អៀរ៉ង់

នុយក្លេអ៊ែរអៀរ៉ង់៖ Ahmadinejad​ប្រាប់លោក​ខាងលិច​ឲ្យបញ្ឈប់​ភាព​កោងកាច​

លោក​ប្រធានាធិបតី​​អៀរ៉ង់ ​Mahmoud​ Ahmadinejad​
លោក​ប្រធានាធិបតី​​អៀរ៉ង់ ​Mahmoud​ Ahmadinejad​ ©Reuters

លោក​ប្រធានាធិបតី​អៀរ៉ង់​Mahmoud Ahmadinejad បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃពុធ​ម្សិលមិញថា​ ​ ទីក្រុង​តេហេរ៉ង់​នឹង​ពុំ​យក​”​សិទ្ធិ​មូលដ្ឋាន​”​របស់​ខ្លួន​មក​ធ្វើការ​ចរចា​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​ឡើយ។​ ហើយ​ លោក​Mahmoud Ahmadinejad ​ក៏​បាន​ប្រាប់​ប្រទេស​លោក​ខាងលិច​ផង​ទៀត​ ​ ឲ្យ​បញ្ឈប់​ភាព​កោងកាច​របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​ប្រធានាធិបតី​អៀរ៉ង់​Mahmoud Ahmadinejad​បាន​ថ្លែង​នៅ​ទីក្រុង​Qazvin ​ឋិតនៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​ ​ លោក​Ahmadinejad​បាន​បញ្ជាក់​ប្រាប់ថា​ ​ “​ប្រទេស​អៀរ៉ង់​បាន​ប្រកាស​ប្រាប់​ជាច្រើន​លើក​ច្រើនសារ​ហើយថា​ ​ ប្រជាជន​អៀរ៉ង់​នឹង​ពុំ​យក​”​សិទ្ធិ​មូលដ្ឋាន​”​របស់​ខ្លួន​មក​ធ្វើការ​ចរចា​ជាមួយ​នរណា​ឡើយ​”​។

 
ពាក្យសំដី​ទាំងនេះ​កើតមាន​ចំពេល​ដែល​ប្រទេស​អៀរ៉ង់​ត្រូវ​មាន​ជំនួប​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់​នៅ​ពេល​ខាងមុខ​ដ៏​ខ្លី​នេះ​ ជាមួយ​ក្រុម​ប្រទេស​៥+១​(​ពោលគឺ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំងប្រាំ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ​+​ប្រទេស​អាល្លឺម៉ង់​)​។

លោក​ប្រធានាធិបតី​អៀរ៉ង់​Mahmoud Ahmadinejad ​បាន​ប្រកាស​បញ្ជាក់​ទៀតថា​ ​ “​កិច្ចចរចា​ទាំងនោះ​ត្រូវ​ឈរលើ​គោលការណ៍​យុត្តិធម៌​និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​ ​ បាន​សេចក្តីថា​ ប្រទេស​លោក​ខាងលិច​ត្រូវតែ​បញ្ឈប់​ភាព​កោងកាច​របស់​ខ្លួន​”​។

ចំណែកឯ​អ្នក​ទទួល​ខុសត្រូវ​អៀរ៉ង់​ខាងកិច្ច​ចរចា​បញ្ហា​នុយក្លេអ៊ែរ​លោក​Saïd Jalili ​បាន​ស្នើ​ឲ្យ​ប្រទេស​មហាអំណាច​៥+១​មាន​ជំនួប​ចរចា​នៅ​ថ្ងៃទី​២៣​វិច្ឆិកា​ឬ​នៅ​ថ្ងៃទី​៥ធ្នូ​ខាងមុខ​នេះ​នៅ​ទីក្រុង​Istanbul​ ​ នេះ​បើ​យោងតាម​ប្រភព​ការទូត​អឺរ៉ុប។

រីឯ​ក្រុម​ប្រទេស​៥+១​វិញ​ ​ បាន​ស្នើ​ឲ្យ​មាន​ជំនួប​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់​នៅទីក្រុង​Vienne​នៅ​ថ្ងៃទី​១៥​ឬ​ថ្ងៃទី​១៨​វិច្ឆិកា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI