កូរ៉េ-អៀរ៉ង់

ទីក្រុង​សេអ៊ូល​នឹង​ចរចា​ដាច់ឡែក​ជាមួយ​អាមេរិក​និង​ជាមួយ​អៀរ៉ង់​

លោក​ប្រធានាធិបតីកូរ៉េខាងត្បូង
លោក​ប្រធានាធិបតីកូរ៉េខាងត្បូង ©REUTERS/Lee Jae-Won

ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​មាន​កិច្ចចរចា​ដាច់ឡែក​ជាមួយ​សហរដ្ឋ​ អាមេរិក​ហើយនិង​ជាមួយ​ប្រទេស​អៀរ៉ង់។​ ទីក្រុង​សេអ៊ូល​ខិតខំ​ធ្វើការ​សម្រប​សម្រួល​ជាមួយ​ប្រទេស​ទាំងពីរ​ ក្នុង​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​កំពុង​រិះរក​ដាក់​ ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់​ដោយ​ហេតុតែ​បញ្ហា​នុយក្លេអ៊ែរ​របស់​ទីក្រុង​ តេហេរ៉ង់។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

ទីក្រុង​វ៉ាស៊ីនតោន​ដែល​ជា​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់​កូរ៉េ​ខាងត្បូង​សង្ឃឹម​ថា​ ទីក្រុង​សេអ៊ូល​នឹង​ជួយ​ពង្រឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​អៀរ៉ង់។​ ចំណែកឯ​ប្រទេស​អៀរ៉ង់​វិញ​ បាន​ព្រមាន​ទីក្រុង​សេអ៊ូល​ថា​ បើ​កូរ៉េ​ខាងត្បូង​ធ្វើ​តាម​សំណើ​របស់​អាមេរិក​ នោះ​ទីក្រុង​តេហេរ៉ង់​​ច្បាស់​ជា​ឈប់​លក់​ប្រេងកាត​ឲ្យ​ប្រទេស​កូរ៉េ​ខាងត្បូង។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់​នេះ​ អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ទីក្រុង​សេអ៊ូល​នឹង​ធ្វើ​ការចរចា​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​ហើយ​និង​ជា​មួយ​ទីក្រុង​តេហេរ៉ង់។

ជាមួយ​សហរដ្ឋ​អាមេរិក​ ទីក្រុង​សេអ៊ូល​នឹង​លើក​យក​ការ​លំបាក​ដែល​សហគ្រាស​កូរ៉េ​ខាងត្បូង​នឹង​ត្រូវ​ពើបជួប​ បើ​ប្រសិន​ជា​ទីក្រុង​សេអ៊ូល​ធ្វើ​តាម​សំណើ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ទីក្រុង​តេហេរ៉ង់។

ជាមួយ​ប្រទេស​អៀរ៉ង់​ដែល​ជា​អ្នក​ផ្តល់​លក់​ប្រេងកាត​ឲ្យ​កូរ៉េ​ខាងត្បូង​ចាប់​ចំណាត់​ថ្នាក់​ទី៤​វិញ​ ទីក្រុង​សេអ៊ូល​ត្រូវតែ​ធ្វើការ​សម្រប​សម្រួល​ជាមួយ​ទីក្រុង​តេហេរ៉ង់​ ដោយហេតុ​ថា​សហគ្រាស​កូរ៉េ​ខាងត្បូង​បាន​ចុះ​ហត្ថលេខា​ទៅលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អៀរ៉ង់​ មាន​ទឹក​ប្រាក់​ដល់ទៅ​ជាច្រើន​ពាន់លាន​ដុល្លារ​នៅ​ក្នុង​វិស័យ​សាងសង់​និង​សាធារណការ​ ហើយ​និង​​វិស័យ​សាងសង់​នាវា។​ ហើយ​ម្យ៉ាងទៀត​ ទីផ្សារ​អៀរ៉ង់​ជា​ទីផ្សារ​មួយ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង។

មូលហេតុ​នេះ​ហើយ​ដែល​បាន​នាំឲ្យ​ឯកអគ្គរដ្ឋទូត​អៀរ៉ង់​ប្រចាំ​ទីក្រុង​សេអ៊ូល​ថ្លែង​ប្រកាស​ថា​ បើ​ទីក្រុង​សេអ៊ូល​ធ្វើ​តាម​សំណើ​របស់​អាមេរិក​ នោះ​សេដ្ឋកិច្ច​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ស្គាល់​ការ​ខាតបង់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អៀរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI