ទួរគី

ទួរគី​បង្កើន​ទម្ងន់​ការទូត​របស់ខ្លួន​នៅក្នុង​តំបន់​

នាយករដ្ឋមន្ត្រីទួរគី​ Recep​ Tayyip​ Erdogan ​(ខាងស្តាំ)​ និង​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាលេស្ទីន​Mahmoud Abbas (ខាងឆ្វេង)
នាយករដ្ឋមន្ត្រីទួរគី​ Recep​ Tayyip​ Erdogan ​(ខាងស្តាំ)​ និង​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាលេស្ទីន​Mahmoud Abbas (ខាងឆ្វេង) © Murad Sezer/ Reuters

ថ្ងៃនេះ​ប្រទេស​ទួរគី​ជា​ម្ចាស់ផ្ទះ​ អ្នក​រៀបចំ​ជំនួប​កំពូល​ស្តីពី​សន្តិសុខ​តំបន់​អាស៊ី​ដែល​ចូល​រួម​ដោយ​ ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ជាង​២០ប្លាយ​ប្រទេស​ ក្នុង​នោះ​រួម​មាន​ជាអាទិ៍​ ប្រធានា​ធិបតី​អៀរ៉ង់​ ស៊ីរី​ អាហ្វហ្កានីស្តង់​ និង​ប្រធាន​រដ្ឋអំណាច​ប៉ាលេស្ទីន​ ព្រម​ទាំង​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី។​ អង្គ​ប្រជុំ​នេះ ​ជា​ឱកាស​មួយ​សម្រាប់​អាជ្ញាធរ​ទួរគី​ក្នុង​ការ​បង្កើន​សម្ពាធ​ទៅលើ​ អ៊ីស្រាអែល​​មួយ​សប្តាហ៍​ក្រោយ​ពី​កងទ័ព​នៃ​ប្រទេស​នេះ​បាន​ប្រព្រឹត្ត​អំពើ​ ហិង្សា​ទៅលើ​កប៉ាល់​​ដឹក​ជំនួយ​មនុស្សធម៌​ទៅឲ្យ​ប្រជាជន​ប៉ាលេស្ទីន​នៅ​ ហ្កាសា ​(Gaza)​រួចមក។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

នៅលើ​វេទិកា​នៃ​ជំនួប​កំពូល​អ្នក​ដឹកនាំ​ប៉ាលេស្ទីន​ ស៊ីរី​ អៀរ៉ង់​ ។ល។​និង​។ល។​បាន​នាំគ្នា​ថ្កោល​ទោស​ទៅលើ​អ៊ីស្រាអែល។​ រីឯ​ថ្នាក់​ដឹកនាំ​ទួរគី​វិញ​បាន​ទាមទារ​ជាថ្មី​ឲ្យ​បង្កើត​គណៈកម្មាការ​អន្តរជាតិ​មួយ​ដើម្បី​ស៊ើប​អង្កេត​ជុំវិញ​អំពើ​ហឹង្សា​បង្ក​ឡើង​ដោយ​កងទ័ព​អ៊ីស្រាអែល​នៅ​លើ​កប៉ាល់​ដឹក​ជំនួយ​មនុស្សធម៌​ អំពើ​ហឹង្សា​កាលពី​សប្តាហ៍​មុន​ដែល​បាន​បណ្តាល​ឲ្យ​សកម្មជន​ដើម្បី​បុព្វហេតុ​ប៉ាលេស្ទីន​សញ្ជាតិ​ទួរគី​៩នាក់​ស្លាប់​បាត់​បង់​ជីវិត។

 
ចំពោះ​នាយក​រដ្ឋមន្ត្រី​ទួរគី​គឺជា​ការ​កាប់​សម្លាប់​រង្គាល​បង្ក​ឡើង​ដោយ​រដ្ឋ​ភេរវនិយមមួយ។​ សម្រាប់​លោក​ប្រធានាធិបតី​ស៊ីរី​វិញ ​គឺ​ជា​ឧក្រិដ្ឋ​កម្ម​​ដោយ​ចេតនា​មួយ​ដែល​បង្ហាញ​ឲ្យឃើញ​ជា​ថ្មី​នូវ​ជំហរ​ប្រឆាំង​នឹង​សន្តិភាព​របស់​ប្រទេស​អ៊ីស្រាអែល។

អ្វី​ដែល​ទួរគី​ចង់​បាន​គឺ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​នៅ​ពេល​បិទ​បញ្ចប់​អង្គ​ប្រជុំ​សេចក្តី​ថ្លែងការណ៍​រួម​ដែល​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ទៅលើ​អ៊ីស្រាអែល។​ យ៉ាងណា​ក៏ដោយ​ជំនួប​កំពូល​ស្ដីពី​សន្តិសុខ​តំបន់​អាស៊ី​នេះ ​ក៏ជា​ឱកាស​មួយ​ដែល​ស្តែង​ឲ្យ​ឃើញ​នូវ​មហិច្ឆតា​ការទូត​ថ្មី​របស់​ទួរគី​ដែល​បាន​និង​កំពុង​បន្ត​បែរ​ខ្នង​ដាក់​អ៊ីស្រាអែល ដើម្បី​ងាក​មក​គាំ​ទ្រ​និង​ការពារ​បុព្វហេតុ​ប៉ាលេស្ទីន​ ក្នុង​គោល​ដៅ​ទាក់ទាញ​សមាន​ចិត្ត​របស់​បណ្តា​ប្រទេស​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅក្នុង​លោក។

នៅក្នុង​ន័យនេះ​ នាយក​រដ្ឋមន្ត្រី​ទួរគី​និង​ប្រធាន​រដ្ឋអំណាច​ប៉ាលេស្ទីន​បាន​សម្រេច​បង្កើត​នៅ​ថ្ងៃ​នេះ​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។​ គណៈកម្មការ​ចម្រុះ​នេះ​នឹង​រួម​ប្រជុំ​គ្នា​មួយឆ្នាំ​ពីរដង​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ដើម្បី​ពិនិត្យ​មើល​កិច្ច​សហ​ប្រតិបត្តិការ​មួយ​ចំនួន​នៅលើ​វិស័យ​ អប់រំ​ សុខភាព​ កសិកម្ម​ វិទ្យាសាស្រ្ត ​និង​វប្បធម៌៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI