ផ្លូវ​ដែក​ដែល​តភ្ជាប់​ទីក្រុង​កាលគូតា (Calcuta) និង​ទីក្រុង​បូមបៃ​(Bombay)។ ពួក​ប្រដាប់​អាវុធ​មួយ​ក្រុម ដែល​ស្និទ្ធ​នឹង​ពួក​ទ័ព​ព្រៃម៉ៅ​និយម​ទើប​តែ​បាន​អះអាង​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ភេរវកម្ម​នេះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​តាន់ ហ្សង់-ហ្រ្វង់ស័រ

នៅ​ម៉ោង​១​ភ្លឺ​លើស​បន្តិច​បន្តួច រថភ្លើង​ល្លឿន​ខ្លាំង​មួយ​គ្រឿង​ដែល​តភ្ជាប់​កាលគូតា និង​បូមបៃ បាន​ភ្លូក​ក្រឡាប់ ប្រហែល​មក​ពី​មាន​គ្រាប់​បែក​ផ្ទុះ។

ទូ​រទេះ​ភ្លើង​ជាង​ដប់​ពេញ​ព្រៀប​ទៅ​ដោយ​អ្នក​ដំណើរ​ដែល​កំពុង​ដេក បាន​ក្រឡាប់​ទៅ​លើ​ផ្លូវ​ដែក ហើយ​ត្រូវ​រថភ្លើង​មួយ​ខ្សែ​ផ្សេង​ដែល​បើក​បញ្ច្រាស់​ទិស​គ្នា​កិន​ពី​លើ។ គ្រោះថ្នាក់​បាន​កើត​ឡើង នៅ​ក្នុង​តំបន់​ដាច់​ស្រយ៉ាល​គ្មាន​ថ្នល់​ចូល​ទៅ​ដល់ ជាហេតុ​ធ្វើ​ឲ្យ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ពិបាក​នឹង​ប្រព្រឹត្ត​ទៅ​បាន​ឲ្យ​ទាន់​ពេល​វេលា។

លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌា ដែល​បាន​ទៅ​ដល់​ទីកន្លែង​កើត​ហេតុ អះអាង​ថា គឺ​ជា​ភេរវកម្ម​មួយ​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ពួក​ទ័ពព្រៃ​ម៉ៅ​និយម។ គួរ​និយាយ​ថា គ្រោះថ្នាក់​បាន​កើត​ឡើង នៅ​ក្នុង​ស្រុក​មួយ​ក្នុង​រដ្ឋ​បាំងហ្កាល់​ខាង​លិច​ដែល​ជា​ដែន​អំណាច​របស់​ពួក​ទ័ពព្រៃ​កុម្មុយនិស្ត។

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពួក​ទ័ពព្រៃ​ម៉ៅ​និយម បាន​និង​កំពុង​បន្ត​បង្កើន​ការ​វាយ​ប្រហារ ដើម្បី​ឆ្លើយ​តប​វិញ ទៅ​នឹង​ប្រតិបត្តិការ​យោធា​ដ៏​ធំធេង​របស់​កង​ទ័ព​ឥណ្ឌា។ កាល​ពី​ជាង​ដប់​ថ្ងៃ​មុន នៅ​ក្នុង​រដ្ឋ​ជិត​ខាង​មួយ ឡាន​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​បាន​បើក​កិន​គ្រាប់​មីន ជាហេតុ​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​៣៥​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI