ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ីអាគ្នេយ៍​កំពុង​សម្លឹង​ឃើញ​ថាមពល​នុយក្លេអ៊ែរ

សំឡេង ០៤:១៨
សកម្មភាព​នៃ​ការ​​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​ក្នុង​ប្រទេស​ចិន
សកម្មភាព​នៃ​ការ​​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​ក្នុង​ប្រទេស​ចិន ©Reuters

ជា​មួយ​នឹង​ពលរដ្ឋ​ជាង ៥០០​លាន​នាក់ និង​សន្ទុះ​សេដ្ឋកិច្ច​មិន​ថយ​ក្រោយ​ដែល​ខ្លួន​មាន អាស៊ីអាគ្នេយ៍​ចំា​បាច់​ត្រូវ​តែ​ស្វែង​រក​ប្រភព​ថាមពល​ផ្សេង​ទៀត ក្រៅ​ពី​ប្រភព​ថាមពល​ដែល​ខ្លួន​មាន​ស្រាប់​ដូច​ជា ធ្យូងថ្ម ប្រេងឆៅ ឬ​វារីអគ្គិសនី​ជា​ដើម។ « ថាមពល​នុយក្លេអ៊ែរ » គឺ​ជា​ប្រភព​ថាមពល​ថ្មី​ដែល​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ចង់​បាន ដើម្បី​យក​ទៅ​បំពេញ​បន្ថែម​តម្រូវការ​របស់​ខ្លួន​នៅ​លើ​គ្រប់​វិស័យ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ប្រទេស​ទំាង ១០ ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៅ​មិន​ទាន់​មាន​​ប្រទេស​ណា​មួយ​បំពាក់​ដោយ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​ទេ។ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​បាន​ពឹង​ផ្អែក​ទំាង​ស្រុង​លើ​ថាមពល​អគ្គិសនី​ដែល​បាន​មក​ពី​ធ្យូងថ្ម និង​វារីអគ្គិសនី។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ជា​មួយ​នឹង​ការ​កើន​ឡើង​នៃ​តម្រូវការ​ប្រចំា​ថ្ងៃ ថាមពល​បាន​មក​ពី​ប្រភព​ធម្មជាតិ​ទំាង​នោះ ពិត​ជា​មិន​គ្រប់​គ្រាន់​ទេ។ មួយ​វិញ​ទៀត មាន​ប្រភព​ធម្មជាតិ​ខ្លះ ដូច​យ៉ាង​ធ្យូងថ្ម ក៏​ចេះ​តែ​ស្បើយ​ទៅៗ​ដែរ។ គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ ដែល​បាន​ជម្រុញ​ឲ្យ​ប្រទេស​មួយ​ចំនួន​បន្ត​ស្វែង​រក​ប្រភព​ថាមពល​ថ្មី ដើម្បី​យក​ទៅ​ចិញ្ចឹម​បំប៉ន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន ព្រោះ​ថា អគ្គិសនី គឺ​ជា​ថាមពល​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ។ បើ​យើង​និយាយ​តែ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តម្រូវការ​ថាមពល​អគ្គិសនី​នឹង​ត្រូវ​កើន​ប្រមាណ ២,៤% ក្នុង​មួយ​ឆ្នំា ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នំា ២០៣០។ ចំណែក​ឯ​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​វិញ តម្រូវការ​ថាមពល​អគ្គិសនី​មាន​កំណើន​ប្រមាណ​តែ ១,១% ប៉ុណ្ណោះ។

 
« ថាមពល​នុយក្លេអ៊ែរ » គឺ​ជា​ប្រភព​ថាមពល​ថ្មី​ដែល​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ចង់​បាន។ « ថាមពល​នុយក្លេអ៊ែរ » ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រភព​ថាមពល​កំពុង​ពេញ​និយម និង​មាន​ប្រសិទ្ធិភាព​ខ្ពស់។ មែនទែន​ទៅ ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ​មិន​មែន​ជា​រឿង​ថ្មី​ទេ មាន​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ដូច​យ៉ាង​អាមេរិក ឬ​ប្រទេស​បារំាង បាន​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​តំាង​ពី​យូរ​មក​ហើយ។ នៅ​ប្រទេស​អាស៊ី​មួយ​ចំនួន​ក៏​មាន​បំពាក់​ដែរ ដូច​យ៉ាង​កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស​ចិន។ ចិន​ដែល​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​ចំនួន ១១ និង​កំពុង​​សាងសង់​ចំនួន ២០​បន្ថែម​ទៀត។ ចំណែក​ឯ​ប្រទេស​ឥណ្ឌា​វិញ នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ឥណ្ឌា​ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​សហរដ្ឋអាមេរិក ដោយ​ទីក្រុង​វ៉ាស៊ីនតោន​​យល់​ព្រម​លក់​ទៅ​ឲ្យ​ទីក្រុង New Delhiនូវ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ គ្រឿង​បញ្ឆេះ​នុយក្លេអ៊ែរ​​បម្រើ​ក្នុង​វិស័យ​ស៊ីវិល ព្រម​ទំាង​បច្ចេកវិជ្ជា។

ក្រឡេក​មក​មើល​តំបន់​អាស៊ីអាគ្នេយ៍​វិញ​ម្តង មាន​ប្រទេស​មួយ​ចំនួន​កំពុង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល និង​មួយ​ចំនួន​ទៀត​បាន​ផ្តើម​សិក្សា​ពី​សមត្ថភាព និង​លទ្ធភាព​ក្នុង​ការ​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល។ វៀតណាម គឺ​ជា​ប្រទេស​មុន​គេ​ក្នុង​តំបន់​ដែល​នឹង​ផ្តើម​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​មួយ​របស់​ខ្លួន​ក្នុង​កំលំាង ៤០០០ Mégawatte នៅ​ឆ្នំា ២០២០ ខាង​មុខ។ គួរ​ជម្រាប​ជូន​ថា​កាល​ពី​ខែ​វិច្ឆិការ ឆ្នំា ២០០៩ កន្លង​ទៅ រដ្ឋសភា​វៀតណាម​បាន​យល់​ព្រម​ឲ្យ​រដ្ឋាភិបាល​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​ចំនួន ៤ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ពី ១១ពាន់លាន ទៅ ១៨ពាន់​លាន​ដុល្លារ។ បន្ទាប់​មក​នៅ​ឆ្នំា ២០២១ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​របស់​ប្រទេស​ម៉ាឡេស៊ី​ក៏​អាច​នឹង​ផ្តើម​ដំណើរការ​ដែរ។ ចំពោះ​ប្រទេស Singapour បាន​ផ្តើម​សិក្សា​ពី​សមត្ថភាព​​របស់​ខ្លួន។ ចំណែក​ឯ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ​វិញ បាន​ផ្តើម​ពិនិត្យ​មើល​លើ​លទ្ធភាព និង​ទីតំាង​ដែល​ត្រូវ​សាងសង់។

និយាយ​ជា​រួម​ទៅ អ្វី​ដែល​ជា​ចំណោទ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​ក្នុង​ការ​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល មិន​មែន​ស្ថិត​នៅ​លើ​លទ្ធភាព និង​សមត្ថភាព​នោះ​ទេ។ សំខាន់ គឺ​ស្ថិត​នៅ​លើ​ទីតំាង​ភូមិសាស្រ្ត បញ្ហា​សន្តិសុខ និង​បទពិសោធន៍​ស្តីពី​នុយក្លេអ៊ែរ។ ការ​ស្វែង​រក​ថាមពល​ដោយ​ប្រើ​នុយក្លេអ៊ែរ ដែល​តម្រូវ​ឲ្យ​មាន​បទពិសោធន៍​ក្នុង​ការ​ប្រើប្រាស់ និង​ការ​គ្រប់​គ្រង​ត្រឹមត្រូវ។ មួយ​វិញ​ទៀត អាស៊ីអាគ្នេយ៍​ជា​តំបន់​មួយ​ដែល​ច្រើន​កើត​មាន​គ្រោះ​ធម្មជាតិ ដូច​យ៉ាង​គ្រោះ​រញ្ជួយដី និង​ផ្ទុះភ្នំភ្លើង​ជា​ដើម។ ទំាង​នេះ​សុទ្ធសឹង​ជា​ក្តី​បារម្ភ​របស់​ក្រុម​អ្នក​ឯកទេស​នុយក្លេអ៊ែរ។ បើ​មាន​បទពិសោធន៍​ក្នុង​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ត្រឹមត្រូវ នុយក្លេអ៊ែរ​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ក្នុង​វិស័យ​ថាមពល តែ​ផ្ទុយ​ទៅ​វិញ វា​ក៍​អាច​បង្ក​ចេញ​នូវ​​គ្រោះ​មហន្តរាយ​យ៉ាង​ធំធេង​ដែរ។

ក្រុម​អ្នក​ឯកទេស​នុយក្លេអ៊ែរ​មិន​បាន​ជំទាស់​នឹង​បំណង​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក្នុង​គោលដៅ​ស៊ីវិល​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទេ តែ​បាន​ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន​ដូច​យ៉ាង បង្កើត​ឲ្យ​មាន​ច្បាប់​មួយ​ច្បាស់លាស់​ស្តីពី​នុយក្លេអ៊ែរ។ អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​នោះ គឺ​ជៀសវាង​កុំ​ឲ្យ​មហិច្ឆតា​នុយក្លេអ៊ែរ​ស៊ីវិល ប្រែក្លាយ​ទៅ​ជា​មហិច្ឆតា​នុយក្លេអ៊ែរ​យោធា ពិសេស ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​នុយក្លេអ៊ែរ​ក្លាយ​ជា​អាវុធ​នៃ​ការ​ប្រជែង​កំលំាង​គ្នា​នៅ​ក្នុង​តំបន់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI