កូរ៉េ

ខួប៦០ឆ្នាំនៃសង្គ្រាមកូរ៉េ

កុមារ​កូរ៉េ​នាំគ្នា​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ (1950-1953)​ នៅ​ទីលាន​កប់​ខ្មោច
កុមារ​កូរ៉េ​នាំគ្នា​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ (1950-1953)​ នៅ​ទីលាន​កប់​ខ្មោច Reuters/Truth Leem

កាលពី ៦០​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​​ទី​២៥​មិថុនា​ឆ្នាំ​១៩៥០​សង្គ្រាម​កូរ៉េ​បាន​ផ្ទុះ​ឡើង។ គឺ​ជា​សង្គ្រាម​មួយ​សាហាវ​ជាង​គេ​បង្អស់​នៃ​សម័យ​សង្គ្រាម​ត្រជាក់។ វា​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ជិត​បី​លាន​នាក់។ ក្នុង​​ថ្ងៃ ​ខួប​​ដ៏​ល្វីង​ជូរចត់​នេះ លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​ឈប់​បង្ក ​រឿង និង​ឈប់​បង្កើត​ភាព​តានតឹង។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស័រ

នៅ​ចំពោះមុខ​អតីត​យុទ្ធជន​កូរ៉េ​ខាង​ត្បូង​ជាង​១០០​នាក់ ដែល​មក​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​ទី​៦០​ឆ្នាំ​នៃ​សង្គ្រាម​កូរ៉េ លោក​ប្រធានាធិបតី Lee Myung-Bak បាន​សម្តែង​គារវកិច្ច​គោរព​វិញ្ញាណក្ខន្ធ​របស់​ទាហាន​កូរ៉េ​ខាង​ត្បូង និង​របស់​ទាហាន​អង្គការ​សហប្រជាជាតិ ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣។

សង្គ្រាម​កូរ៉េ ដែល​កាល​ណោះ កង​កម្លាំង​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក បាន​មក​ការពារ​កូរ៉េ​ខាង​ត្បូង​ឲ្យ​រួច​ផុត​ពី​ការ​ឈ្លានពាន​របស់​ទ័ព​កូរ៉េ​ខាង​ជើង​ជ្រោមជ្រែង​ដោយ​កងទ័ព​ចិន បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ជិត​បី​លាន​នាក់។

៦០​ឆ្នាំ​ក្រោយ​មក កូរ៉េ​ទាំង​ពីរ​នៅ​តែ​ជា​សត្រូវ​នឹង​គ្នា នៅ​តែ​ត្រូវ​បាន​កាត់​ផ្តាច់​ជា​ពីរ រីឯ​កងទ័ព​អាមេរិក​វិញ នៅ​បន្ត​ឈរ​ជើង​នៅ​កូរ៉េ​ខាង​ត្បូង​ត​ទៅ​ទៀត។ ភាព​តានតឹង​ក៏​នៅ​តែ​កើត​ឡើង​មិន​ដាច់ ជា​ទូទៅ​ដោយ​ហេតុ​តែ​ការ​រក​រឿង​ពី​សំណាក់​កូរ៉េ​ខាង​ជើង។ ជាក់ស្តែង​កាល​ពី​ថ្ងៃ​ទី​២៦​មីនា​កន្លង​ទៅ​នេះ កូរ៉េ​ខាង​ជើង​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​កូរ៉េ​ខាង​ត្បូង ជា​ហេតុ​បាន​បណ្តាល​ឲ្យ​នាវិក​ជា​ច្រើន​សិប​នាក់​បាត់​បង់​ជីវិត។

កាល​ពី​ព្រឹក​មិញ លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​តម្រូវ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ការ​រក​រឿង។ ក្នុង​ន័យ​ដូច​គ្នា​អ៊ីចឹង​ដែរ មេ​បញ្ជាការ​នៃ​ទ័ព​អាមេរិក​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា នឹង​មាន​ការ​ឆ្លើយ​តបត​វិញ​យ៉ាង​រហ័ស ទៅ​នឹង​រាល់​ការ​បង្ក​រឿងរ៉ាវ​ជា​ថ្មី​ពី​សំណាក់​កូរ៉េ​ខាង​ជើង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI