ភូមា

ការបោះឆ្នោតសភា​​នៅ​ប្រទេស​ភូមា​

ប្រជាជន​ភូមា​ទាមទារ​ឲ្យ​ដោះលែង​ លោកស្រី​ Aung San Suu Kyi,
ប្រជាជន​ភូមា​ទាមទារ​ឲ្យ​ដោះលែង​ លោកស្រី​ Aung San Suu Kyi, © Reuters

ប្រជាជន​ភូមា​នឹង​ត្រូវ​ចូលរួម​ធ្វើការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យនេះ​ជាលើក​ទីមួយ​ចាប់តាំងពី​ឆ្នាំ១៩៩០មក។​ ប៉ុន្តែ​គ្មានឡើយ​ការចូលរួម​ដោយ​លោកស្រី​មេបក្ស​ប្រឆាំង​អ៊ុងសានស៊ឺជី​ដែល​ត្រូវ​ជាប់​ឃុំឃាំង​នៅក្នុង​គេហដ្ឋាន​សឹងតែ​រៀងរហូតមក​ ​ ហើយ​គណបក្ស​របស់​លោក​ស្រី​ក៏​បាន​ធ្វើ​ពហិការ​ពុំ​ចូលរួម​ធ្វើការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យនេះ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

ប្រជាជន​ភូមា​ប្រមាណ​២៩លាន​នាក់​នឹង​ត្រូវគេ​អញ្ជើញ​ឲ្យ​មក​ចូលរួម​ធ្វើការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យនេះ​ ​ ដើម្បី​ជ្រើសតាំង​សមាជិក​សភាជាតិ​និង​សមាជិក​សភាតំបន់។​ ការបោះឆ្នោតនេះ​បាន​ត្រូវ​ប្រទេស​លោកខាងលិច​យល់ថា​ ​ ជាការ​បោះឆ្នោត​ដែល​រៀបចំ​ធ្វើឡើង​សម្រាប់​បោកប្រាស់​តែប៉ុណ្ណោះ។

 
គណបក្ស​ទាំងអស់​មាន​៣៧គណបក្ស​ដែល​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​យក​១ ១៦០​អាសនៈ​ដែលមាន​នៅក្នុង​ប្រទេសភូមា។​ ក៏ប៉ុន្តែ​២/៣នៃ​បេក្ខជន​ទាំងនោះ​ចេញពី​គណបក្ស​នយោបាយ​ធំៗពីរ​ដែលគាំទ្រ​របបសឹក​ភូមា​បច្ចុប្បន្ន​ ​ ពោលគឺ​គណបក្ស​សាមគ្គី​និង​អភិវឌ្ឍ​សហភាព​( USDP )ដែល​បង្ក​បង្កើត​ឡើង​ដោយ​របបសឹក​ភូមា។​ ហើយនិង​គណបក្ស​មួយទៀត​ឈ្មោះ​គណបក្ស​ឯកភាពជាតិ( NUP )ដែល​មាន​និន្នាការ​លំអៀង​ទៅរក​របប​គ្រប់គ្រង​របស់​ឧត្តមសេនីយ​Ne Win​ដែល​បាន​ត្រូវ​គេ​ផ្តួលរំលំ​នៅ​ឆ្នាំ១៩៨៨។

សូមបញ្ជាក់ថា​ ​ អាសនៈ​សភា​ចំនួន១/៤​ត្រូវ​រក្សា​ទុកឲ្យ​ក្រុមយោធា​ភូមា​ដែល​កំពុង​តែ​មាន​សកម្មភាព។​ រីឯ​នាយទាហាន​ភូមា​ជាច្រើន​នាក់​បាន​បោះបង់​ឯកសណ្ឋា​យោធា​របស់​ខ្លួន​ ​ ហើយ​ងាក​មក​ឈរឈ្មោះ​ធ្វើ​ជា​បេក្ខជន​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​សភា​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ។​ ចំណែកឯ​អ្នកសង្កេតការណ៍​និង​អ្នកកាសែត​បរទេស​ពុំ​បានត្រូវ​គេ​អញ្ជើញ​ឲ្យ​មក​ចូលរួម​ឡើយ។

លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​នៅ​សប្តាហ៍​ក្រោយ។​ គួរបញ្ជាក់ថា​ ​ សភាភូមា​ថ្មី​ត្រូវ​បោះឆ្នោត​តែងតាំង​ឲ្យ​មាន​ប្រធានាធិបតី​មួយ​រូប​សម្រាប់​ដឹកនាំ​ប្រទេស​ភូមា។​ ប្រទេស​ភូមា​ដែល​តែងតែ​ដឹកនាំ​ដោយ​របបសឹក​ជា​រៀងរហូត​តាំងពី​ឆ្នាំ១៩៦២មក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI