គៀរហ្ស៊ីស្តង់

ទិវា​កាន់​មរណទុក្ខ នៅ​ទូទាំង​ប្រទេស

អាគារ​មួយ​កំពុង​រង​ការឆាបឆេះ​នៅ​ក្នុង​ស្រុក​ Och ប៉ែកខាងត្បូង​ប្រទេសគៀរហ្ស៊ីស្តង់
អាគារ​មួយ​កំពុង​រង​ការឆាបឆេះ​នៅ​ក្នុង​ស្រុក​ Och ប៉ែកខាងត្បូង​ប្រទេសគៀរហ្ស៊ីស្តង់ Alexei Osokin/Reuters

កាន់​ទុក្ខ​នេះ គឺ​ដើម្បី​រម្លឹក​ដល់​វិញ្ញាណក្ខ័ន្ធ​នៃ​ប្រជាពលរដ្ឋ​ដែល​គ្រាន់​តែ​តាម​ តួលេខ​ផ្លូវការ បាន​ធ្លាក់​ខ្លួន​ស្លាប់​អស់​ជិត ១៩០នាក់​ឯណោះ ក្នុង​ការ​ប៉ះ​ទង្គិច​ជាតិសាសន៍​ដ៏​សែន​បង្ហូរ​ឈាម​ផ្ទុះ​ឡើង​តាំង​ពី​ ថ្ងៃទី ១១ ឧសភា​មក នៅ​ឯ​ភូមិភាគ​ខាង​ត្បូង​ប្រទេស។ ទេសភាព​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សព​មនុស្ស​រាយប៉ាយ​តាម​ផ្លូវ ពី​ភ្លើង​ឆេះ​ទ្រលោម​នៃ​លំនៅដ្ឋាន និង​ហាង​លក់​ទំនិញ​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​គ្មាន​ប្រណី ពី​ការ​យំ​បោក​ខ្លួន បោកប្រាណ​នៃ​អ្នក​ស្រុកដែល​បាត់​បង់​សាច់​ញាតិ និង​ទ្រព្យសម្បត្តិ​ខ្លួន បាន​ញ៉ាំង​សហគមន៍​អន្តរជាតិ​ឲ្យ​សម្តែង​ទៅ​ហើយ នូវ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​អសន្តិសុខ​នៅ​ទី​នោះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ជា​បឋម​គួរ​និយាយ​ថា សោកនាដកម្ម​លើក​នេះ​នៅ​តំបន់​ខាង​ត្បូង​គៀរហ្ស៊ីស្តង់ បណ្តាល​មក​ពី​ការ​ប៉ះទង្គិច​បង្ហូរ​ឈាម​រវាង​ជាតិសាសន៍ Kirghiz និង Ouzbek គឺ​មាន​ទំហំ​ធ្ងន់ធ្ងរ​បំផុត បើ​គិត​តាំង​ពី​មាន​សោកនាដកម្ម​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ ១៩៩០ ពេល​ដែល​ដោយ​មក​ពី “ ឃាតកម្ម​រង្គាល​នៅ​ទីក្រុង Osh “ ជំនាន់​សូវៀត មាន​ស្លាប់​អស់​ដល់​ទៅ​ជាង១.០០០ នាក់​ឯណោះ។ ពី​ក្នុង​ចំណោម​បណ្តាជន​សរុប ៥លាន ៥សែន​នាក់​នៅ​គៀរហ្ស៊ីស្តង់ ជាតិOuzbek មាន​ចំនួន ១៥% ហើយ​ជាប់​លំដាប់​ទី ២ បន្ទាប់​ពី​ជាតិ Kirghiz ផ្ទាល់ ដែល​ជា​បណ្តាជន​ស្នូល មាន​ដល់​ទៅ ៧០%។

បើ​ក្រសួង​សុខាភិបាល​គៀរហ្ស៊ីស្តង់​ចេញ​តួលេខ​ផ្លូវការ​ថា សោកនាដកម្ម​លើក​នេះ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​ជិត​១៩០នាក់​នោះ តំណាង​អង្គការ​កាកបាតក្រហម​អន្តរជាតិ​ដែល​មាន​វត្តមាន​ផ្ទាល់​នៅ​គៀរហ្ស៊ីស្តង់ ដោយ​យោង​ទៅ​លើ​សភាពការណ៍​ជាក់ស្តែង​បាន​ប្រមាណ​ថា តួលេខ​នៃ​ចំនួន​អ្នក​ស្លាប់​ត្រូវ​គុណ​ជា២ ជា៣ ទើប​សម។ រីឯ​ជាតិ Ouzbek ដែល​បាន​ភៀស​ខ្លួន
ទៅ​​ដល់​ប្រទេស​កំណើត Ouzbekistan នៅ​ជិត​ខាង​នាំ​គ្នា​ដំណាល​ថា យ៉ាង​ហោច​ណាស់ មាន​ស្លាប់​គឺ​ដល់​៧០០នាក់។ ចំនួន​ជាតិ Ouzbek ដែល​បាន​ភៀស​ខ្លួន​ទៅ​ដល់​មាតុប្រទេស​ខ្លួន​វិញ
តាម​តួលេខ​ផ្តល់​ដោយ​អាជ្ញាធរ Ouzbekistan មក​ទល់​ឥឡូវ​មាន​ចំនួន ៨៣.០០០ នាក់​ហើយ។

រីឯ​ស្នងការដ្ឋានជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ជន​ភៀសខ្លួន​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ដែល​បង្ខំ​ចិត្ត​បម្លាស់​ទីកន្លែង​រស់​នៅ ដោយ​មក​ពី​ស្ថានការណ៍​អសន្តិសុខ​នេះ គឺ​ឡើង​ដល់ ២៧៥.០០០នាក់​ឯណោះ។ ពលរដ្ឋ​បរទេស​ចំនួន​ដល់ ១.២០០នាក់ ក្នុង​នោះ​មាន​ជាតិចិន ទួរគី ប៉ាគីស្តង់ ជា​ដើម បាន​ត្រូវ​ជម្លៀស​ចេញ​ពី​គៀរហ្ស៊ីស្តង់​ទៅ​ហើយ។ “ អង្គការ​ស្ដី​អំពី
សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប “ ហៅ​កាត់​ថា OSCE សំដែង​នូវ​ក្តី​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ជម្លោះ​រវាង​ក្រុម​ជាតិពន្ធុ​នៅ​គៀរហ្ស៊ីស្តង់ អាច​ឆ្លង​រាល​ដាល​ទាំង​ទៅ​លើ​ប្រទេស​នានា​នៅ​ជិត​ខាង​នឹង​ប្រទេស​នេះ។ ក្នុង​ដំណាក់​ឥឡូវ ស្រប​នឹង​ការ​អំពាវនាវ​របស់​អ.ស.ប. សហភាព​អឺរ៉ុប ប្រទេស​រុស្ស៊ី ស.រ.អា និង​ប្រទេស​ចិន​កំពុង​នាំ​គ្នា​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​គៀរហ្ស៊ីស្តង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI