អូស្ត្រាលី

លោកស្រីJullia Gillard នាយក​រដ្ឋមន្ត្រី​ស្ត្រី​ទី​មួយ​​នៅ​អូស្រ្តាលី

លោកស្រី​Julia Gillard នាយក​រដ្ឋមន្ត្រី​​អូស្រ្តាលី​ថ្មី​ក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង
លោកស្រី​Julia Gillard នាយក​រដ្ឋមន្ត្រី​​អូស្រ្តាលី​ថ្មី​ក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង © Reuters

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អូស្រ្តាលី​ដែល​មាន​នាយក​ រដ្ឋមន្ត្រី​ជាភេទ​ ​ស្ត្រី។ ដោយ​គ្មាន​ការ​នឹក​ស្មាន​ទុក​ជា​មុន លោកស្រី​Julia Gillard នៃ​បក្ស​ពលករ​ប្រមូល​បាន​ការ​គាំទ្រ​ពី​គណបក្ស​ ឲ្យ​ធ្វើ​ជា​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​អូស្ត្រាលី ជំនួស​លោក​នាយក​រដ្ឋមន្ត្រី​ចាស់​ដែលបាត់​បង់​ប្រជាប្រិយភាព​ខ្លាំង និង​ដែល​ទើប​បាន​​សុំ​លា​លែង​ចេញ​ពី​តំណែង​។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​លម្អិត

មាន​អាយុ​ ៤៨ ឆ្នាំ លោកស្រី​Julia Gillard អតីត​មេធាវី​ និង​ជា​មនុស្ស​សំខាន់​ទីពីរ​របស់​បក្ស​ពលករ បាន​​ទទួល​តំណែង​ដ៏​កំពូល​នៅ​ក្នុង​រដ្ឋាភិបាល និង​ជា​​នាយក​រដ្ឋមន្ត្រី​​​ ស្ត្រី​ដំបូង​បង្អស់​ នៅ​អូស្ត្រាលី នៅថ្ងៃ​​ព្រហស្បតិ៍​ទី ២៤ មិថុនា ម្សិលមិញ។

 
ប្រសូត​ចេញ​ពី​គ្រួសារ​កម្មករ​​សាមញ្ញ​មួយ​ នៅ​ប្រទេស​អង់គ្លេស និង​ដោយ​បញ្ហា​សុខភាព​ របស់​កុមារី​​Julia Gillardតែ​ម្តង ក្រុម​គ្រួសារ​ទាំងមូល​ បាន​សម្រេច​​និរទេស​ខ្លួន​មក​តាំងទី​​នៅ​ក្នុង​​ទឹក​ដី​អូស្រ្តាលីដែល​មាន​អាកាស​ធាតុ​ក្តៅ​ជាង​អង់គ្លេស នៅ​ឆ្នាំ ១៩៦៦។ បន្ទាប់​ពី​បាន​ចូល​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​​ បាន​​ជា​ងមួយ​ឆ្នាំ លោកស្រី បាន​ភ្ជាប់​ខ្លួន​ចូល​ជា​សមាជិក​សកម្ម​នៃ​បក្ស​ពលករ​អូស្ត្រាលី និង​បាន​​ក្លាយ​ជា​មេធាវី ឯកទេស​ការងារ នៅ​ឆ្នាំ ១៩៨៧។

ជា​សមាជិក​សភា តាំង​ពី​ឆ្នាំ​១៩៩៨ លោកស្រី​Julia Gillard ត្រូវ​បាន​តែង​តាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ក្រសួង​ការងារ​និង​ទំនាក់ទំនង​សង្គម នៅ​ឆ្នាំ​ខែ​វិច្ឆិកា ឆ្នាំ​២០០៧។ ឆ្នាំ​ដែល​គណបក្ស​ពលករ​បាន​ឈ្នះ​ឆ្នោត និង​មាន​លោក Kevin Rudd ជានាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​ដោយ​បញ្ហា​អប្រជាប្រិយភាព ព្រោះ​ជំរើស​នយោបាយ លោក Kevin Rudd បាន​លាលែង​ចេញ​ពី​តំណែងប្រធាន​គណបក្ស​ពលករ ដែល​ជា​ឱកាស​មួយ​សម្រាប់​លោកស្រី​Julia Gillard បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​។

ភ្លាម​មួយ​រំពេច ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា បាន​​អបអរ​ស្វាគមន៍​ចំពោះ​ ការ​ឡើង​តំណែង​ជា​នាយក​រដ្ឋមន្ត្រីរបស់​​លោកស្រី Julia Gillard និង​បាន​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ប្រវតិ្តសាស្ត្រមួយ។ លោក​ អូបាម៉ា​ ក៏​​​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក Kevin Rudd ដែល​​ជា​អ្នក​ចាញ់​ ប្រកប​កិត្តិយស សុខចិត្ត​លា​លែង​ចេញ​ពី​តំណែង​នៅ​ពេល​នយោបាយ​របស់​លោក​អស់​​ប្រជាប្រិយភាព៕​
  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI