ចិនចង់ពង្រឹងសហប្រតិបត្តិការជាមួយបារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២០
លោកប្រធានាធិបតីចិន Hu Jintao ត្រូវអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសបារាំងពីថ្ងៃទី៤ដល់ថ្ងៃទី៦វិច្ឆិកាខាងមុខនេះ។ មុននឹងចាកចេញពីទីក្រុងប៉េកាំង លោកHu jintaoបានអំពាវនាវឲ្យប្រទេសបារាំងនិងប្រទេសចិនរួបរួមគ្នាជាដៃគូថ្មី ដើម្បីធ្វើសហប្រតិបត្តិការនៅក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗ។
ទំនាក់ទំនងចិន-បារាំងជាទំនាក់ទំនងមួយដែលមានទំហំយុទ្ធសាស្ត្រដ៏សំខាន់។ ចាប់តាំងពីប្រទេសទាំងពីរមានទំនាក់ទំនងផ្លូវទូតនឹងគ្នាអស់រយៈ៤៦ឆ្នាំរួចមក ប្រទេសបារាំងនិងប្រទេសចិនតែងមានសហប្រតិបត្តិការនឹងគ្នាយ៉ាងល្អប្រសើរនៅក្នុងវិស័យសំខាន់ៗជាច្រើន។
នៅក្នុងបរិបទអន្តរជាតិដែលពោរពេញទៅដោយការប្តូរប្រែប្រួលយ៉ាងជ្រាលជ្រៅ ប្រទេសបារាំងនិងប្រទេសចិនបានសម្របទំនាក់ទំនងរបស់ខ្លួនឲ្យស្របតាមស្ថានការណ៍អន្តរជាតិថ្មី ជាពិសេសប្រទេសទាំងពីរជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
ប្រទេសចិនបានត្រៀមលក្ខណៈជាស្រេចនឹងធ្វើការចរចាជាមួយប្រទេសបារាំង ដើម្បីពង្រឹងទំនុកចិត្តនិងដើម្បីពង្រីកការដោះដូរក្នុងវិស័យអេឡេត្រូ-នុយក្លេអ៊ែរ វិស័យអាកាសចរ ហើយនិងដើម្បីអភិវឌ្ឍយ៉ាងសកម្មជាដៃគូថ្មីក្នុងវិស័យសេដ្ឋកិច្ចថាមពល បរិស្ថាន និងបច្ចេកវិទ្យា។
នៅក្នុងវិស័យពាណិជ្ជកម្មវិញ ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន Hu Jintao នៅប្រទេសបារាំងពីថ្ងៃទី៤ដល់ថ្ងៃទី៦វិច្ឆិកាខាងមុខនេះប្រហែលជាអាចជួយឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងមួយដែលឈានទៅរកការបញ្ជាទិញយន្តហោះAirbus របស់ក្រុមហ៊ុនEADS ធុនA320ចំនួនពី១០០ទៅ១៥០គ្រឿង។
ចំណែកឯទំនាក់ទំនងចិន-អឺរ៉ុបវិញក៏ជាបច្ច័យមួយដ៏សំខាន់ក្នុងការជួយដោះស្រាយបញ្ហាអន្តរជាតិ។ គួរកត់សម្គាល់ថា អស់រយៈ៦ឆ្នាំមកហើយដែលសហភាពអឺរ៉ុបបានក្លាយទៅជាដៃគូពាណិជ្ជកម្មទីមួយរបស់ប្រទេសចិន។ ហើយប្រទេសចិនក៏បានក្លាយទៅជាអតិថិជនទីពីររបស់សហភាពអឺរ៉ុបផងដែរ។ ការដោះដូរពាណិជ្ជកម្មចិន-សហភាពអឺរ៉ុបបានកើនឡើងដល់ទៅ៣៥០ពាន់លានដុល្លារអាមេរិកសម្រាប់បីត្រីមាសចុងក្រោយនៃឆ្នាំ២០១០នេះ ដោយសារតែមានកំណើនដល់ទៅ+៣៤,៤%ក្នុង១ឆ្នាំ។
នៅក្នុងវិស័យវប្បធម៌វិញ ការដោះដូរគ្នាក៏មានលក្ខណៈសម្បូណ៌បែប។ ជាពិសេស ជាមួយនឹងការតាំងពិពណ៌សកលនៅទីក្រុងសៀងហៃដែលបានក្លាយទៅជាបច្ច័យដ៏វិជ្ជមានសម្រាប់ធ្វើការដោះដូររវាងចិននិងអឺរ៉ុប។
សម្រាប់ លោកប្រធានាធិបតីចិន Hu Jintao ក៏ដូចជាសម្រាប់លោកប្រធានាធិបតីបារាំងនីកូឡាសាកូហ្ស៊ី ជំនួបកំពូលនៃក្រុមប្រទេសG20គឺជាយន្តការមួយដ៏ស័ក្តិសិទ្ធិសម្រាប់ជួយប្រយុទ្ធតទល់នឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុអន្តរជាតិ។
ជំនួបកំពូលនៃក្រុមប្រទេសG20នៅពេលអនាគតដ៏ខ្លីខាងមុខនេះនៅទីក្រុងសេអ៊ូលត្រូវរក្សាឲ្យមាននូវសាមគ្គីធម៌រវាងប្រទេសជាសមាជិកដើម្បីជួយដោះស្រាយវិបត្តិហិរញ្ញវត្ថុអន្តរជាតិនិងជួយពង្រឹងឲ្យមានកំណើនសេដ្ឋកិច្ចពិភពលោក។
សំណួរមួយបានលេចឡើងចោទសួរថា តើការស្ទុះឡើងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏សែនខ្លាំងក្លានៃប្រទេសចិន គួរធ្វើឲ្យប្រទេសឯទៀតៗកើតមានក្តីបារម្ភដែរឬទេ?
សម្រាប់លោកប្រធានាធិបតីចិនHu Jintao ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនបានកកើតនៅឆ្នាំ១៩៤៩ ជាពិសេសក្រោយពីមាន”នយោបាយបើកចំហ”ទៅក្រៅប្រទេសកាលពី៣២ឆ្នាំមុន រដ្ឋាភិបាលនៃប្រទេសចិនតែងប្រយុទ្ធតស៊ូជានិច្ចដើម្បីជួយលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជន។ ទាំងនេះសម្រេចបានក៏ដោយសារតែមាន”នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច”ដ៏ត្រឹមត្រូវរបស់អ្នកដឹកនាំចិន។ ហើយការរីកចម្រើនលូតលាស់នៃប្រទេសចិនក៏ជាចំណែកមួយដ៏ថ្លៃថ្លាសម្រាប់សង្គមមនុស្សទាំងមូលនៅលើលោកយើងនេះផងដែរ។ ផ្ទុយទៅវិញ វាជាឱកាសមួយដ៏ល្អសម្រាប់ប្រទេសបារាំងនិងប្រទេសសមាជិកនៃសហភាពអឺរ៉ុបឆ្លៀតពង្រឹងពង្រីកសហប្រតិបត្តិការសេដ្ឋកិច្ច សហប្រតិបត្តិការបច្ចេកវិទ្យា ហើយនិងវិស័យឯទៀតៗដើម្បីជាផលប្រយោជន៍សម្រាប់ភាគីទាំងពីរនិងសម្រាប់សង្គមមនុស្សទាំងមូល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ