ចិន

ប្រទេស​ចិន​ផ្តើម​ធ្វើ​ជំរឿន​ចំនួន​ប្រជាជន​

ប្រទេសចិន​ផ្តើម​ធ្វើ​ជំរឿន​ចំនួន​ប្រជាជន​​នៅថ្ងៃ​ចន្ទ​ទី​១ វិច្ឆិកា២០១០
ប្រទេសចិន​ផ្តើម​ធ្វើ​ជំរឿន​ចំនួន​ប្រជាជន​​នៅថ្ងៃ​ចន្ទ​ទី​១ វិច្ឆិកា២០១០ © Reuters

នៅ​ថ្ងៃ​ចន្ទ​ទី១​វិច្ឆិកា​នេះ រដ្ឋាភិបាល​ចិន​ផ្តើម​ធ្វើ​ជំរឿន​ប្រជាជន​របស់​ខ្លួន ជំរឿន​ដែល​នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ នៅ​ឆ្នាំ​ក្រោយ​២០១១។ អាជ្ញាធរ​បាន​ប្រាប់​ថា ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​គ្រួសារ​នីមួយៗ មាន​លក្ខណៈ​សម្ងាត់ តែ​អាជ្ញាធរ​ព្រមាន​ប្រាប់​ជា​មុន​ថា នឹង​ប្រើ​កម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​ជន​ណា​ដែល​មិន​ព្រម​សហការ​ជា​មួយ​មន្ត្រី​រដ្ឋការ​ដែល​ជា​អ្នក​ធ្វើ​ជំរឿន។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ ហ្រង់-ហ្រ្វង់ស័រ តាន់​

តាំង​ពី​ទសវត្សរ៍​ទី​៥០​មក​អាជ្ញាធរ​ចិន​តែងតែ​ធ្វើ​ជំរឿន​ចំនួន​ប្រជាជន​ ១០ឆ្នាំម្តង។
ដូច​កាល​ពី​ឆ្នាំ​២០០០​ដែរ​លើក​នេះ មន្ត្រី​រដ្ឋការ​ជាង​៦​លាន​នាក់ ត្រូវ​ដើរ​គោះ​ទ្វារ​ផ្ទះ​ក្រុម​គ្រួសារ​ចិន​ម្តង​មួយៗ ដើម្បី​ប្រមូល​ព័ត៌មាន​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ស្ថានភាព​នៃ​ប្រជាជន​របស់​មហាយក្ស​អាស៊ី​មួយ​នេះ។

តាម​ស្ថិតិ​ជា​ផ្លូវការ​ដែល​ផ្អែក​ទៅ​លើ​ព័ត៌មាន​ប្រមូល​បាន​កាល​ពី​១០​ឆ្នាំ​មុន នៅ​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ ចិន​មាន​ប្រជាជន​សរុប​ទាំង​អស់​១ពាន់​៣រយ​៣០​លាន​នាក់។

ជំរឿន​ប្រជាជន​លើក​នេះ​ដែល​លទ្ធផល​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ នៅ​ឆ្នាំ​២០១១​ខាង​មុខ​នឹង​ផ្តល់​មក​នូវ​តួលេខ​សំខាន់ៗ​មួយ​ចំនួន រួម​មាន​ជាអាទិ៍ ចំនួន​មនុស្ស​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​ស្រែ​ចម្ការ​មក​រស់​នៅ​តាម​ទីក្រុង កង្វះ​តុល្យភាព​រវាង​ចំនួន​មនុស្ស​ភេទ​ប្រុស​និង​ភេទ​ស្រី ព្រម​ទាំង​អត្រា​នៃ​ពួក​ចាស់​ជរា​នៅ​ក្នុង​សង្គម​ចិន​សព្វ​ថ្ងៃ។

ប្រការ​ទាំង​ពីរ​ចុង​ក្រោយ​នេះ គឺ​ជា​កង្វល់​ខ្លាំង​របស់​ទីក្រុង​ប៉េកាំង។ ពីព្រោះ​ម្យ៉ាង ក្នុង​ខណៈ​នេះ ប្រជាជន​ភេទ​ប្រុស​មាន​ចំនួន​ច្រើន​ជាង​ប្រជាជន​ភេទ​ស្រី និង​ពីព្រោះ​ម្យ៉ាង​ទៀត​ប្រទេស​ចិន​ខ្វះ​រចនាសម្ព័ន្ធ​សុខាភិបាល ហើយ​មនុស្ស​ចាស់​ជរា​គ្មាន​ប្រាក់​ចូល​និវត្តន៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI