អានតួអត្ថបទ
គៀរហ្ស៊ីស្តង់

ប្រជាមតិ បាន​គាំទ្រ​ដល់ គំរោង​រដ្ឋ​ធម្មនុញ្ញ​ថ្មី

លោកស្រី Roza Otounbaïeva ប្រធានាធិបតី​ស្តីទី​គៀរហ្ស៊ីស្តង់ថ្ងៃ​ទី ២៧ មិថុនា២០១០
លោកស្រី Roza Otounbaïeva ប្រធានាធិបតី​ស្តីទី​គៀរហ្ស៊ីស្តង់ថ្ងៃ​ទី ២៧ មិថុនា២០១០ © Shamil Zhumatov / Reuters
ដោយ៖ កែវ ឆាយា
៣៩ នាទី

លទ្ធផល​ធំ​ចំបង​ នៃ​ការ​គាំទ្រ​នេះ ពី​សំណាក់​ប្រជាជន គឺ​ថា​ចាប់​ពី​អំណើះ​តទៅ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន ប្រែ​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ ចំណែក​ប្រមុខ​បច្ចុប្បន្ន​នៃ​រដ្ឋាភិបាល​នេះ ទទួល​ឋានៈ​ជា​ប្រធានាធិបតី​សម័យ​អន្តរកាល លុះ​រហូត​ដល់​ដំណាច់​ឆ្នាំ​ក្រោយ​ឆ្នាំ​២០១១ ប៉ុន្តែ​សំខាន់​បំផុត​ នៅ​គៀរហ្ស៊ីស្តង់ ដែល​ជា​ករណី​ទី​១​ សំរាប់​តំបន់​អាស៊ី​កណ្តាល អំណាច​នឹង​ឆ្លង​ពី ដៃ​ប្រធានាធិបតី ទៅ​ក្នុង​ដៃ​រដ្ឋ​សភា បន្ទាប់​ការ​បោះឆ្នោត​សកល នៅ​ពេល​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

បទអន្តរាគមន៍​របស់ កែវ ឆាយា ពី​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី ឆ្លើយ​នឹង​សំណួរ​របស់ គួច គន្ធារ៉ា

សំណួរ​ដែល​មាន​ដាក់​ជូន​ប្រជាជន​បញ្ចេញ​យោបល់ សរុប​ទៅ​មាន​បី គឺ​ថា ៖
ទី១- តើ​គួរ​បំពាក់​ឬ​ទេ លើ​រូប​លោកស្រី Roza Otounbaieva សព្វថ្ងៃ ជា​ប្រមុខ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន នូវ​ឋានៈ​ជា​ប្រធានាធិបតី​សម័យ​អន្តរកាល លុះ​រហូត​ថ្ងៃ​៣១​ធ្នូ​២០១១?

ទី២- តើ​គួរ​លុប​ឈប់​ឲ្យ​មាន​ឬ​ទេ​ក្នុង​ប្រទេស ជា​តុលាការ​ធម្មនុញ្ញ?
ទី៣- តើ​គួរ​អនុម័ត​យក​ឬ​ទេ វិសោធនកម្ម​ភ្ជាប់​ទៅ​លើ​ច្បាប់​គោល​ ដែល​ប្រមើល​ចម្លង​អំណាច​គ្រប់គ្រង​នៅ​គៀរហ្ស៊ីស្តង់ ចេញ​ពី​ដៃ​ប្រធានាធិបតី ទៅ​ក្នុង​ដៃ​រដ្ឋសភា​ទៅ​វិញ?
សំរាប់​ជា​ការ​កត់​សំគាល់ ការ​អនុម័ត​យក​វិសោធនកម្ម​នេះ គឺ​មាន​ន័យថា គៀរហ្ស៊ីស្តង់​នឹង​ក្លាយ​ទៅ​ជា​សាធារណរដ្ឋ​ទី១ នៅ​តំបន់​អាស៊ី​កណ្តាល ដែល​ការ​តែងតាំង ឬ​ការ​ទម្លាក់​រដ្ឋាភិបាល និង​នាយក​រដ្ឋមន្ត្រី គឺ​ជា​បុព្វសិទ្ធិ​ពេញ​ទី​របស់​រដ្ឋសភា លែង​ជា​បុព្វសិទ្ធិ​របស់​ប្រធានាធិបតី ដូចនៅ​តាម​សាធារណរដ្ឋ​៤​ទៀត​នៃ​តំបន់​នោះ ពោល​គឺ Kazakhstan Tadjikistan Turkmenistan Ouzbekistan។

នៅគៀរហ្ស៊ីស្តង់ ពី​ក្នុង​ចំណោម​បណ្តាជន ៥​លាន​៥​សែន​នាក់ អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​គឺ ២​លាន​៧​សែន​នាក់ ដែល​ពី​ក្នុង​នោះ តាម​តួលេខ​របស់​គ.ជ.ប. បាន​ទៅ​កាន់​ហិប​ឆ្នោត គឺ ៧០% ហើយ​ពី​ក្នុង​នោះ​មាន​ដល់ ៩០% បាន​បោះឆ្នោត​គាំទ្រ​ដល់​គំរោង​រដ្ឋ​ធម្មនុញ្ញ​ថ្មី។ ទ្រង់ទ្រាយ​នៃ​ការ​គាំទ្រ​នេះ គឺថា​សំណួរ​ទាំង​៣​បាន​ត្រូវ​រដ្ឋ​អំណាច​ចង​ជា​ចង្កោម​តែមួយ ដាក់​ឲ្យ​ប្រជាជន​ឆ្លើយ ៖ ឬ​មួយ​គាំទ្រ ឬ​មួយ​ច្រាន​ចោល។ បើ​គេ​គាំទ្រ​ដល់​សំណួរ​ណា​មួយ គឺ​មាន​ន័យ​ជា​ស្វ័យ​ប្រវត្តិ​ថា​គេ​គាំទ្រ​ដល់​សំណួរ​​២​ទៀត។

ទោះយ៉ាងណាក្តី ក៏​អង្គការ​ស្តី​អំពី​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប ហៅថា OSCE ដែល​មាន​ភារៈ​ខាង​តាម​ដាន​អំពី​ការ​បោះឆ្នោត បាន​ប្រកាស​ទៅ​ហើយ​ថា ប្រជាមតិ​នៅ​គៀរហ្ស៊ីស្តង់ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​តម្លាភាព និង​សុចរិត​ត្រឹមត្រូវ ឆ្លើយ​ស្រប Standard ប្រជាធិបតេយ្យ។

លទ្ធផល​ប្រជាមតិ​នេះ តាម​សំដី​លោកស្រី Roza Otounbaieva ផ្ទាល់ គឺ​មាន​ន័យ​ថា ៖ រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ដែល​គាត់​ដឹកនាំ ទទួល​បាន​នីត្យានុកូលកម្ម ក្លាយ​ទៅ​ជា​ រដ្ឋាភិបាល​ស្រប​ច្បាប់។

រូប​គាត់​ផ្ទាល់ មាន​លក្ខន្តិកៈ​ស្រប​ច្បាប់ ទៅ​ជា​ប្រធានាធិបតី​សម័យ​អន្តរកាល​លុះ​រហូត​ដល់ ថ្ងៃ​៣១​ធ្នូ​ឆ្នាំ​២០១១​ឯណោះ។ ប៉ុន្តែ​ស្រប​នឹង​គំរោង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នោះ លោកស្រី​លែង​អាច​បញ្ឈរ​ឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី សំរាប់​អាណត្តិ​ថ្មី​ទៀត​ឡើយ។

ក្នុង​បទ​អន្តរគមន៍​ខ្លួន លោកស្រី​សង្កត់​ធ្ងន់​ថា ៖ ប្រជាមតិ​នេះ ស​ឲ្យ​ឃើញ​ថា ប្រជាជន​នាំគ្នា​ច្រាន​ចោល​របប​គ្រួសារ​និយម​នៃ​ប្រធានាធិបតី​មុនៗ។ រដ្ឋ​ធម្មនុញ្ញ​ថ្មី ចាក់​ជា​គ្រឹះ​ច្បាប់​សំរាប់​គាស់​រំលើង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស។ រដ្ឋ​ធម្មនុញ្ញ​ថ្មី អនុញ្ញាត​ឲ្យ​បំផ្លាញ​ចោល​បណ្តាញ​ស្កេកស្កះ​ខាង​លួច​ទ្រព្យ​សម្បត្តិ​រដ្ឋ ដែល​ដុះ​ស្លែរ​អស់​យូរ​ឆ្នាំ​មក​ហើយ។

ប្រជាពលរដ្ឋ​គៀរហ្ស៊ីស្តង់ ដែល​បាន​បោះឆ្នោត​ម្សិលមិញ គឺ​គេ​បោះ​ដើម្បី​ប្រជាធិបតេយ្យ ដើម្បី​ប្រទេស​ជាតិ​ថ្មី ជា​ទី​ដែល​សិទ្ធិ​មនុស្ស​សាមញ្ញ ត្រូវ​រដ្ឋ​លើក​ជា​តម្លៃ​កំពូល​តែ​ម្តង។

តប​នឹង​សំណូមពរ​អ្នក​កាសែត​ម្នាក់ ដែល​សុំ​ឲ្យ​គាត់​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ប្រជាមតិ​នៅ​គៀរហ្ស៊ីស្តង់ ពេល​ថ្លែង​ក្នុង​ជំនួប​កំពូល G-20 នៅក្រុង Toronto ប្រទេស កាណាដា​លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev បាន​បញ្ចេញ​យោបល់​ថា ប្រជា​មតិ​នេះ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​សុទ្ធ​សាធ​របស់​គៀរហ្ស៊ីស្តង់​ ដែល​ជា​រដ្ឋ​អធិបតេយ្យ​ទេ​តើ។ ប៉ុន្តែ​រូប​គាត់​ផ្ទាល់ ពិបាក​នឹក​ស្មាន​ឃើញ​ណាស់ តើ​ដោយ​របៀប​ណា​ដែល នៅ​គៀរហ្ស៊ីស្តង់​គេ​អាច​សមិទ្ធិ​ទៅ​កើត នូវ​គំនិត​ដែល​ចែង​ថា អំណាច​ត្រូវ​ស្ថិត​ក្នុង​ដៃ​រដ្ឋ​សភា​សោះ។ មិន​តែ​ប៉ុណ្ណោះ តាម​យោបល់​លោក Medvedev ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន រដ្ឋ​គៀរហ្ស៊ីស្តង់​ថែម​ទាំង​អាច​បែក​បាក់​ជា​ចំណែកៗ​ទៅ​ផង។

មូលហេតុ មក​ពី​នៅ​ទីនោះ អំណាច​នៅ​ខ្សោយ​នៅ​ឡើយ ខាង​រៀប​រយ​ឲ្យ​មាន​សណ្តាប់​ធ្នាប់។ ទន្ទឹម​នេះ លក្ខណៈ​ស្រប​ច្បាប់​នៃ​រដ្ឋអំណាច ស្ថិត​នៅ​ក្នុង​កំរិត​ទាប​នៅ​ឡើយ។

លោក Medvedev សម្តែង​ក្តី​ព្រួយ​បារម្ភ​មែនទែន ខ្លាច​កើត​ឡើង​នៅ​គៀរហ្ស៊ីស្តង់ ជា​Scenario​កាល​ដែល អំណាច​អាច​របូត​ជា​យថាហេតុ ទៅ​ក្នុង​ដៃ​ពួក​ជ្រុល​និយម​ទៅ​វិញ ពីព្រោះ​ពួក​អ្នក​តំណាង​រាស្ត្រ ដែល​ក្រោយ​ពី​មាន​អាសនៈ​ប្រចាំ​ក្នុង​រដ្ឋ​សភា ដោយ​មក​ពី​គេ​តំណាង​ឲ្យ​គណបក្ស​នយោបាយ​ប្លែកៗ គឺ​អាច​ប្រទ្រុស្ត​ប្រទ្រះ​គ្នា បង្កើត​ជា​បញ្ហា​មិន​ចេះ​ចប់ លុះ​ទាល់​តែ​អំណាច ឆ្លង​ពី​ដៃ​មួយ​ទៅ​មួយ រហូត​នៅ​ទី​បំផុត អាច​នឹង​ឡើង​កាន់​អំណាច គឺ​កម្លាំង​ដែល​មាន​ទំនោរ​ជ្រុល​និយម​សោះ។ នៅ​ពី​មុខ​Scenario បែប​នេះ គឺ​ពិត​ជា​ទាមទារ​ឲ្យ​មាន​អំណាច​ខ្លាំង​ដែល​មាន​ទ្រង់ទ្រាយ​ច្បាស់លាស់។

ទោះបី​រដ្ឋាភិបាល​ខំ​អះអាង​ថា ស្ថានការណ៍​មាន​ស្ថិរភាព​ឡើង​វិញ​ហើយ រួច​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន​ក្តី ក៏​ការ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ចាប់​ពី​ព្រឹក​មិញ​មក ក្រោយ​ពី​ប្រជាមតិ​ចប់​ទៅ​ភាព​អាសន្ន និង ម៉ោង​បំរាម​គោចរ បាន​ត្រូវ​អាជ្ញាធរ​ប្រកាស​អនុវត្តន៍​ជា​ថ្មី នៅ​ខេត្ត Osh និង​ខេត្ត Djalal-Abad ប៉ែក​ខាង​ត្បូង​ប្រទេស ជា​ទី​ដែល​ពេល​ថ្មីៗ ដោយ​មក​ពី​ការ​ប៉ះ​ទង្គិច រវាង​ជាតិ​Kirghiz និង ជាតិOuzbek គ្រាន់​តែ​តាម​តួលេខ​ផ្លូវការ មាន​ស្លាប់​ដល់​ជាង ២៨០​នាក់​ទៅ​ហើយ​ ប៉ុន្តែ​តាម​តួលេខ​ក្រៅ​ផ្លូវការ គឺ​ស្លាប់​ដល់​ប្រមាណ ២.០០០​នាក់ ហើយ​តាម​តួលេខ​អ.ស.ប.​១០​ម៉ឺន​នាក់ ក្លាយ​ជា​ជន​ភៀស​ខ្លួន​ទៅ​ប្រទេស Ouzbekistan ជិត​ខាង និង​៤០​ម៉ឺន​នាក់ ក្លាយ​ទៅ​ជា​ជន​បន្លាស់​ទី ក្នុង​ប្រទេស​គៀរហ្ស៊ីស្តង់​ផ្ទាល់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ