អានតួអត្ថបទ
នេប៉ាល់

សភានេប៉ាល់​នៅ​តែ​សម្រេច​តែងតាំង​នាយក​រដ្ឋមន្ត្រី​មួយរូបមិនបាន

បេក្ខជន​នាយក​រដ្ឋមន្ត្រី នៃ​គណបក្ស​ម៉ៅនិយម
បេក្ខជន​នាយក​រដ្ឋមន្ត្រី នៃ​គណបក្ស​ម៉ៅនិយម © Reuters
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
១៤ នាទី

កាល​ពី​ថ្ងៃ​ចន្ទ​ទី​២​សីហា​ម្សិលមិញ សភា​នេប៉ាល់​បាន​ទទួល​បរាជ័យ​ជា​លើក​ទី​បី​ផ្ទួនៗ​គ្នា​ក្នុង​ការ​បោះឆ្នោត​តែងតាំង​នាយក​រដ្ឋមន្ត្រី។ បរាជ័យ​ថ្មី​នេះ​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​នៃ​ប្រទេស​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ​និង​អូសបន្លាយ​កាន់​តែ​យូរ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ ហ្សង់-ហ្វ្រង់ស័រ តាន់

ការ​បោះឆ្នោត​នៅ​សភា​នេប៉ាល់​កាល​ពី​ម្សិលមិញ បាន​នាំ​មក​នូវ​លទ្ធផល​ដដែល​ជា​ដដែល​ដូច​លើក​មុនៗ​ទៀត។ មេ​ដឹកនាំ​ចលនា​ម៉ៅនិយម Pushpa Kamal Dahal ទទួល​បាន​សំឡេង​ភាគ​ច្រើន តែ​មិន​បាន​គ្រប់​២​ភាគ​៣ ដូច​ការ​ទាមទារ​របស់​រដ្ឋធម្មនុញ្ញ ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស និង​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​បាន។

ដូច​ពី​ពេល​មុនៗ​ដែរ ពួក​ម៉ៅនិយម​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ទាក់ទាញ​សំឡេង​នៃ​តំណាងរាស្រ្ត​របស់​គណបក្ស​តូចៗ។ គណបក្ស​តូចៗ​ទាំង​នេះ​ដែល​មាន​អាសនៈ​ប្រមាណ​៨២ នៅ​ក្នុង​សភា ចង់​បន្ត​ចរចា​និង​ដាក់​លក្ខខណ្ឌ​បន្ថែម​មុន​នឹង​បោះឆ្នោត​គាំទ្រ​បេក្ខជន​របស់​ចលនា​ម៉ៅនិយម។

យ៉ាង​ណា​ក៏​ដោយ បរាជ័យ​ជា​ថ្មី​នៃ​ការ​តែងតាំង​នាយក​រដ្ឋមន្ត្រី​ដោយ​សភា​កាល​ពី​ម្សិលមិញ​បន្ត​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​នៃ​ប្រទេស​នេប៉ាល់​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ និង​អូស​បន្លាយ​កាន់​តែ​យូរ។ រដ្ឋាភិបាល​ចុង​ក្រោយ ដែល​ដំណើរការ​បាន​តែ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ត្រូវ​រលំ​ដួល ដោយហេតុ​តែ​គ្មាន​សមត្ថភាព​តុបតែង​រដ្ឋធម្មនុញ្ញ​មួយ​សម​ស្រប​ទៅ​តាម​កាល​បរិច្ឆេទ។

សូម​ជម្រាប​ថា តំណាងរាស្រ្ត​នេប៉ាល់​ដែល​បាន​ជាប់​ឆ្នោត កាល​ពី​ឆ្នាំ​២០០៨ មាន​អាណត្តិ​​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ និង​មាន​ភារកិច្ច​អនុម័ត​រដ្ឋធម្មនុញ្ញ​មួយ​ថ្មី ដើម្បី​បិទ​បញ្ចប់​ទំព័រ​សង្គ្រាម​ស៊ីវិល​ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​១៦ ០០០​នាក់។ ក៏​ប៉ុន្តែ អណត្តិ​ពីរ​ឆ្នាំ​នេះ ដែល​បាន​ចប់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ត្រូវ​បាន​ពន្យារ​មួយ​ឆ្នាំ​ទៀត​ជា​បន្ថែម ក្នុង​គោលដៅ​សម្រេច​តុបតែង​ឲ្យ​ទាល់​តែ​បាន​រដ្ឋធម្មនុញ្ញ​ថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ