កូរ៉េ​ខាងត្បូង

សមយុទ្ធ​នាវា​អាមេរិកាំង និង​កូរ៉េ​ខាងត្បូង

នាវា​អាមេរិក​ចូលរួម​ក្នុង​សមយុទ្ធ​យោធារៀបចំ​ដោយ​កូរ៉េ​ខាងត្បូង​
នាវា​អាមេរិក​ចូលរួម​ក្នុង​សមយុទ្ធ​យោធារៀបចំ​ដោយ​កូរ៉េ​ខាងត្បូង​ ©reuters

នាវា​ចម្បាំង​អាមេរិកាំង​ចំនួន​ដប់​គ្រឿង​ រួម​មាន​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​ផង​ ​ នៅ​សប្តាហ៍​ក្រោយ​ ព្រម​ជាមួយ​កង​នាវា​ចម្បាំង​កូរ៉េ​ខាងត្បូង នឹង​ចូលរួម​សមយុទ្ធ​ប្រឆាំង​នឹង​នាវា​មុជទឹក នៅ​ពេល​កំពុង​មាន​ភាពតានតឹង​ខ្លាំង​ជាមួយ​កូរ៉េ​ខាងជើង បន្ទាប់​ពី​នាវា​មុជទឹក​កូរ៉េ​ខាងជើង​បាន​បាញ់​កំទេច​នាវា​កូរ៉េ​ខាងត្បូង​ មួយ​គ្រឿង​មក។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

ស្រប​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ Yonhap​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​២មិថុនា​នេះ​ ​ ​ នាវា​ផ្ទុក​យន្តហោះ​ USS​ George​ Washington នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ នឹង​បើក​ចេញ​ពី​មូលដ្ឋាន​ខ្លួន នៅ​កំពង់​ផែ​ជប៉ុន​ Yoko suka  ដើម្បី​ទៅ​ដល់​សមុទ្រ​លឿង​ នៅ​ដើម​សប្តាហ៍​ក្រោយ។

សមយុទ្ធ​រួម​គ្នា​នេះ នៅ​ដើម​ឡើយ​ ​ ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ដំណាច់​ខែ​មិថុនា ឬ​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ ប៉ុន្តែ​បែរ​ជា​ធ្វើ​មុន​ពេល​មួយ​ខែ​ទៅ​វិញ ដើម្បី “ឱ្យ​សញ្ញា​ខ្លាំង​មួយ​ “ ព្រមាន​ទៅ​កូរ៉េ​ខាងជើង”។

កូរ៉េ​ខាងត្បូង​ នៅ​ដើម​សប្តាហ៍​នេះ​ បាន​ធ្វើ​សមយុទ្ធ​ ដោយ​មាន​ការចូលរួម​របស់​ទាហាន​កូរ៉េ​ខាងត្បូង​រាប់​ជា​ច្រើន​ពាន់​នាក់​គាំទ្រ​ដោយ​ឩទ្ធម្ភាគចក្រ​ចម្បាំង​ជា​ច្រើន​គ្រឿង។

ស្របតាម​កងទ័ព​កូរ៉េ​ខាង​ត្បូង ការសំញែង​កម្លាំង​ឫទ្ធិ​យោធា​ជា​ថ្មី​នេះ​ធ្វើ​ត្រាប់​តាម​ការវាយ​ប្រហារ​របស់​កូរ៉េ​ខាង​ជើង​ ​ បាន​ប្រព្រឹត្ត​ទៅ​តាម​បណ្តោយ​ស្ទឹង​មួយ​ នៅ​ឃុំ​ខាង​ជើង​តំបន់​Hwacheon​ដែល​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ជាប់​ព្រំដែន​កូរ៉េ​ខាងជើង។

គឺ​ជា​សមយុទ្ធ​លើក​ទីមួយ បន្ទាប់​ពី​របប​ព្យុងយ៉ាង​បាន​បាញ់​កំទេច​នាវា​ចម្បាំង​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង កាល​ពី​ថ្ងៃ​២៦​មីនា​មក។

ស្រប​តាម​សេចក្តី​សន្និដ្ឋាន​នៃ​ការធ្វើ​អង្កេត​ជា​អន្តរជាតិ​មួយ ការលិច​នាវា​ចម្បាំង​ Cheonan​ចំណុះ​១២០០តោន​ បណ្តាល​មក​ពី​ការបាញ់​គ្រាប់​បែក​បុក​ចេញ​ពី​នាវា​មុជ​ទឹក​កូរ៉េ​ខាង​ជើង​មួយ​គ្រឿង​ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​ទាហាន​ជើងទឹក​កូរ៉េ​ខាងត្បូង​៤៦​នាក់។

ព្យុងយ៉ាង​បាន​បដិសេធ​ទាត់ចោល​រាល់​ការទទួល​ខុសត្រូវ​ចំពោះ​ឩប្បត្តិហេតុ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​នេះ ចាប់តាំង​ពី​មាន​ការចុះ​យុទ្ធសន្តិភាព​បញ្ចប់​សង្គ្រាម​កូរ៉េ នៅ​ឆ្នាំ​១៩៥៣​មក។

កូរ៉េ​ខាងត្បូង​បាន​ប្រកាស​វិធានការ​សង​សឹក​តប-ត​ទៅ​កូរ៉េ​ខាង​ជើង​ដែល​បាន​សន្យា​ថា​នឹង​វាយ​បក​មក​កូរ៉េ​ខាង​ត្បូង​វិញ​ ​ ដោយ​ប្រកាស​ធ្វើ​ “សង្គ្រាម​ជា​ទូទៅ​ “ក្នុង​ករណី​មាន​ទ័ណ្ឌកម្ម​ថ្មីៗ​ដាក់​មក​លើ​ខ្លួន”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI