ចិន-បារាំង

លោកនីកូឡាសាកូហ្ស៊ី​និងលោកហ៊ូជិនតាវ​មានទស្សនៈដូចគ្នា​

លោក​ប្រធានាធិបតី​​​សាកូហ្ស៊ី​​និង​​​លោក​ប្រធានាធីបតី​​​​ហ៊ូជិនតាវ​​​បាន​មាន​ជំនួប​​ពិភាក្សា​គ្នា​​នៅ​ថ្ងៃសុក្រ​ទី៥​​វិច្ឆិកា​​​នៅទីក្រុង​នីសឹ៍​​ ​
លោក​ប្រធានាធិបតី​​​សាកូហ្ស៊ី​​និង​​​លោក​ប្រធានាធីបតី​​​​ហ៊ូជិនតាវ​​​បាន​មាន​ជំនួប​​ពិភាក្សា​គ្នា​​នៅ​ថ្ងៃសុក្រ​ទី៥​​វិច្ឆិកា​​​នៅទីក្រុង​នីសឹ៍​​ ​ © Reuters / Jacques Witt

លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​និង​លោក​ប្រធានាធីបតី​ចិន​ហ៊ូជិនតាវ​ដែល​កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​រហូត​ដល់​ថ្ងៃសៅរ៍នេះ​ ​ បាន​មាន​ជំនួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃសុក្រ​ទី៥​វិច្ឆិកា​ម្សិលមិញ​នៅទីក្រុង​នីសឹ៍​ ​ ដោយ​បាន​ផ្តោត​ទៅលើ​បញ្ហា​នៃ​ក្រុម​ប្រទេសG20 ។​ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​កត់​សម្គាល់​ឃើញ​ថា​ ​ នៅក្នុង​កិច្ចសន្ទនា​ភាគី​បារាំង​និង​ភាគី​ចិន​មាន​ទស្សនៈ​យល់ឃើញ​ដូចគ្នា​ជាច្រើន​ ​ ជាពិសេស​ទៅលើ​កំណែ​ទម្រង់​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

ប៉ែកកណ្តាល​នៃ​ទីក្រុង​នីសឹ៍​ទាំងមូល​បាន​ត្រូវ​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​កិច្ច​ការពារ​យ៉ាង​មធ្យ័ត​បំផុត។​ នគរបាល​បារាំង​រាប់ពាន់​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​ត្រូវ​គេ​ដាក់​ពង្រាយ​នៅតាម​ផ្លូវ​ដើរ​លេងកំសាន្ត​ដ៏​ល្បី​ដែល​មាន​ឈ្មោះ​ថា​ Promenade des Anglais ​ដែល​ឋិត​នៅ​តាម​ឆ្នេរ​សមុទ្រ​ ជិត​Villa Massena​ដែល​ប្រមុខរដ្ឋ​ចិននិង​បារាំង​ត្រូវ​មាន​ជំនួប​ពិភាក្សា​គ្នា។​ ហើយ​ក៏​ឋិត​នៅ​ជិត​Hôtel Negresco​ដែល​ជា​វិមាន​សណ្ឋាគារ​ស្នាក់​នៅ​ដោយ​លោក​ប្រធានាធីបតី​ចិន​ហ៊ូ ជិនតាវ។

 
នៅទីនោះ​គេកត់​សម្គាល់​ឃើញ​មាន​សកម្មជន​នៃ​បក្ស​UMP ​របស់​ លោក​ប្រធានាធិបតី​នីកូឡា​សាកូហ្ស៊ី​មួយរយ​ប្លាយនាក់​ហើយនិង​និស្សិត​ចិន​បាន​នាំគ្នា​មក​ឈរ​ទះដៃ​ស្រែក​អបអរ​ផងដែរ។​ ប្រមុខរដ្ឋ​ទាំងពីរ​បាន​អញ្ជើញ​មកដល់​ Villa Massena​នៅ​ម៉ោង១៧​ដើម្បី​ធ្វើ​ការ​ពិភាក្សា។

 
                        ទស្សនៈដូចគ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​កំណែទម្រង់​រូបិយវត្ថុ
 

បញ្ហា​អន្តរជាតិ​សំខាន់ៗ​និង​បញ្ហា​កំណែ​ទម្រង់​រូបិយវត្ថុ​ដែលឋិត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​G20​គឺ​ជា​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​រវាង​ប្រមុខរដ្ឋ​ទាំងពីរ។​ នៅពេល​ដ៏ខ្លី​ខាងមុខនេះ​ ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​G20​នឹង​ត្រូវ​ឋិត​មក​នៅ​ក្រោម​អធិបតីភាព​របស់​ប្រទេស​បារាំង​ ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ លោក​សាកូហ្ស៊ី​ខិតខំ​ធ្វើយ៉ាងណា​ទទួល​ឲ្យ​បាន​ការគាំទ្រ​ពី​សំណាក់​ប្រទេស​ចិន​ ​ ដើម្បី​ធ្វើឲ្យ​កម្មវិធី​កំណែ​ទម្រង់​ដ៏​មហិច្ឆតា​របស់​លោក​សាកូហ្ស៊ី​ទទួល​បាន​ជោគជ័យ។

ដើម្បី​សម្រេច​ឲ្យ​បាន​លទ្ធផល​ទាំងនេះ​ ​ លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​ត្រូវតែ​មាន​ឥរិយាបថ​ទន់ភ្លន់​មួយ​ជាមួយ​ប្រទេសចិន​ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​រូបិយវត្ថុ​ដែល​គេ​តែង​យល់ថា​ តម្លៃ​ប្រាក់យ័ន​បាន​ត្រូវ​អាជ្ញាធរ​ចិន​ដាក់​ឲ្យឋិត​នៅ​ក្នុង​កម្រិត​មួយ​ដ៏​ទាប​ជ្រុល​ហួសហេតុ។​ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់យ័នចិន​នេះ​ ​ លោក​សាកូហ្ស៊ី​បាន​អះអាង​ប្រាប់​លោក​ហ៊ូ​ ជិនតាវ​ថា​ ប្រទេស​បារាំង​នឹង​ខិតខំ​រិះរក​ឲ្យ​មាន​ទស្សនៈ​យល់ឃើញ​ស្រប​គ្នា​​ជាជាង​ការ​ប្រយុទ្ធ​តទល់គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI