ថៃ

ភេរវកម្ម​​ផ្ទុះ​ឡើង​ជា​ថ្មីនៅភាគខាងត្បូង​ប្រទេស

អាហារដ្ឋានមួយ​​នៅ​ខេត្ត​យ៉ាឡា ដែល​ត្រូវ​ទទួល​រង​ការ​បោក​គ្រាប់​បែក
អាហារដ្ឋានមួយ​​នៅ​ខេត្ត​យ៉ាឡា ដែល​ត្រូវ​ទទួល​រង​ការ​បោក​គ្រាប់​បែក © Reuters

ទីក្រុង​បាងកក​ទើប​បាន​ស្គាល់​ភាព​ស្ងប់​ស្ងាត់ តែ​នៅ​ភាគ​ខាង​ត្បូង​វិញ​អំពើ​ហិង្សា​បាន​រើ​ឡើង​វិញ។ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ម្នាក់ និង​របួស​២៦ នាក់ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ក្នុង​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ច្នៃ​ពីរ​គ្រាប់ នៅ​តាម​បណ្តោយ​​ផ្លូវ​ដែល​មានហាង​អាហារ​ដ្ឋាន និង​​ភ្ញៀវណែន​ណាន់​​។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

នៅល្ងាចថ្ងៃសៅរ៍ម្សិលមិញ ពួក​អ្នក​វាយ​ប្រហារ​ធ្វើ​ភេរវកម្ម​ បាន​គប់​គ្រាប់​បែក​ច្នៃ​ ចំនួន​ពីរ​គ្រាប់​ ទៅ​លើ​ចិញ្ចើម​ថ្នល់ ត្រង់​ម្តុំ​ដែល​មាន​អាហារដ្ឋាន​ ឥត​ដំបូល​ជា​ច្រើន ក្នុង​ខេត្ត​យ៉ាឡា ភាគ​ខាង​ត្បូង​ប្រទេស។

បើ​យោង​តាម​ប៉ូលិស​ថៃ អំពើ​ភេរវកម្ម​នេះ គឺ​ជា​ការ​សង​សឹក​របស់​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម ​ប៉ុន្តែ​ក្រុម​នេះ​មិន​បាន​ចេញ​មុខ​​ទទួល​ស្គាល់​ថា​ទង្វើ​របស់​ពួក​គេ​ទេ។

៦​ឆ្នាំ​មក​ហើយ​ ដែល​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ រួម​មាន​​ខេត្ត​យ៉ាឡា ប៉ាតានី និង​ណារ៉ាធីវ៉ាត់ ខេត្ត​ជាប់​ព្រំ​ដែន​ជាមួយ​នឹង​ប្រទេស​ម៉ាឡេស៊ី បាន​ទទួល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​ពួក​ឧទ្ទាម​សកម្ម​​ ទាមទារ​ចង់​ផ្តាច់​ទឹក​ដី ដែល​ធ្វើ​ឲ្យ​មាន​ស្លាប់​ជីវិត​មនុស្ស​អស់​ជាង បួន​ពាន់​នាក់។ ​បើ​តាម​ប្រវត្តិសាស្ត្រ ខេត្ត​ទាំង​បី​នេះ​ទើប​បាន​ក្លាយ​មក​ជា​របស់​ថៃ ប្រមាណ​ត្រឹម​មួយ​សតវត្សរ៍​ចុង​ក្រោយ​នេះ​ទេ។ ចំណែក​បណ្តា​ជន​ដែល​រស់​នៅ​ភាគ​ខាង​ត្បូង​នេះ ចំនួន​៨០%​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ដែល​ខុស​ប្លែក​ពី​ប្រជាជន​ថៃ​ទូទៅ​ដែល​ជា​អ្នក​ពុទ្ធ​សាសនា។

ការ​បាញ់​ប្រហារ ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក ការ​កាប់​សម្លាប់​ បាន​កើត​ឡើង​ជា​រឿយៗ សំដៅ​ប្រហារ​ជីវិត​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ ឬ​អ្នករាជការ​ណា​ដែល​​កាន់​សាសនា​អ៊ីស្លាម​​ មាន​ជាអាទិ៍​ប៉ូលិស យោធា ឬ​អ្នក​បំរើ​ការងារ​រដ្ឋ។

ទោះ​បី​ជាមាន​ការ​ពង្រាយ​កម្លាំង​យោធា និង​ប៉ូលិស​ជាង​ច្រើន​ពាន់​នាក់​ក៏​ដោយ​ ក៏​អំពើ​ហិង្សា​​ជា​ទ្រង់ទ្រាយ​ធំ មិន​បាន​ចុះ​ថម​ថយ តែរាល់​ពេល​មាន​ភេរវកម្ម​ម្តងៗ គ្មាន​​ក្រុម​ ឬ​ពួក​ណា​ ​ចេញ​មុខ​ អះអាង​ថា​ជា​ស្នាដៃ​របស់​ពួក​គេ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI