ថៃ

ក្រុងបាងកកចេញផុតពីបម្រាមគោចរ

សកម្មភាព​នៃ​សង្កាត់​ពាណិជ្ជកម្ម​ក្រុង​បាងកក​ក្រោយ​ការ​លើក​បម្រាម​គោចរ
សកម្មភាព​នៃ​សង្កាត់​ពាណិជ្ជកម្ម​ក្រុង​បាងកក​ក្រោយ​ការ​លើក​បម្រាម​គោចរ Reuters / Damir Sagolj

នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​បរទេស​​ជាង​មួយ​រយ​នាក់ លោក​ អាភិស៊ីត វេចាជីវ៉ា បាន​គូស​បញ្ជាក់​ថា សំណើ​​រៀប​ចំ​បោះ​ឆ្នោត​មុន​អណត្តិ ​ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ ប៉ុន្តែ​ការ​អង្កេត​ឯករាជ្យ​មួយ​នឹង​ត្រូវ​បើក​ធ្វើ​ ដើម្បី​​វែក​រក​បុព្វហេតុ​នៃ​ការ​ផ្ទុះ​អំពើ​ហិង្សា​បង្ហូរ​ឈាម​ រវាង​កង​កម្លាំង​រដ្ឋាភិបាល​ជាមួយ​នឹង​ហ្វូង​បាតុករ​​អាវ​ក្រហម​ នា​រយៈ​ពេល​ជាង​ពីរខែ​ចុង​ក្រោយ​នេះ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ អៀង សុខម៉ិញ

លើកបម្រាម​គោចរ​ចេញ គឺ​ដូច​ជា​ដក​បន្លា​ចេញ​ពី​ទ្រូង​អ្នក​រស់​នៅ​ក្រុង​បាងកក ព្រោះ​ទីក្រុង​នេះ មាន​សកម្មភាពរស់​រវើក​​ ទាំង​​យប់ ទាំង​​ថ្ងៃ។ ដូច្នេះ​ ការ​ប្រកាស​លើក​បម្រាម​គោចរ បាន​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ធំ​ ជា​ពិសេស​វិស័យ​ទេសចរណ៍ អាច​មាន​ដំណើរ​ការ​បាន​ដូច​ធម្មតា​វិញ​។ ពិពណ៌​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ កណ្តាល​ក្រុង​បាងកក​ ដើម្បី​បញ្ជាក់​ពី​ស្ថិរភាព ឬ​អាច​និយាយ​បែប​ផ្សេង​ថា​ជា​ព្យាបាល​ជំងឺ​ភ័យ​ខ្លាច​ ដល់​បណ្តា​ជន​ក្នុង​ក្រុង តាមរយៈ​​ការ​ដើរ​លេង​ផ្សារ​ណាត់។

ទាក់​ទង​នឹង​ផ្នែក​នយោបាយ​វិញ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ អាភិស៊ីត​ វេចាជីវ៉ា ការ​បោះ​ឆ្នោត​មុន​អណត្តិ នៅ​ពាក់​កណ្តាល​ខែ​វិច្ឆកា ឆ្នាំ ២០១០​​ ដែល​លោក​បាន​ស្នើ​ទៅ​កាន់​មេដឹក​នាំ​អាវក្រហម នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ឡើយ​ ពី​ព្រោះ​គេ​ត្រូវ​ការ​ពេល​វេលា​លើស​ពី​៦​ខែឯណោះ ទើប​​ស្ថានភាព​នយោបាយ​នេះ​ អាច​​ជួប​នឹង​ភាព​ស្ងប់​ស្ងាត់ មាន​លំនឹង​ និង​ស្ថិរភាព​ ដើម្បី​បោះ​ឆ្នោត​បាន។

លោក​​នាយក​រដ្ឋមន្ត្រី​ថៃ យល់​ថា បើ​គេ​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​ ក្នុង​បរិបទ​បច្ចុប្បន្ន ដែល​ពោរពេញ​ទៅ​ដោយ ភាព​រំជើប​រំជួល និង​ ភាព​ស្អប់​ខ្ពើម​គ្នា នោះ​អំពើ​ហិង្សា​នឹង​អាច​ផ្ទុះ​ឡើង​បាន​យ៉ាង​ងាយ​បំផុត។ ជា​ចុង​ក្រោយ លោក​ អាភិស៊ីត ក៏​មិន​បដិសេធ​​ឡើយ​ថា​លោក​នឹង​អាច​ដឹក​នាំ​ប្រទេស​រហូត​ដល់​ចប់​អណត្តិ​របស់​លោក នា​ចុង​ឆ្នាំ ២០១១​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI