ប៉ាគីស្តង់

ក្បួន​រថយន្ត​ដឹក​គ្រឿង​ផ្គត់ផ្គង់​របស់​អូតង់​ត្រូវ​បាន​ពួក​តាលីបង់​វាយ​ប្រហារ

ក្បន​រថយន្ត​អង្គការ​អូតង់​ដែល​ទទួល​រង​ការ​វាយ​ប្រហារ​របស់​ពូ​ក​តាលីបង់ ថ្ងៃ​ទី ៩ មិថុនា ២០១០
ក្បន​រថយន្ត​អង្គការ​អូតង់​ដែល​ទទួល​រង​ការ​វាយ​ប្រហារ​របស់​ពូ​ក​តាលីបង់ ថ្ងៃ​ទី ៩ មិថុនា ២០១០ © Reuters

ពួក​តាលីបង់​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ​ បាន​ដុត​បំផ្លាញ​ក្បួន​ឡាន​camion​ដឹក​គ្រឿង​ផ្គត់​ផ្គង់​សំដៅ​យក​ទៅ​ឱ្យ​កង ​កម្លាំង​ទ័ព​អូតង់​ នៅ​អាហ្វហ្កានិស្តង់​ ដោយ​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​តិច​៧នាក់​ នៅ​ក្នុង​ការវាយ​ប្រហារ​ជា​លើក​ទីមួយ​របៀប​បែប​នេះ​ ​ នៅ​តំបន់​ជិត​ខាង​រដ្ឋ​ធានី​Islamabad​ ​ -យោង​តាម​ព័ត៌មាន​របស់​ប៉ូលិស​ប៉ាគីស្តង់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​៩​មិថុនា​នេះ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

យ៉ាង​តិច​ មាន​ជន​ប្រដាប់​អាវុធ​ដប់​នាក់​ ​ ​ ខ្លះ​បាន​ជិះ​ម៉ូតូ​ ​ ​ ខ្លះ​ទៀត​បាន​ជិះ​ឡាន​camion​តូចៗ​មក​ដល់​ឃ្លាំង​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​Tarnol​ជា​ទី​ដែល​ពួក​វា​បាន​បាញ់​សម្លាប់​ពួក​អ្នក​បើក​ឡាន​រត់​ផ្លូវ​ឆ្ងាយ​និង​ពួក​និយោជិត​ ​ ​ ហើយ​ក៏​បាន​គេច​ខ្លួន​បាត់​ទៅ។

"មនុស្ស​៧​នាក់​បាន​ស្លាប់​និង​ឡាន​camion​ជាង​៥០​គ្រឿង​ត្រូវ​បាន​ដុត​កំទេច​ “​ ​ -​នេះ​ជា​សំដី​របស់​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ប៉ូលិស​ប៉ាគីស្តង់​។ការវាយ​ប្រហារ​ក៏​បាន​បណ្តាល​ឱ្យ​មាន​អ្នក​ត្រូវ​របួស​៦នាក់​ដែរ។

ក្បួន​ឡាន​camion​ត្រូវ​ដឹក​ប្រេង​ឥន្ធនៈ​ ​ ​ ស្បៀង​អាហារ​និង​គ្រឿង​ផ្គត់​ផ្គង់​ដទៃ​ទៀត​ ទៅ​ឱ្យ​កង​ទ័ព​អូតង់​ប្រចាំ​ការ​ នៅ​អាហ្វហ្កានិស្តង់​។ជា​ទូទៅ​ ​ ​ ឡាន​camion​បែប​នេះ​មិន​ដឹក​អាវុធ​ទេ។

កង​ទ័ព​អាមេរិកាំង​ តាម​រយៈ​ប៉ាគីស្តង់​ ដឹក​ពស្តុភារ​ចំនួន​៧៥%​ យក​ទៅ​ឱ្យ​កង​ទ័ព​ខ្លួន​ ប្រចាំ​ការ​ នៅ​អាហ្វហ្កានិស្តង់​ដែល​ក្នុង​ចំណោម​នេះ​ មាន​ប្រេង​ឥន្ធនៈ​ចំនួន​៤០%។

ពួក​ឩទ្ទាម​តាលីបង់​ដែល​មាន​មូលដ្ឋាន​ក្រោយ​ នៅ​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាគីស្តង់​ ​ ​ ច្រើន​តែ​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​ទៅ​លើ​ក្បួន​ឡាន​អូតង់​ដែល​ដឹក​ពស្តុភារ​យក​ទៅ​ឱ្យ​កង​កម្លាំង​ទ័ព​បរទេស​ ប្រចាំ​ការ​ នៅ​អាហ្វហ្កានិស្តង់។

ប៉ុន្តែ ជាលើក​ទីមួយ​ហើយ​ដែល​ពួក​តាលីបង់​វាយ​សំពង​នៅ​ជិត​រដ្ឋ​ធានី​Islamabad​ ហើយ​ការវាយ​ប្រហារ​នេះ​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា​អសន្តិសុខ​កាន់​តែ​រីក​ធំ​ឡើង​ នៅ​ប៉ាគីស្តង់​ជាទី​ដែល​ពួក​តាលីបង់​បាន​ធ្វើ​អំពើ​ភេរវកម្ម​អត្តឃាត​ជាបន្ត​បន្ទាប់​គ្នា​ ជា​ការសង​សឹក​តប-ត​ចំពោះ​ការវាយ​លុក​របស់​កង​ទ័ព​ប៉ាគីស្តង់​ទៅ​លើ​មូលដ្ឋាន​របស់​ខ្លួន​ នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស។

នៅ​ចុង​ខែ​ឩសភា​ ​ ​ ពួក​សកម្មជន​ជា​សម្ព័ន្ធមិត្ត​របស់​ពួក​តាលីបង់​ប៉ាគីស្តង់​បាន​សម្លាប់​ជន​ជាង​៨០នាក់​ នៅ​ឱកាស​វាយ​ប្រហារ​ពីរ​លើក​ទៅ​លើ​និកាយ​សាសនា​អ៊ីស្លាម​ភាគតិច​Ahmadis​ នៅ​ទីក្រុង​ Lahore​ខាង​កើត​ប៉ាគីស្តង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI