វៀតណាម​-វ៉ាទីកង់

បន្ត​​ជំនួប​ដើម្បី​ពង្រឹង​ទំនាក់ទំនង​វ៉ាទីកង់-វៀតណាម

ប្រជាជន​វៀតណាម​ប្រមូល​ផ្តុំ​នៅ​មុខវិហារ​កាតូលិកមួយ​នា​​ទីក្រុង​ហាណូយ
ប្រជាជន​វៀតណាម​ប្រមូល​ផ្តុំ​នៅ​មុខវិហារ​កាតូលិកមួយ​នា​​ទីក្រុង​ហាណូយ Tổng Giáo Phận Hà Nội

នៅ​ថ្ងៃ​ទី ២៣ និង​ទី ២៤ មិថុនា​​ស្អែក​នេះ នឹង​មាន​ជំនួប​ថ្មី​មួយ​ រវាង​ក្រុម​ការងារ​​វៀតណាម​ និង​​តំណាង​សង្ឃ​កាតូលិក​ នៅ​បុរី​វ៉ាទីកង់។ នេះ​ជា​ជំនួប​បន្ត​ពី​ការ​ជួប​ចរចា​កាលពី​ថ្ងៃ​ទី ១៦ និង​១៧កុម្ភៈ ២០០៩។ សម្រាប់​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​វៀតណាម ពួកគេ​សង្ឃឹម​ថា​ជំនួន​នេះ​នឹង​អាច​​រឹត​ចំណង​ការទូត​រវាង​វិហារ​កាតូលិក​ជាមួយ​រដ្ឋាភិបាលវៀតណាម​បាន។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយ​ការណ៍​របស់ អៀង សុខម៉ិញ

នេះ​ជា​ជំនួប​លើក​ទី​ពីរ ដែល​នឹង​ត្រូវ​បន្ត​លើក​យក​មក​ពិភាក្សា​នូវ​រាល់​អ្វី​ដែល​ធ្លាប់​បាន​ចរចា​ កាលពី​ខែ​កុម្ភៈ​ឆ្នាំ ២០០៩ នៅ​ទីក្រុង​ហាណូយ។ កម្មវត្ថុ​ចំបង​នៃ​ជំនួប ដែល​ដឹក​នាំ​ដោយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​មន្ត្រី​រដ្ឋការ​ជាន់​ខ្ពស់​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​និង​ គណៈកម្មការ​កិច្ច​ការ​សាសសនា ​វៀតណាម នៅ​ទីក្រុងរ៉ូម​លើក​នេះ​ គឺ​ប្រាថ្នា​សំរេច​ឲ្យ​មានភាព​ប្រសើរ​ឡើង​ និង​ផ្តល់​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ដំណើរ​ការ​ការទូត​វៀតណាម​-​វ៉ាទីកង់​។

 
សូម​បញ្ជាក់​ថា​ ទំនាក់​ទំនង​វៀតណាម និង​វិហារ​កាតូលិក មាន​ភាព​រកាំ​រកូស​យ៉ាង​ខ្លាំង តាំង​ពី​ឆ្នាំ ១៩៥៤​ និង​ឆ្នាំ​១៩៧៥ នៅ​ពេល​ដែល​របប​កុម្មុយនីស្ត​វៀតណាម​ឡើង​កាន់​អំណាច​មក។ តាំង​ពី​ឆ្នាំ ១៩៦៩​មក បុរី​វ៉ាទីកង់​បាន​ខិត​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​នឹង​របប​កុម្មុយនិស្ត ដោយ​បាន​បញ្ជូន​តំណាង​ប្រតិភូ​របស់​ខ្លួនជា​ញឹកញាប់​​ទៅ​កាន់​ប្រទេស​វៀតណាម។

ប៉ុន្តែ ក្រុង​ហាណូយ និង​បុរី​វ៉ាទីកង់ ទើប​តែ​បាន​ផ្តើម​ខិត​ចូល​ជិត​គ្នា​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០០៧ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​។ ហើយ​ជា​ពិសេស  កាលពី​ខែ​ធ្នូ ឆ្នាំ ២០០៩ ប្រធានាធិបតី​វៀតណាម Nguyen Minh Triet គឺ​ជា​ប្រធានាធិបតី​នៃ​របប​កុម្មុយនិស្ត​វៀតណាម​ទី​មួយ ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​បុរី​វ៉ាទីកង់ និង​បាន​ជួប​សន្ទនា​ជាមួយ​នឹង​សម្តេច​បាប​ បឺណ័រ​ទី ១៦។ ជំនួប​ដែល​​​វ៉ាទីកង់​ចាត់​ទុក​ថា​ជា​ដំណាក់​កាល​ដ៏មាន​អត្ថន័យ​​​មួយ​សំរាប់​បង្កើន​ទំនាក់ទំនង​ទ្វេ​ភាគី៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI