រុស្ស៊ី

បញ្ហា​គ្រឿង​ញៀន​ចេញ​មក​ពីអាហ្វហ្កានិស្តង់ ជា​ប្រធានបទ​សន្និសីទ​ក្រុង​ម៉ូស្គូ

លោក​ Medvedev ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​អន្តរជាតិស្តី​ពី​ផលិតកម្ម​គ្រឿង​ញៀន​មក​ពី​ប្រទេស​អាហ្វហ្កានិស្តង់
លោក​ Medvedev ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​អន្តរជាតិស្តី​ពី​ផលិតកម្ម​គ្រឿង​ញៀន​មក​ពី​ប្រទេស​អាហ្វហ្កានិស្តង់ © Reuters

ថ្ងៃនេះ លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ឡើង​ថ្លែង​សុន្ទរកថា​បើក​សន្និសីទ អន្តរជាតិ​ក្រោម​បាវចនា​ថា “ផលិតកម្ម​គ្រឿង​ញៀន​នៅ​អាហ្វហ្កានិស្តង់​ជា​ការ​​ផ្គើន​ឲ្យ​សហគមន៍ ពិភពលោក “។ ចូលរួម​ក្នុង​ការងារ​សន្និសីទ​នេះ​ដែល​នឹង​ពន្យារ​ទៅ​២​ថ្ងៃ គឺ​ពួក​អ្នក​ជំនាញ​ការ​រុស្ស៊ី និង​បរទេស គណៈប្រតិភូ​តំណាង​ឲ្យ​អង្គការ​អន្តរជាតិ បែប​យ៉ាង អ.ស.ប បក្ស​សម្ពន្ធ​OTAN​ អង្គការ​ODKB ស្តី​អំពី​សន្តិសុខ​រួម​របស់​៧​ប្រទេស​នៃ​អតីត​សហភាព​សូវៀត អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ មាន​៦​ប្រទេស​ជា​សមាជិក ហៅ​កាត់​ថា OCS នាំ​មុខ​ដោយ ចិន​និង​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ កែវ ឆាយា

គោលដៅសន្និសីទ គឺ​តាក់តែង​ឡើង​ជា​វិធានការ​រួម​គ្នា​នៅ​តាម​មុខ​ព្រួញ​ប្រយុទ្ធ​ទល់​នឹង​ អកុសល​នេះ។ ខ្លឹមសារ​សន្និសីទ ក៏​ដើម្បី​ទាក់​ទាញ​ស្មារតី​សាធារណជន​ពិភលោក និង​មធ្យោបាយ​ឃោសនា​មហាជន​ក្នុង​លោក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទំហំ​គ្រឿង​ញៀន​ដែល​ហូរ​ចេញ​មក​ពី​ប្រទេស​​អាហ្វហ្កានិស្តង់ និង​ដែល​តាម​តួលេខ​ផ្លូវការ បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ ១​លាន​នាក់​ទៅ​ហើយ​ក្នុង​លោក និង​នៅ​មាន ១៦​លាន​នាក់​ទៀត ដែល​បន្ត​រង​ទុក្ខ​ខាង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។

 
តាម​ប្រសាសន៍ លោក Victor Ivanov ដែល​ជា​ប្រធាន ”ស្ថាប័ន​រដ្ឋ​រុស្ស៊ី​ខាង​ត្រួត​ពិនិត្យ​លើ​ចរាចរណ៍​គ្រឿង​ញៀន “វិធានការ​ដ៏​ស័ក្តសិទ្ធ​​តែ​មួយ​គត់ ខាង​ប្រយុទ្ធ​ទល់​នឹង​ជំនួញ​គ្រឿង​ញៀន​របស់​អាហ្វហ្កានិស្តង់ ​គឺ​ត្រូវ​កំទេច​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៥០% នៃ​ចំការ​ដំណាំ​អាភៀន​​នៅ​លើ​ដែនដី​ប្រទេស​នេះ។ សំរាប់​ជា​ការ​ប្រៀបធៀប កាល​ពី​ឆ្នាំ​២០០៨ យន្តហោះ​អាមេរិកាំង​​បាន​រោយ​សាច​ពី​អាកាស​នូវ​ធាតុគីមី កំទេច​អស់​ដល់​៨០% នៃ​ចំការ​ដំណាំ Cocaine ក្នុង​ប្រទេស​Colombie គឺ​រំដោះ​បាន​ផ្ទៃដី​ ២៣០.០០០​ហិកតា​ឲ្យ​ផុត​ពី​គ្រឿង​ញៀន​នេះ។

ចំណែក​នៅ​ប្រទេស​អាហ្វហ្កានិស្តង់​វិញ ក្នុង​ឆ្នាំ​នោះ​ឯង ដោយ​ប្រើ​គ្រឿង​ម៉ាស៊ីន​មាន​កំទេច​អស់​តែ ៣% ប៉ុណ្ណោះ​នៃ​​រាល់​ចំការ​អាភៀន​នៅ​ទីនោះ គឺ​រំដោះ​បាន​ផ្ទៃដី​តែ ៥.៥០០​ហិកតា​ប៉ុណ្ណោះ។ តាម​សំដី​គាត់​ រុស្ស៊ី​​ជា​ប្រទេស​មួយ​រង​គ្រោះ​ធ្ងន់​ជាង​គេ​នឹង​គ្រឿង​ញៀន​អាហ្វហ្កានិស្តង់។ នៅ​មាន​១០០​ប្រទេស​ទៀត​ដែល​រង​គ្រោះ​ដែរ បូក​ទាំង​ទ្វីប​អឺរ៉ុប​ផង។

ទីផ្សារ​គ្រឿង​ញៀន​ក្នុង​លោក​​មាន​ទឹក​ប្រាក់​ដល់​​៦​ម៉ឺន​៥​ពាន់​លាន​ដុល្លារ​អាមេរិក ពី​ក្នុង​នោះ​១/៥​ធ្លាក់​មក​លើ​ប្រទេស​រុស្ស៊ី។ ក្នុង​ឆ្នាំ​មុន ខាង​ទំហំ​ប្រើ​​ប្រាស់​គ្រឿង​ញៀន សហភាព​អឺរ៉ុប​ជាប់​លេខ​១ ដោយ​បរិមាណ​៧១១​តោន។ រុស្ស៊ី​ជាប់​លេខ​២​ដោយ​បរិមាណ ៥៤៩​តោន។ បើ​នៅ​សហភាព​អឺរ៉ុប​ទាំងមូល ១​ឆ្នាំៗ ធ្លាក់​ខ្លួន​ស្លាប់​នឹង​គ្រឿង​ញៀន គឺ​ប្រមាណ ១០.០០០​នាក់ ឬ ៥០​ដង ច្រើន​ជាង​ចំនួន​យោធា​បណ្តា​ប្រទេស​អឺរ៉ុប​​ស្លាប់ នៅ​អាហ្វហ្កានិស្តង់ នោះ​នៅ​រុស្ស៊ី​ចំនួន​អ្នក​ស្លាប់​បែប​នេះ​ ដោយ​មក​ពី​គ្រឿង​ញៀន ក្នុង​១​ឆ្នាំៗ គឺ​ដល់​ទៅ ៣០.០០០​នាក់​ឯណោះ។

លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ក្នុង​បទ​អន្តរាគមន៍​ខ្លួន សង្កត់​ធ្ងន់​ទៅ​លើ​ការ​កែ​ឲ្យ​សុក្រឹត​ឡើង បទ​ដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​ខាង​ប្រឈម​មុខ​ទល់​នឹង​ចរាចរណ៍​គ្រឿង​ញៀន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI