កូរ៉េ​

​​ព្យុងយ៉ាង​​​ធ្វើ​សន្និសីទ​កាសែត​បដិសេធ​លទ្ធផល​​អង្កេត​អន្តរជាតិ

នាយ​ឧត្តមសេនីយ៍​កូរ៉េ​ខាង​ជើង​ធ្វើ​សន្និសីទ​កាសែត​ប្រឆាំង​លទ្ធផល​អង្កេត​របស់​កូរ៉េ​ខាង​ត្បូង
នាយ​ឧត្តមសេនីយ៍​កូរ៉េ​ខាង​ជើង​ធ្វើ​សន្និសីទ​កាសែត​ប្រឆាំង​លទ្ធផល​អង្កេត​របស់​កូរ៉េ​ខាង​ត្បូង ©Reuters

ជា​ថ្មី​ម្តង​ទៀត កូរ៉េ​ខាង​ជើង​បាន​ច្រាន​ចោល​​លទ្ធផល​អង្កេត​របស់​អន្តរជាតិ​ ស្តី​ពី​ការ​លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង ដោយ​បាន​អះអាង​បញ្ជាក់​ថា ក្រុង​ព្យុងយ៉ាង​គ្មាន​កូន​នាវា​មុជទឹក​តូចៗ ដែល​អាច​បញ្ជា​ឲ្យ​ទៅ​បាញ់​ពន្លិច​នាវា​ចម្បាំង​Cheonan ដូច​ដែល​ក្រុម​អង្កេត​បាន​រក​ឃើញ​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ​ នៅ​ថ្ងៃ​សៅរ៍​ទី ២៩​ឧសភា នេះ កូរ៉េ​ខាង​ជើង​បាន​ចង្អុល​មុខ​​សហរដ្ឋ​អាមេរិក​ថា​អ្នក​បង្វិល​ក្បាល​កូរ៉េ​ ខាង​ត្បូង ដើម្បី​រក្សា​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​ជប៉ុន និង​ដើម្បី​ឲ្យ​ចិន​ខ្វល់​ខ្វាយ​ចិត្ត​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

វា​ជា​ការ​មួយ​ដ៏​កម្រ​ដែល​គណៈកម្មការ​ការពារ​ជាតិ​របស់​របប​កុម្មុយនីស្ត​កូរ៉េ​ខាង​ជើង បាន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន​ នៅ​ទីក្រុង​ព្យុងយ៉ាង និង​ដែល​ត្រូវ​ចាក់​ផ្សាយ​បន្ត​ ក្នុង​កញ្ចក់​ទូរទស្សន៍​ជាតិ។​

 
សន្និសីទ​កាសែត​ ដែល​ជា​ឱកាស​មួយ​សម្រាប់​កូរ៉េ​ខាង​ជើង បាន​ប្រកាស​ប្រាប់​មហាជន​ទូទៅ​ថា របប​កុម្មុយនីស្ត​ក្រុង​ព្យុងយ៉ាង​ គ្មាន​កូន​នាវា​មុជ​ទឹក​ ឬ​មីស៊ីល​បាញ់​ក្នុង​ទឹក ទម្ងន់ ១៣០ តោន ប្រភេទ "Salmon” ​ដូច​ដែល​ក្រុម​អង្កេត​អន្តរជាតិ​បាន​រក​ឃើញ​ថា​ជា​គ្រាប់​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​ទម្ងន់ ១២០០​តោន កាលពី​ខែ​មីនា និង​ដែល​បាន​បណ្តាល​ឲ្យ​នាវិក​៤៦​ស្លាប់​នោះ​ទេ។

នាយ​ឧត្តមសេនីយ៍​កូរ៉េ​ខាង​ជើង​បាន​ឆ្លើយ​តប​ និង​ពន្យល់​មួយ​ចំណុច​ម្តងៗ វាយ​បក​ទៅ​លើ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​កូរ៉េ​ខាង​ត្បូង​និង​អន្តរជាតិ មុន​នឹង​វាយ​ប្រហារ​ទៅ​លើ​ក្រុង​សេអ៊ូល ដែល​បដិសេធ​មិន​ព្រម​ ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ជូន​ក្រុម​របស់​ខ្លួន​ទៅ​ធ្វើ​អង្កេត​ដោយ​ផ្ទាល់​មួយ​ទៀត។

ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចិន វេន ជាបាវ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លី ម្យ៉ុងបាក់ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន យូក្យូ ហាតូយ៉ាម៉ា កំពុង​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ត្បូង ទំនង​ដើម្បី​សាកល្បង​ដោះ​ស្រាយ​វិបត្តិ​ជើង-ត្បូង​នេះ ក្រុង​ព្យុងយ៉ាង​បាន​ចេញ​សេចក្តី​ចោទ​ប្រកាន់​មួយ​ទៀត​ថា សហរដ្ឋ​អាមេរិក បាន​លូក​លាន់​ និង​ចូល​រួម​ចំណែក​ចោទ​ប្រកាន់​កូរ៉េ​ខាង​ជើង​ថា​អ្នក​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​ ក៏​ព្រោះ​តែ​ចង់​យក​លេស​នេះ​មក​រក្សា​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​កោះ​អូគីណាវ៉ា​ប្រទេស​ជប៉ុន​ និង​ក៏​ព្រោះ​តែ​ដើម្បី​រុញ​ច្រាន​ចិន សម្ព័ន្ធមិត្ត​ដ៏​ស្និទ្ធ​ម្នាក់​គត់​​របស់​ខ្លួន​ឲ្យ​ជួប​នឹង​កង្វល់​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI