ចិន

ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ទីលាន​Tiananmen​ទាមទារ​ការពិត​

ទេពធីតា​​នៃលទ្ធិ​​ប្រជាធិបតេយ្យ ​និមិត្តរូប​​នៃ​​ព្រឹត្តិការណ៍​​ទីលាន​Tiananmen​
ទេពធីតា​​នៃលទ្ធិ​​ប្រជាធិបតេយ្យ ​និមិត្តរូប​​នៃ​​ព្រឹត្តិការណ៍​​ទីលាន​Tiananmen​ ©Reuters / Tyrone Siu

ថ្ងៃ​នេះ​ទី​៤​មិថុនា​ជា​ខួប​គម្រប់​២១​ ឆ្នាំ​នៃ​ការ​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​ពី​សំណាក់​រដ្ឋ​អំណាច​ចិន​ទៅ​លើ ​មហា​បាតុកម្ម​របស់​និស្សិត​និង​កម្មករ​នៅ​លើ​ទី​លាន​Tiananmen។ ​២១​ឆ្នាំ​ក្រោយ​មក​ក្រុម​គ្រួសារ​អ្នក​រងគ្រោះ​នៅ​តែ​បន្ត​ទាម​ទារ​ឲ្យ​ អាជ្ញាធរ​លាត​ត្រដាង​នូវ​ការ​ពិត​ជុំវិញ​ព្រឹត្តិការណ៍​នេះ។​ ក៏​ប៉ុន្តែ​របប​ទីក្រុង​ប៉េកាំង​នៅ​តែ​មិន​ព្រម​ ពីព្រោះ​ព្រឹត្តិការណ៍​ទីលាន​Tiananmen​នេះ​នៅ​តែ​មាន​លក្ខណៈ​រសើប​និង​ ប្រកប​ដោយ​សង្គ្រាម​ប៉ាកកា។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ័របស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

ក៏​ដូច​ឆ្នាំ​មុនៗ​ដែរ​នៅ​កណ្តាល​ទីក្រុង​ប៉េកាំង​មាន​ស្ត្រី​ចាស់​ជរា​មួយ​ក្រុម​តូច​ដែល​ហ៊ាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​សម្តែង​គារវកិច្ច​ចំពោះ​វិញ្ញាក្ខន្ធ​របស់​កូន​ចៅ​របស់​ពួក​គាត់​ កូន​ចៅ​ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៨៩ ​នៅ​លើ​ទីលាន​Tiananmen។​ ពួក​គាត់​ទាមទារ​ចង់​ដឹង​ការពិត​ ចង់​ដឹង​ចំនួន​ពិត​ប្រាកដ​និង​ឈ្មោះ​របស់​អ្នក​ស្លាប់​ក្រោម​ការ​វាយ​បង្ក្រាប​របស់​​កងទ័ព។

 
ក៏​ប៉ុន្តែ​ក៏​ដូច​ឆ្នាំ​មុនៗ​ដែរ​រដ្ឋ​អំណាច​ធ្វើ​ថ្លង់​មិន​ព្រម​ឮ​សម្រែក​របស់​ស្ត្រី​ចាស់​ជរា​ទាំង​នេះ។​ កាសែត​ផ្លូវការ​នៅ​ប៉េកាំង​ថ្ងៃ​នេះ​មិន​បាន​និយាយ​មួយ​ម៉ាត់​ក៏​អត់​ដែរ​ពី​ព្រឹត្តិការណ៍​ទី៤​មិថុនា​ឆ្នាំ​១៩៨៩។

នៅ​ហុងកុង​ដែល​ជា​តំបន់​លក្ខន្តិកៈ​​ពិសេស​របស់​ប្រទេស​ចិន ទើប​ឃើញ​មាន​កាសែត​ខ្លះ​ដែល​ហ៊ាន​សរសេរ​ពី​រឿង​នេះ និង​ការ​ប្រមូល​ផ្តុំ​គ្នា​ជា​លក្ខណៈ​ធំ​គ្រាន់​បើ ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​រងគ្រោះ​នៃ​ទីលាន​Tiananmen។ ​កាល​ពី​ឆ្នាំ​ទៅ​មិញ នា​ឱកាស​ខួប​២០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ដ៏​សោកសៅ​នេះ ​ប្រជាជន​ជា​ច្រើន​សិប​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​សួន​ច្បារ​ធំ​ជាង​គេ​បង្អស់​របស់​ហុងកុង។

ក៏​ប៉ុន្តែ​ទោះបី​ជា​រស់​នៅ​ហុងកុង​ក៏​ដោយ​ក៏​អ្នក​ស្នេហា​លទ្ធិ​ប្រជា​ធិបតេយ្យ​ទាំង​នេះ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​តាម​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​ប៉ូលិស​ដែរ។​ ជាក់ស្តែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​មិថុនា​​ម្សិល​មិញ ​ប៉ូលិស​បាន​ធ្វើ​អន្តរាគមន៍​ដើម្បី​វាយ​បំបែក​ចលនា​បាតុកម្ម​មួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI