រៀបចំ​បោះឆ្នោត ដើម្បី​បំភាន់​ភ្នែក​សហគមន៍​អន្តរជាតិ

សំឡេង ០៦:៥១
លោក​ឧត្តមសេនីយភូមា ថាន់ ស្វេ ដាក់​សន្លឹក​ឆ្នោត​ក្នុង​ប្រអប់​ឆ្នោត
លោក​ឧត្តមសេនីយភូមា ថាន់ ស្វេ ដាក់​សន្លឹក​ឆ្នោត​ក្នុង​ប្រអប់​ឆ្នោត ©REUTERS/Myanmar News Agency

ការ​បោះឆ្នោត​សភា​នៅ​ក្នុង​ប្រទេស​ភូមា​បាន​ប្រព្រឹត្តិ​ទៅ​រួច​រាល់​ហើយ គេ​នៅ​រង់ចំា​តែ​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ប៉ុណ្ណោះ។ តែ​នៅ​ថ្ងៃ​អង្គារ ទី៩ វិច្ឆិកា​ម្សិលមិញ គណបក្ស​ដែល​សិ្នទ្ធ​​នឹង​របប​សឹក​បាន​បញ្ជាក់​ថា ខ្លួន​​ទទួល​បាន​អាសនៈ​ប្រមាណ​ជា ៨០% នៅ​ក្នុង​រដ្ឋសភា​ជាតិ និង​តំបន់។ រីឯ​ចំនួន​អាសនៈ​ប្រមាណ​ជា ២០% ទៀត​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​គណបក្ស​ប្រឆំាង។ មួយ​វិញ​ទៀត របបសឹក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ចំនួន​អ្នក​ចូល​រួម​បោះឆ្នោត​ដែល​មាន​រហូត​ដល់​ទៅ ៧០%។ នៅ​ថ្ងៃ​ពុធ ទី១០ វិច្ឆិកា​នេះ​ទៀត ព័ត៌មាន​ជុំវិញ​ការ​ដោះលែង​លោកស្រី អ៊ុង សានស៊ូជី​ក៏​ត្រូវ​បាន​លេច​ឮ​កាន់​តែ​ច្បាស់​ឡើងៗ។តើ​ទង្វើ​នៃ​​របបសឹក​ភូមា​នៅ​ពេល​នេះ ពិត​ជា​ឆន្ទៈ​មួយ​ដើម្បី​នំា​ប្រទេស​ទៅ​កាន់​របប​ប្រជាធិបតេយ្យ ឬ​មួយ​គ្រាន់​តែ​ជា​កាយវិការ​ល្អ​មើល ដើម្បី​បន្លំ​ភ្នែក​សហគមន៍​អន្តរជាតិ ?

ផ្សាយពាណិជ្ជកម្ម

ពិត​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ដែល​គណបក្ស​ស្និទ្ធ​នឹង​របបសឹក​ឈ្មោះ « សាមគ្គីធម៌ និង​អភិវឌ្ឍន៍​​សហភាព » បាន​ប្រកាស​រួច​ជា​ស្រេច ពី​ជ័យជំនះ​​យ៉ាង​ធំធេង​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ វិច្ឆិកា។ គឺ​ជា​លទ្ធផល​មួយ​ដែល​របបសឹក​បាន​គន់គិត​ទុក​ជា​មុន​រួច​ជា​ស្រេច តំាង​តែ​ពី​ការ​ប្រកាស​ឲ្យ​មាន​ការ​រៀប​ចំ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ដំបូង​មក​ម្ល៉េះ។

រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​របបសឹក​ខ្លួន​ឯង​រៀបចំ​តាក់តែង​ថ្មី ដោយ​សម្រេច​ប្រគល់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ចំនួន ២៥% ទៅ​ឲ្យ​កងទ័ព។ មាន​ចំនួន​អាសនៈ​តែ ៧៥% ដែល​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ប្រកួតប្រជែង​​រវាង​គណបក្ស​នយោបាយ​ចម្រុះ​ប្រមាណ​ជា ៤០​គណបក្ស។ ឃើញ​ថា មិន​ទាន់​ទំាង​បោះឆ្នោត​ផង របបសឹក​បាន​ឈ្នះ ២៥% រួច​ជា​ស្រេច។ យុទ្ធសាស្រ្ត​មួយ​ទៀត​នៃ​​របបសឹក​ដើម្បី​ក្តោប​យក​អាសនៈ ៧៥% ដោយ​ស្រប​ច្បាប់​នោះ គឺ​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​របស់​មេដឹកនំា​យោធា​ដែល​នំា​គ្នា​លា​លែង​ពី​តំណែង​កងទ័ព។

ចំណែក​ឯ​យុទ្ធសាស្រ្ត​ដើម្បី​ទប់ស្កាត់​ការ​ចូល​រួម​បោះឆ្នោត​របស់​លោកស្រី អ៊ុង សានស៊ូជី​វិញ របបសឹក​បាន​រៀបចំ​ធ្វើ​ច្បាប់​បោះឆ្នោត​មួយចំនួន ដែល​ហាម​ឃាត់​អ្នក​ដែល​ធ្លាប់​រៀបការ​ជាមួយ​ជនបរទេស ដូច​ករណី​លោកស្រី​អ៊ុង សាន ស៊ូជី រៀបការ​ជាមួយ​ជនជាតិ​អង់គ្លេស និង​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ទេ។

មិន​មែន​ជា​រឿង​មួយ​ចៃដន្យ​ឡើយ ដែល​របបសឹក​បាន​រៀប​ចំ​ទុក​ជា​មុន​រួច​ជា​ស្រេច​នូវ​យុទ្ធសាស្ត្រ​ទំាង​អស់​នេះ ព្រោះថា ពួក​គេ​ពិត​ជា​មិន​ចង់​ទទួល​បាន​មេរៀន​ដ៏​ល្វីងជូរចត់ ដូច​ការ​បោះឆ្នោតជាតិ​​ក្នុង​ឆ្នំា ១៩៩០​ទេ។ ការ​បោះឆ្នោត​ដែល​កាល​ណោះ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សានស៊ូជី​បាន​ទទួល​ជ័យជំនះ​​យ៉ាង​ធំធេង តែ​ពួក​មេដឹកនាំ​យោធា​មិន​ព្រម​ប្រគល់​អំណាច​ឲ្យ និង​ថែម​ទំាង​ឃុំ​លោកស្រី​នៅ​ក្នុង​គេហដ្ឋាន​ទៀត​ផង។

ឥឡូវ​នេះ ទោះ​បី​ជា​មិន​ទាន់​មាន​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ក៏​ដោយ ក៏​របបសឹក​មិន​បាន​រង់ចំា​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដូច​កាល​ពី​២០​ឆ្នំា​មុន​ដែរ និយាយ​ឲ្យ​ស្រួល​យល់ ពិត​ជា​គ្មាន​ទៀត​ឡើយ ព្រឹត្តិការណ៍​ដូច​ក្នុង​ឆ្នំា ១៩៩០។ គ្មាន​ទេ ព្រឹត្តិការណ៍​ដូច​ក្នុង​ឆ្នំា ១៩៩០ តែ​សហគមន៍​អន្តរជាតិ​បាន​ចាត់​ទុក​ការ​បោះឆ្នោត​នៅ​ភូមា​ពេល​នេះ​ថា មិន​សេរី មិន​យុត្តិធម៌ និង​គ្មាន​តម្លាភាព​ទេ។ មិន​សេរី មិន​យុត្តិធម៌ និង​គ្មាន​តម្លាភាព មក​ពី​គ្មាន​វត្តមាន​លោកស្រី អ៊ុង សានស៊ូជី និង​គ្មាន​វត្តមាន​អ្នក​សង្កេតការណ៍​អន្តរជាតិ។

លើក​លែង​តែ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ភូមា ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​ភូមា​ដូច​ករណី​ប្រទេស​ចិន​ចេញ ដែល​ហ៊ាន​ទទួល​ស្គាល់​ពេញ​មាត់​ថា ​ការ​បោះឆ្នោត​នៅ​ភូមា​ពេល​នេះ​ពិត​ជា​សក្ខីកម្ម​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ដ៏​ល្អ​​នៃ​​របបសឹក ក្នុង​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្តូរ​របប​នយោបាយ។

ងាក​ទៅ​មើល​ជំហរ​របស់​អាស៊ាន​ដែល​ភូមា​បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​ក្នុង​ឆ្នំា ១៩៩៧​វិញ​ម្តង អាស៊ាន​មិន​បាន​វាយតម្លៃ​ថា តើ​ការ​បោះឆ្នោត​នៅ​ភូមា​ពេល​នេះ ត្រឹមត្រូវ យុត្តិធម៌ ឬ​មួយ​មាន​តម្លាភាព ឬ​អត់​ទេ តែ​បាន​ចាត់​ទុក​ជា​ការ​បោះ​ជំហាន​ទៅ​មុខ នៅ​ក្នុង​ការ​អនុវត្តន៍​ផែនការ​បង្ហាញ​ផ្លូវ​ទំាង ៧​ចំណុច​ដែល​សន្យា​ដោយ​របបសឹក។ អាស៊ាន​ដែល​មាន​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​ខ្លួន បាន​ត្រឹម​តែ​អំពាវនាវ​ឲ្យ​ភូមា​បន្ត​អនុវត្ត​នយោបាយ​បង្រួបបង្រួមជាតិ និង​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​ស្ថិរភាព និង​ការ​អភិវឌ្ឍន៍​ប្រទេស។

និយាយ​ពី​ជោគវាសនា​របស់​លោកស្រី អ៊ុង សានស៊ូជី​វិញ​ម្តង។ គេ​កំពុង​រង់ចំា​មើល​ថា តើ​លោកស្រី អ៊ុង សានស៊ូជី នឹង​ត្រូវ​របបសឹក​ដោះលែង​ដូច​ដែល​ពាក្យ​ចចាម​អារ៉ាម​បាន​លេច ឮ​កន្លង​មក ឬ​យ៉ាង​ណា ?

នៅ​ថ្ងៃ​ពុធ ទី១០ វិច្ឆិកា​នេះ​ទៀត ប្រភព​ផ្លូវការ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា កង​កម្លំាង​សន្តិសុខ​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ដើម្បី​ត្រៀម​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​ក្នុង​ការ​ដោះលែង​លោកស្រី អ៊ុង សានស៊ូជី នៅ​ថ្ងៃ​ខាង​មុខ។ ពត៌មាន​នេះ​ក៏​បាន​បញ្ជាក់​ដោយ​អ្នក​ទទួល​ខុស​ត្រូវ​ភូមា​ម្នាក់​មិន​ព្រម​បញ្ចេញ​ឈ្មោះ​ដែរ។ យោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​រូប​នោះ​ដដែល កម្លំាង​សន្តិសុខ​នឹង​ត្រូវ​ពង្រឹង​នៅ​ចំ​ថ្ងៃទី ១៣ វិច្ឆិកា​ខាង​មុខ។ ការ​លើក​ឡើង​ថ្ងៃទី ១៣ វិច្ឆិកា​នេះ​ក៏​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​ថា គឺ​នៅ​ថ្ងៃទី ១៣ វិច្ឆិកា​ខាង​មុខ​នោះ​ឯង ជា​ថ្ងៃ​បញ្ចប់​ការ​ឃុំឃំាង​លោកស្រី អ៊ុង សានស៊ូជី ជា​ផ្លូវការ​ចំនួន ១៨​ខែ មាន​ន័យ​ថា​ចង់ ឬ​មិន​ចង់ ប្រសិន​បើ​នៅ​ថ្ងៃ​ទី ១៣ វិច្ឆិកា​ខាង​មុខ របប​សឹក​ភូមា​មិន​សម្រេច​បន្ត​ឃុំឃំាង​លោកស្រី​ទេ លោកស្រី អ៊ុង សានស៊ូជី នឹង​ត្រូវ​មាន​សេរីភាព​ដោយ​ស្វ័យប្រវត្តិ។

ជា​ការ​ពិត របបសឹក​បាន​បំបិទ​សិទ្ធិ​លោកស្រី​មិន​ឲ្យ​ចូលរួម​បោះឆ្នោត និង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ក៏​​ត្រូវ​បាន​របបសឹក​រំលាយ​ចោល​ដែរ។ ក្រោម​ភ្នែក​ច្រមុះ​នៃ​​របបសឹក លោកស្រី អ៊ុង សានស៊ូជី លែង​ជា​ឆ្អឹង​ទទឹង ក​របស់​ខ្លួន​ទៀត​ហើយ។ តែ​សម្រាប់​លោកស្រី អ៊ុង សានស៊ូជី​វិញ គឺ​មិន​ចប់​ទេ។ លោកស្រី​បាន​ប្រាប់​មេធាវី​របស់​លោកស្រី​នៅ​ថ្ងៃ​នេះ​ថា នៅ​ពេល​ទទួល​បាន​សេរីភាព​ភ្លាម លោកស្រី​នឹង​បើក​ធ្វើ​សន្និសីទ​កាសែត​ភ្លាម​ដែរ។ មួយ​វិញ​ទៀត សហគមន៍​អន្តរជាតិ​នៅ​បន្ត​និយាយ​ពី​លោកស្រី អ៊ុង សានស៊ូជី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សំឡេង​ប្រជាធិបតេយ្យ​តែ​មួយ​គត់​របស់​ភូមា។

សរុប​មក​វិញ បើ​គេ​ក្រឡេក​មួយ​ភ្លែត ស្ថានការណ៍​នយោបាយ​នៅ​ភូមា​ហាក់​ដូច​ជា​បាន​និង​កំពុង​ផ្លាស់ប្តូរ​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច វា​គ្រាន់​តែ​ជា​ឆាក​ល្ខោន​មួយ ដើម្បី​បំភាន់​ភ្នែក​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ។ ពិត​មែន​តែ​មាន​មេដឹកនំា​យោធា​មួយ​ចំនួន​បាន​លា​ចេញ​ពី​កងទ័ព​ក៏​ដោយ គឺ​មាន​តែ​សំលៀកបំពាក់​ទេ ដែល​ដូរ តែ​មនុស្ស​នៅ​តែ​ដដែល។ មួយ​វិញ​ទៀត តាម​រយៈ​ការ​បោះឆ្នោត​លើក​នេះ មេដឹកនាំ​របបសឹក​គ្រាន់តែ​ចង់​ផ្លាស់ប្តូរ​មុខ​មាត់ បោះបង់​រូបភាព​ជា​របប​ផ្តាច់ការ ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​តែ​ប៉ុណ្ណោះ តែ​មិន​​មែន​មាន​ន័យ​ថា ខ្លួន​សុខចិត្ត​បោះបង់​អំណាច​ដែល​ធ្លាប់​ក្តោបក្តាប់​ជិត​៥០​ឆ្នាំ​មក​ហើយ​នោះ​​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI