ចិន

ចិន​​ព្រម​ដំឡើង​ថ្លៃ​លុយ​យ័ន​មួយ​​កម្រិត​តែ​ប៉ុណ្ណោះ

ចិន​​ព្រម​​តម្លើង​​ថ្លៃ​លុយ​​យ័ន​​មួយ​កម្រិត​តែ​ប៉ុណ្ណោះ​​
ចិន​​ព្រម​​តម្លើង​​ថ្លៃ​លុយ​​យ័ន​​មួយ​កម្រិត​តែ​ប៉ុណ្ណោះ​​ © reuters

លុយ​យ័ន​បាន​ឡើង​ថ្លៃ នៅ​ថ្ងៃ​ចន្ទ​ទី​២១​មិថុនា​នេះ ក្រោយ​ពី​ធនាគារ​កណ្តាល​ចិន​បាន​ប្រកាស​ថា​នឹង​បណ្តោយ​ឲ្យ​លុយ​យ័ន​ឡើង​ចុះ ទៅ​តាម​ក្រឹត្យក្រម​នៃ​ទី​ផ្សារ។ ក៏​ប៉ុន្តែ អាជ្ញាធរ​ចិន​បាន​ប្រាប់​ជា​មុន​ថា ខ្លួន​ព្រម​ឲ្យ​លុយ​យ័ន​កើន​តម្លៃ​ម្តង​បន្តិចៗ មិន​ឲ្យ​ហួស​កម្រិត​មួយ​ដែល​ខ្លួន​បាន​កំណត់​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

១​ដុល្លារ ដូរ​បាន​៦,៨០ប្លាយយ័ន នៅ​ថ្ងៃ​ចន្ទ​ទី​២១​មិថុនា​នេះ បាន​ន័យ​ថា លុយ​យ័ន​បាន​ឡើង​ថ្លៃ​ខ្ពស់ មិន​ដែល​មាន​ឡើយ​ក្នុង​រយៈ​ពេល​ជាង​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ។លុយ​យ័ន​នៃ​ប្រទេស​ចិន​បាន​ឡើង​ថ្លៃ​ខ្ពស់​យ៉ាង​នេះ ក៏​ដោយសារតែ កាល​ពី​ល្ងាយ​ថ្ងៃ​សៅរ៍​ទី​១៩​មិថុនា​កន្លង​ទៅ​នេះ ធនាគារ​កណ្តាល​ចិន​បាន​ប្រកាស​សន្យា​ថា​នឹង​បណ្តោយ​ឲ្យ​តម្លៃ​រូបិយប័ណ្ណ​ចិន​មាន​លទ្ធភាព​ឡើង​ឬ​ចុះ ទៅ​តាម​តម្លៃ​ទី​ផ្សារ។

សូម​ជម្រាប​ថា ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ ដែល​រដ្ឋាភិបាល​ចិន​គិត​តែ​ខ្ទប់​លុយ​យ័ន​ទុក​ឲ្យ​នៅ​ថោក បើ​ធៀប​ទៅ​នឹង​លុយ​ដុល្លារ។ នយោបាយ​ទប់​បា្រក់​យ័ន​ឲ្យ​ថោក​ហួស​តម្លៃ​ពិត​របស់​វា​បែប​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ការ​នាំ​ទំនិញ​ចិន​ទៅ​ក្រៅ​ប្រទេស។

ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​សហគមន៍​អន្តរជាតិ​ពិសេស​អាមេរិក​និង​បណ្តា​ប្រទេស​អឺរ៉ុប បាន​ទាមទារ​ឲ្យ​ថ្នាក់​ដឹក​នាំ​ចិន​គោរព​ក្រឹត្យក្រម​នៃ​ទី​ផ្សារ​រូបិយប័ណ្ណ​អន្តរជាតិ ដោយ​ឈប់​លូក​ដៃ​ធ្វើ​អន្តរាគមន៍​ខ្ទប់​លុយ​យ័ន​ត​ទៅ​ទៀត។ ក៏​ប៉ុន្តែ​មក​ទល់​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ចិន​មិន​ដែល​ខ្ចី​អើពើ​ឡើយ។

ការ​ដែល​ចិន​សម្រេច​បន្ទន់​ជំហរ​របស់​ខ្លួន​បែប​នេះ ក៏​ពីព្រោះ​តែ​ព័ត៌មាន​បាន​លេច​ឮ​ឲ្យ​ដឹង​ថា បញ្ហា​ប្រាក់​យ័ន​ថោក នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា នៅ​ក្នុង​ជំនួបកំពូល​G២០​នៅ​កាណាដា នា​ចុង​សប្តាហ៍​នេះ។

យ៉ាង​ណា​ក៏​ដោយ ចិន​បាន​ប្រាប់​ជា​ស្រេច​ថា ខ្លួន​ព្រម​ឲ្យ​លុយ​យ័ន​កើន​តម្លៃ​បន្តិច​ម្តងៗ​តែ​ប៉ុណ្ណោះ និង​មិន​ឲ្យ​ហួស​កម្រិត​មួយ​ដែល​ខ្លួន​បាន​កំណត់​ជា​មុន​ទេ បាន​ន័យ​ថា​ចិន​រក្សា​លទ្ធភាព​វិល​មក​ធ្វើ​អន្តរាគមន៍​ខ្ទប់​លុយ​យ័ន​វិញ គ្រប់​ពេល​វេលា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI