តើទីក្រុង​ប៉េកាំង​ជាអ្នកជួយ​បើកទ្វារ​អាស៊ី​ឲ្យលោក​អូបាម៉ាឬ?​

សំឡេង ០៤:៣៥
ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា
ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា © Reuters

កាលពី​ឆ្នាំទៅ​សោះ​ ​ ប្រទេស​អាស៊ី​បាន​នាំគ្នា​បំភ្លេច​ចោល​សឹង​ជា​ស្ថាពរ​ទៅហើយ​ពី​បញ្ហា​វត្តមាន​អាមេរិកាំង​នៅ​ទ្វីបអាស៊ី។​ ប្រទេស​អាស៊ី​សឹងតែ​ទាំងអស់​បាន​នាំគ្នា​យកចិត្ត​យក​ថ្លើម​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មហា​អំណាច​អាស៊ី​កំពុង​មាន​អានុភាព​ខ្លាំងក្លា។​ ម្នាក់ៗ​បាន​នាំគ្នា​ដោះដៃ​គេចចេញ​ពី​សហរដ្ឋ​អាមេរិក។​ ចុះ​ហេតុ​ដូចម្តេច​បាន​ជា​នៅពេលនេះ​ ​ តាំងពី​ទីក្រុង​ញីវដែលី​រហូត​ដល់​ទីក្រុង​តូក្យូ​ដោយ​ឆ្លងកាត់​ប្រទេស​អាស៊ី​អាគ្នេយ៍​ ​ ពួកគេ​ឥឡូវនេះ​បែរជា​ងាក​មក​​រក​សហរដ្ឋ​អាមេរិក​របស់​លោក​អូបាម៉ា​ទៅវិញ? 

ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​គេ​​និយាយ​ពី”​​សេដ្ឋកិច្ច”​ម្នាក់ៗ​បើកភ្នែក​ធំៗ​សម្លឹង​ភ្លៀកៗ​មើល​មហា​អំណាច​ប្រទេសចិន។​ ដល់ពេល​គេ​និយាយ​ពី​”​បញ្ហា​សន្តិសុខ​”​វិញ​ ​ ពួកគេ​បែរជា​នាំគ្នា​ងាក​ទៅ​រក​ទីក្រុង​វ៉ាស៊ីនតោន។

 
ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​បច្ចុប្បន្ន​ ​ សហរដ្ឋ​អាមេរិក​របស់​លោក​អូបាម៉ា​ពុំ​បាន​ធ្វើ​អ្វី​ទាំងអស់​ ​ គឺ​ទីក្រុង​ប៉េកាំង​ខ្លួន​ឯង​ទេ​តើ​ដែល​បាន​ក្រាល​ព្រំក្រហម​ជួយ​បើក​ទ្វារ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ដើរចូល​ប្រទេស​អាស៊ី​ ​ តាំងពី​ប្រទេស​ឥណ្ឌា​រហូត​ដល់​ប្រទេស​ជប៉ុន​ដោយ​ឆ្លងកាត់​តាម​ប្រទេស​អាស៊ី​អាគ្នេយ៍។​ ដោយ​ហេតុ​តែ​ប្រទេស​ទាំងនោះ​ ​ មាន​ការ​បារម្ភ​ខ្លាច​អានុភាព​របស់​ប្រទេស​ចិន​ហើយ​និង​ដោយ​ហេតុ​តែ​មាន​ជាប់​ពាក់ព័ន្ធ​​នឹង​បញ្ហា​អធិករណ៍​មួយ​ចំនួន​ជាមួយ​ប្រទេស​ចិន។

ជាក់ស្តែង​ ​ ឧប្បត្តិហេតុ​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ដែល​បាន​កើតមាន​រវាង​ទូក​នេសាទ​ចិន​និង​នាវា​យាមល្បាត​ជប៉ុន​បាន​បង្ក​ឲ្យ​កើត​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំងក្លា​រវាង​ប្រទេស​ទាំងពីរ​ ​ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​ជិតខាង​កើតមាន​ក្តី​បារម្ភ​នឹង​អានុភាព​កាន់តែ​ខ្លាំង​ឡើងៗ​របស់​ទីក្រុង​ប៉េកាំង។

បន្ថែម​ពី​លើនេះ​ ​ ឥរិយាបថ​ដំឡើង​បង្ហាញ​សាច់ដុំ​របស់​អ្នកដឹក​នាំ​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ​ ដូចជា​ឧប្បត្តិហេតុ​ជាមួយ​ទូក​នេសាទ​វៀតណាម​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ​បាន​បណ្តាល​ឲ្យ​ប្រទេស​អាស៊ី​ជិតខាង​មាន​ក្តី​បារម្ភ​ពុំតិចឡើយ។

ដូចគ្នា​អ៊ីចឹងដែរ​ ​ ឥរិយាបថ​ដ៏​រឹងមាំ​របស់​ប្រទេស​ចិន​ក្នុង​កិច្ច​​ការពារ​កូរ៉េ​ខាងជើង​ពាក់ព័ន្ធ​នឹង​បញ្ហា​នាវា​Cheonan ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​បាន​ត្រូវ​បាញ់​ពន្លិច​ដោយ​អាវុធ​របស់​ទីក្រុង​ផ្យុងយ៉ាង​ ​ ក៏​បាន​ធ្វើឲ្យ​ទីក្រុង​តូក្យូ​និង​ទីក្រុង​សេអ៊ូល​ពុំ​ពេញចិត្ត​និង​កើតមាន​ក្តីបារម្ភ។​ ចាប់ពីពេល​នោះ​មក​ ​ គេ​កត់​សម្គាល់​ឃើញ​ប្រទេស​ជប៉ុន​លែង​លើកយក​បញ្ហា​វត្តមាន​ទាហាន​អាមេរិកាំង​នៅ​កោះ​អូគីណាវ៉ា​មក​និយាយ​ទៀតឡើយ។

រីឯ​ប្រទេស​ជប៉ុន​វិញ​ ​ គ្រាន់តែ​បាន​បាត់បង់​តួនាទី​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ក្នុងលោក​ ​ ហើយ​មុខ​តំណែង​នេះ​បាន​ធ្លាក់​ទៅលើ​ដៃ​ប្រទេស​ចិន​ ​ ក៏បាន​ធ្វើឲ្យ​ទីក្រុង​តូក្យូ​កើតមាន​ក្តីបារម្ភ​ដេក​លែង​លក់​ បក់​ពុំល្ហើយ​រួចទៅហើយ។​ កុំ​ថាឡើយ​ដល់ទៅ​នឹក​គិតដល់​អានុភាព​យោធា​របស់​ប្រទេស​ចិន​ដែល​ចេះ​តែ​កើន​កាន់តែ​ខ្លាំងឡើងៗ​ជា​លំដាប់។​ នេះ​គេ​ពុំ​ទាន់​និយាយ​ពី​បញ្ហា​កោះ​Sankaku ជា​ភាសា​ជប៉ុន​ឬ​កោះ​Diaoyu Tai ជា​ភាសាចិន​ដែល​ប្រទេស​ទាំងពីរ​កំពុង​ឈ្លោះ​ដណ្ដើម​គ្នា​ផង។

ដោយ​មាន​លេស​អស់ទាំងនេះ​ ​ សហរដ្ឋ​អាមេរិក​របស់​លោក​អូបាម៉ា​អាច​មាន​យោធា​ឈរ​សំចត​នៅ​ឧបទ្វីប​កូរ៉េ​ ​ នៅ​កោះ​អូគីណាវ៉ា​នៃ​ប្រទេស​ជប៉ុន។​ នៅ​ប៉ែកខាង​លិច​វិញ​ ​ ដោយមាន​លេស​បញ្ហា​អាហ្វហ្កានិស្តង់​ សហរដ្ឋ​អាមេរិក​អាចមាន​វត្តមាន​យោធា​នៅ​តំបន់​អាស៊ី​កណ្តាល។

គរកត់​សម្គាល់​ថា​ ​ ប្រទេសចិន​ពុំ​ពេញចិត្ត​សោះឡើយ​នឹង​ឃើញ​ទីក្រុង​វ៉ាស៊ីនតោន​លូកដៃ​ចូល​ដោះ​ស្រាយ​បញ្ហា​ក្នុង​តំបន់​ ​ មាន​ដូចជា​បញ្ហា​អធិករណ៍​រវាង​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​តូក្យូ។

ហើយ​កាយវិការ​នៅ​ពេលថ្មីៗនេះ​របស់​លោក​អូបាម៉ា​បាន​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​ចិន​ពុំ​ស្រួល​ចិត្ត​សោះឡើយ​ ​ លោក​អូបាម៉ា​ដែល​បាន​ថ្លែង​ប្រកាស​ថា៖​ សម្ព័ន្ធ​ភាព​អាមេរិក-ជប៉ុន​គឺ​ជា​សម្ព័ន្ធភាព​មួយ​ដ៏​សំខាន់​ ​ ប្រទេស​ជប៉ុន​គឺ​ជា​សោគន្លឹះ​នៃ​យុទ្ធសាស្ត្រ​អាមេរិក​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

ចំណែកឯ​ការ​ជួយ​ជ្រោមជ្រែង​របស់​លោក​អូបាម៉ា​ឲ្យ​ប្រទេស​ឥណ្ឌា​អាច​ក្លាយ​ទៅជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ​បាន​ត្រូវ​ទីក្រុង​​ប៉េកាំង​មើលឃើញ​ថា​ ​ សហរដ្ឋ​អាមេរិក​ចង់យក​ប្រទេស​ឥណ្ឌា​មក​ធ្វើ​ការ​ទប់ទល់​នឹង​ប្រទេស​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI