ភូមា

ទស្សនកិច្ច​ពិសេស​សម្រាប់​ទំនាក់ទំនង​ពិសេស

នាយក​រដ្ឋមន្ត្រី​ចិន Wen Jiabao ធ្វើ​ទស្សនកិច្ច​នៅភូមា
នាយក​រដ្ឋមន្ត្រី​ចិន Wen Jiabao ធ្វើ​ទស្សនកិច្ច​នៅភូមា ©reuters

លោក​នាយករដ្ឋមន្ត្រី​ចិន Wen Jiabao បាន​អញ្ជើញ​ទៅ​ដល់​ភូមា កាល​ពី​ម្សិលមិញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ ចំនួន​បី​ថ្ងៃ។ គឺ​ជា​លើក​ទី​មួយ​ហើយ ក្នុង​អំឡុង​ពេល​១៦​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​នាយករដ្ឋមន្ត្រី​ម្នាក់​នៃ​ប្រទេស​ចិន បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ភូមា។ គោលដៅ​ចម្បង​របស់​លោក​Wen Jiabao គឺ​ពង្រឹង​ទំនាក់ទំនង​ពិសេស​រវាង​ចិន និង​ភូមា​ និង​រំងាប់​ភាពរកាំរកូស​មួយ​ចំនួន​ដែល​ផ្តើម​កើត​ឡើង​រវាង​ប្រទេស​ ជិតខាង​របង​ជាមួយ​ទាំងពីរនេះ។

ផ្សាយពាណិជ្ជកម្ម

បទ​អត្ថាធិប្បាយ​របស់​តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

ចិន និង​ភូមា​បាន​ផ្តើម​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​គ្នា កាល​ពី​ជាង​២០​ឆ្នាំ​មុន។ កាលណោះ សហគមន៍​អន្តរជាតិ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ភូមា ក្រោយ​ពី​របប​សឹក​បាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម បាតុកម្ម​របស់​និស្សិត នៅ​ទីក្រុង​Rangoon។ នៅ​ក្នុង​បរិបទ​បែប​នេះ ភូមា និង​ចិន​ក៏​បាន​សម្រេច​បង្កើត រួច​ហើយ​ពង្រឹង ទំនាក់ទំនង​រវាង​គ្នា ដើម្បី​ប្រយោជន៍​របស់​គេ​រៀងៗ​ខ្លួន។ ប្រយោជន៍​របស់​ភូមា គឺ​គេច​ឲ្យ​ផុត​ពី​ការ​បង្កើន​ទណ្ឌកម្ម​ពី​សំណាក់​សហគមន៍​អន្តរជាតិ ដោយ​ពឹងផ្អែក​ទៅ​លើ​សិទ្ធិ​វេតូ (Véto) របស់​ចិន​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។

 
រីឯ​ប្រយោជន៍​ដែល​ចិន​សម្លឹង​ឃើញ​វិញ គឺ​ប្រេងកាត និង​ជាពិសេស​ឧស្ម័ន​ធម្មជាតិ​ច្រើន​សន្ធឹកសន្ធាប់​របស់​ភូមា។ អ៊ីចឹង​ហើយ បានជា​បន្តិច​ម្តងៗ ទំនាក់​ទំនង​រវាង​ចិន និង​ភូមា​មាន​លក្ខណៈ​កាន់​តែ​ពិសេស។ ភូមា​ទិញ​អាវុធ​ពី​ចិន រកស៊ី​ជាមួយ​ចិន និង​បន្ត​អំណាច​ផ្តាច់ការ​សង្កត់សង្កិន​ទៅ​លើ​បក្ស​ប្រឆាំង ដោយ​មិន​ខ្ចី​រវល់​សោះ​ឡើយ​នឹង​ការស្តី​បន្ទោស​ព្រម​ទាំង​សម្ពាធ​របស់​បស្ចិមលោក។ រីឯ​ចិន​វិញ បាន និង​កំពុង​បន្ត​បង្កើន​ការដាក់​ទុន​រកស៊ី នៅ​ភូមា ជាពិសេស​តាមរយៈ​ការផ្តើម​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន និង​ប្រេងកាត​ដែល​ត្រូវ​លូន​ចេញ​ពី​ដី​ភូមា​ចូល​មក​ដី​ចិន​តាម​ខេត្ត​Yunnan។ ពេល​សាងសង់​ហើយ បំពង់​ប្រវែង​១២០០ គីឡូម៉ែត្រ​នេះ នឹង​អាច​បញ្ជូន​ឧស្ម័ន​និង​ប្រេងកាត​របស់​ភូមា​ទៅ​ដល់​ប្រទេស​ចិន ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ​Malacca ទៀត​ទេ។

ភាព​រកាំរកូស​ធ្វើ​ឲ្យ​ចិន និង​ភូមា​ផ្តើម​មើល​មុខ​គ្នា​មិន​ចំ​
 
យ៉ាង​ណា​មិញ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាព​រកាំរកូស​បាន​ផ្តើម​កើត​ឡើង​រវាង​ប្រទេស​ទាំង​ពីរ ពីព្រោះ​តែ​មូលហេតុ​បី​យ៉ាង​ជា​សារវន្ត។ ម្យ៉ាង គឺ​មក​ពី​អសមត្ថភាព​របស់​របប​សឹក​ភូមា ក្នុង​ការបង្កើត​ឲ្យ​មាន​នូវ​ការផ្សះផ្សា​ជាតិ បរិយាកាស​ធូរស្រាល និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​លឿន​រហ័ស នៅ​ក្នុង​ប្រទេស។ ចិន​មិនមែន​ចង់​ឲ្យ​ភូមា​ក្លាយ​ជា​លិទ្ធិ​ប្រជាធិបតេយ្យ​ទេ តែ​ចង់​ឃើញ​ប្រទេស​នេះ​មាន​ស្ថិរភាព​ល្អ។ បើ​ពុំ​នោះ​សោត​ទេ ប្រាក់​វិនិយោគ​ច្រើន​សន្ធឹកសន្ធាប់​របស់​ចិន នៅ​ភូមា នឹង​មិន​នាំ​មក​នូវ​ផល​ចំណេញ លឿន​រហ័ស​ទេ។

មូលហេតុ​ម្យ៉ាង​ទៀត ដែល​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ចាប់​ផ្តើម​អាក់អន់​ចិត្ត​នឹង​របប​សឹក​Rangoon គឺ​ការ​ខិត​ចូល​ជិត​គ្នា​ខ្លាំង​ពេក​រវាង​ភូមា និង​កូរ៉េខាងជើង។ ព័ត៌មាន និង​ពាក្យ​ចចាមអារ៉ាម​បាន និង​កំពុង​បន្ត​លេចឮ​ឲ្យ​ដឹង​ថា របប​សឹក​Rangoon ចង់​ឲ្យ​របប​កុម្មុយនិស្ត​ទីក្រុង​Pyongyang ជួយ​ខ្លួន​ក្នុង​ការអភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ។ ព័ត៌មាន ឬ​ពាក្យ​ចចាមអារ៉ាម​បែប​នេះ ធ្វើ​ឲ្យ​ចិន​ដែល​កំពុង​ត្រូវ​អាមេរិក​បង្ខំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង មិន​ស្រួល​ចិត្ត​ទាល់​តែ​សោះ។ រីឯ​មូលហេតុ​ម្យ៉ាង​ចុង​ក្រោយ ដែល​បង្ក​ឲ្យ​មាន​ភាព​រកាំរកូស​រវាង​ចិន​និង​ភូមា គឺ​នយោបាយ​ធម៌ក្តៅ​របស់​ថ្នាក់​ដឹកនាំ​ភូមា​ដែល​ចេះ​តែ​វាយ​បង្ក្រាប​ឥត​ល្ហែ ទៅ​លើ​ជនជាតិ​ភាគតិច​នៅ​ប៉ែក​ខាង​ជើង និង​ប៉ែក​ឦសាន។ ប្រតិបត្តិការ​យោធា​បែប​នេះ​ដែល​ជួនកាល​មាន​លក្ខណៈ​ធំធេង​មែនទែន នៅ​តាម​បណ្តោយ​ព្រំប្រទល់​ជាមួយ​ប្រទេស​ចិន បង្ក​ជា​បញ្ហា​ដល់​ថ្នាក់​ដឹកនាំ​ទីក្រុង​ប៉េកាំង។

ឧទាហរណ៍​ជាក់ស្តែង កាល​ពី​ខែ​សីហា​ឆ្នាំ​ទៅ​មិញ របប​សឹក​ភូមា​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​វាយ​បង្ក្រាប​ទៅ​លើ​ពួក​ជនជាតិ​ភាគ​តិច​Kokangs ជាហេតុ​បាន​បណ្តាល​ឲ្យ​មាន​ជនភៀស​ខ្លួន​ជាង​៣០ ០០០​នាក់ ចូល​មក​ក្នុង​ទឹកដី​ចិន។ ប្រតិបត្តិការ​នេះ​ថែម​ទាំង​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ជនជាតិ​ចិន​ដែល​រស់នៅ​តាម​ព្រំដែន ចំនួន​ពីរ​នាក់​ទៀត​ផង។ ថ្នាក់​ដឹកនាំ​ចិន​មិន​ចង់​ឃើញ​អស្ថិរភាព​កើត​ឡើង​អ៊ីចឹង​ទេ។ ពីព្រោះ​ម្យ៉ាង វា​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ពាណិជ្ជកម្ម​ទ្វេភាគី។ ពីព្រោះ ម្យ៉ាង​ទៀត វា​ជម្រុញ​ឲ្យ​ជនជាតិ​ភាគ​តិច​ដែល​របប​សឹក​ភូមា​តាម​ធ្វើ​ទុក្ខ​បុកម្នេញ នាំ​គ្នា​ផលិត និង​រត់ពន្ធ​អាភៀន នៅ​ក្នុង​តំបន់​ជាយ​ដែន ដើម្បី​រក​លុយ​យក​មក​ទិញ​អាវុធ។ ពីព្រោះ ម្យ៉ាង​ចុង​ក្រោយ អស្ថិរភាព​នៅ​តាម​តំបន់​ជាយដែន វា​ធ្វើ​ឲ្យ​ការសាងសង់​បំពង់​បង្ហូរ​ប្រេងកាត និង​ឧស្ម័ន​ពី​ខាង​ភូមា​មក​ខាង​ចិន ស្គាល់​ភាព​យឺតយ៉ាវ។ គឺ​ក្នុង​គោលដៅ​រំងាប់​ភាព​រកាំរកូស​រវាង​គ្នា​ទាំង​អស់​នេះ​ហើយ បាន​ជា​លោក​Wen Jiabao ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា ក្នុង​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI