ចិនបង្កើនការវិនិយោគក្នុងទឹកដីអាហ្រ្វិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដោយនៅតែមិនខ្វល់ពីបញ្ហារំលោភសិទ្ធិមនុស្ស អំពើពុករលួយ ក្នុងទ្វីបអាហ្រ្វិក ចិនបានប្រកាសនៅព្រហស្បតិ៍នេះ អំពីគម្រោងបង្កើនបន្ថែមការវិនិយោគរបស់ខ្លួន ក្នុងប្រទេសនៅទ្វីបអាហ្រ្វិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនវិនិយោគរបស់ចិន នៅអាហ្រ្វិកបានកើនឡើងយ៉ាងលឿន ជាពិសេសក្នុងវិស័យនាំចេញវត្ថុធាតុដើមរ៉ែពីប្រទេសមួយចំនួនរបស់ទ្វីបអាហ្រ្វិក។
សេចក្តីរាយការណ៍របស់ឈាង បុប្ផា
ទំនាក់ទំនងចិន អាហ្វ្រិកចាប់ផ្តើមមានតាំងពីអតីតកាលមកម៉្លេះ។ នៅក្នុងទសវត្សរ៍ទី ៥០ នៅក្រោមការគ្រប់គ្រងរបស់ប្រមុខដឹកនាំ ម៉ៅ សេងទុង ចិនបានចាប់អារម្មណ៍ទៅលើទ្វីបអាហ្រ្វិកដើម្បីពង្រីកនយោបាយបរទេស និងផ្សព្វផ្សាយមនោគមវិជ្ជារបស់ខ្លួន។ ប៉ុន្តែ ៦០ឆ្នាំក្រោយ ចិនចាប់ផ្តើមមានវត្តមាន នៅអាហ្វ្រិកដោយសារប្រយោជន៍សេដ្ឋកិច្ចវិញម្តង។
មកដល់បច្ចុប្បន្ននេះ ការវិនិយោគរបស់ចិន នៅអាហ្រ្វិកមានតម្លៃជាង ៩ ពាន់លានដុល្លារ។ នៅថ្ងៃនេះទៀត ប្រធាននាយកដ្ឋានអាហ្រ្វិក និងអាស៊ីខាងលិច របស់ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ចិននឹងបន្ត បង្កើនការវិនិយោគរបស់ខ្លួននៅទ្វីបអាហ្រ្វិក។ អ្នកទទួលខុសត្រូវចិនខាងលើបានបន្ថែមថា ក្នុងគម្រោងលើកនេះ វិស័យជាអាទិភាពសម្រាប់បោះទុនវិនិយោគ គឺ ធនធានរ៉ែ ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុ។
វាមិនមែនចៃដន្យទេដែលចិនចាប់ផ្តើមផ្តោតការវិនិយោគរបស់ខ្លួន ដោយបង្កើនការវិនិយោគពី ២២០លានដុល្លារ នៅឆ្នាំ ២០០០ មកជាង១ពាន់ ៤រយលានដុល្លារ ក្នុងឆ្នាំ ២០០៩។ នៅអាហ្រ្វិក ចិនបានសម្លឹងឃើញសក្តានុពលផ្នែកវត្ថុធាតុដើមរ៉ែសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន។
នៅ ក្នុងទំនាក់ទំនងដៃគូពាណិជ្ជកម្ម ចិនស្ថិតនៅ ចំណាត់ថ្នាក់លេខ ៣ ក្រោយអាមេរិក និងទ្វីបអឺរ៉ុប ប៉ុន្តែជាមួយនឹងការបង្កើនចំនួនវិនិយោគរបស់ខ្លួន ចិននឹងក្លាយជាដៃគូទីមួយជាមួយនឹងប្រទេសនៅអាហ្វ្រិក ក្នុងពេលឆាប់ខាងមុខ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិនគឺ ប្រទេសអង់ហ្គោឡា អាហ្រ្វិកខាងត្បូង ស៊ូដង់ និងនីហ្សេរីយ៉ា។
កន្លងមក ប្រទេសលោកខាងលិច ជាពិសេសអឺរ៉ុប បានរិះគន់ ចិនដែលនៅបន្តរកស៊ីជាមួយនឹងប្រទេសអាហ្រ្វិកខាងលើ បើទោះបីដឹងថា ប្រទេសទាំងនេះកំពុងប្រើអំណាចផ្តាច់ការ ហិង្សា និងពុករលួយស៊ីជម្រៅក៏ហើយក្តី។ លើសពីនោះ គេនៅបានចោទថា ចិនកំពុងរកស៊ីបែបមិនសុចរិតជាមួយអាហ្រ្វិក នៅពេលចិនគិតតែពីប្រយោជន៍របស់ខ្លួន និងមិនគិតអភិវឌ្ឍសម្រាប់ប្រយោជន៍របស់ប្រជាជនអាហ្រ្វិក ដែលជាម្ចាស់ស្រុក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ