អានតួអត្ថបទ
តាដហ្ស៊ីគីស្តង់

រដ្ឋសភា​​​ទើប​អនុម័ត​ច្បាប់​ ដែល​រឹតត្បិត​អាពាហ៍ពិពាហ៍​ ជា​មួយ​បរទេស

ចាប់ពី​អំណើះ​តទៅ​ជាតិបរទេស​ដែល​ចង់​រៀបការ​ជាមួយ​នារី​តាដហ្ស៊ីគ ​ត្រូ​វ បំពេញ​ល័ក្ខខ័ណ្ឌ​មួយ​ចំនួន​ ដែល​ដាក់​ចេញ​ដោយ​ អាជ្ញាធរ​តាដហ្ស៊ីគីស្តង់​។
ចាប់ពី​អំណើះ​តទៅ​ជាតិបរទេស​ដែល​ចង់​រៀបការ​ជាមួយ​នារី​តាដហ្ស៊ីគ ​ត្រូ​វ បំពេញ​ល័ក្ខខ័ណ្ឌ​មួយ​ចំនួន​ ដែល​ដាក់​ចេញ​ដោយ​ អាជ្ញាធរ​តាដហ្ស៊ីគីស្តង់​។ © កែវ​ ឆាយា
ដោយ៖ កែវ ឆាយា
1 នាទី

ចាប់ពីអំណើះតទៅ ជាតិបរទេស​ដែលចង់រៀបការ​ជាមួយ​ នារី​តាដ់ហ្ស៊ីគ ​ត្រូវ បំពេញ​ល័ក្ខខ័ណ្ឌ​មួយចំនួន ដែលដាក់ចេញ​​ដោយ​ អាជ្ញាធរតាដហ្ស៊ីគីស្តង់។ ការ​មួលខ្ចៅ​បន្តឹង​​សណ្តាប់ធ្នាប់​អាពាហ៍​ពិពាហ៍ ជាមួយជាតិ​បរទេស គឺ ដើម្បីការពារ​សិទ្ធិ​ពលរដ្ឋតាដហ្ស៊ីគីស្តង់។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ

ជាបឋម​ គួររំលឹកថា តាដហ្ស៊ីគីស្តង់​ ជាអតីត​សាធារណរដ្ឋសូវៀត កាន់​សាសនា​អ៊ីស្លាម​ ក្លាយជារដ្ឋឯករាជ្យ​ក្នុងឆ្នាំ​១៩៩១ ស្ថិតនៅតំបន់​អាស៊ីកណ្តាល មាន​ព្រំដែន​​​ខាងកើត ជាប់នឹង​មហាប្រទេសចិន និងខាងត្បូង​ជាប់នឹង​អាហ្វហ្កានីស្តង់។

ស្របនឹង​ច្បាប់ថ្មី ជាតិបរទេស មានសិទ្ធិ​ការប្រពន្ធ ឫ យកប្តីជាតិតាដហ្ស៊ីគ មុនដំបូង​ គឺ គេ​ត្រូវរស់នៅ ក្នុងប្រទេសតាដហ្ស៊ីគីស្តង់ យ៉ាងហោចណាស់​ឲ្យបាន១ឆ្នាំសិន។ ពេលចុះ​អត្រានុកូលដ្ឋាន ជាប្តីប្រពន្ធ​ស្របច្បាប់ គូស្វាមី​ភរិយា​ក៏ត្រូវចុះនឹងគ្នាដែរ ឯកសារ​ដែលមាន​ឈ្មោះថា “ កុងត្រាអាពាហ៍ពិពាហ៍ “ ឯកសារនេះ តាមមតិ​អង្គការ​ការពារសិទ្ធិ​ស្ត្រី គឺ សំដៅ ធានា​ជាបឋម​ កុំឲ្យ​ ប្តីអាចមាន​ប្រពន្ធច្រើនទៅកើត។ ល័ក្ខខ័ណ្ឌ​ដ៏សំខាន់​មួយទៀត ​គឺ​ជាតិ​បរទេស ត្រូវតែ​ទិញមិនអាច​ខានបាន សំរាប់ប្រពន្ធ ឫក៏ប្តី​ជាជាតិតាដហ្ស៊ីគ គឺលំនៅឋាន​នៅក្នុង​ប្រទេសតាដហ្ស៊ីគីស្តង់ផ្ទាល់។

តួលេខ​ផ្លូវការ​បង្ហា្ថញថា ក្នុង៥ឆ្នាំចុងក្រោយ នៅតាដហ្ស៊ីគីស្តង់ មានជាតិបរទេស​បានរៀបការ ជាមួយ នារីជាតិតាដហ្ស៊ីគ ចំនួន ២.៦៩៦​គូ រួចក្នុង​អំឡុងពេលនេះដែរ មានជាង​ ៦០០​គូ បាន​លែងលះគ្នា។ នារីតាដហ្ស៊ីគ បានរៀបការ​ច្រើនជាងគេ គឺជាមួយ​បុរស​ជា ពលរដ្ឋ Afganistan Iran Turquie ចិន អាល្លឺម៉ង់ អង់គ្លេស ស.រ.អា ជប៉ុន ឥណ្ឌា ប្រទេស Syrie។

តាមប្រសាសន៍ លោក Holikov អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌តាដហ្ស៊ីគីស្តង់ មូលហេតុ​ដែល​ញ៉ាំង​ ឲ្យអាជ្ញាធរ​ចេញច្បាប់អាពាហ៍ពិពាហ៍ថ្មីនេះ មកពី​ក្រោយពីលែងលះគ្នាទៅ គឺ​ស្ត្រី​តាដហ្ស៊ីគ​ ដែលតែងធ្លាក់ខ្លួនរងគ្រោះ។ ម៉្លោះហើយ​បានជារដ្ឋតាដហ្ស៊ីគីស្តង់ មានកាតព្វកិច្ច​ត្រូវតែ​ការពារសិទ្ធិ​របស់គេ។

បច្ចុប្បន្ន ​នៅតាដហ្ស៊ីគីស្តង់ សម្បូណ៌កូនក្រមុំ ជាងកូនកម្លោះ ដ្បិត សមាមាត្រ ​រវាងភេទស្រី និង​ភេទប្រុស គឺ​ថា សំរាប់​ បុរស​ម្នាក់ៗ មាននារីដល់ទៅ ៣ឫ៤នាក់ឯណោះ។ ស្ថានភាពនេះ កើត ឡើង ដោយ​​ពីក្នុង​ចំណោម​ពលរដ្ឋតាដហ្ស៊ីគីស្តង់ ប្រមាណ ៦លាន៧សែននាក់ ​មាន​ប្រុសៗ​ ដល់ទៅ ១លាន១សែននាក់​បានធ្វើចំណាកស្រុក​ មកលក់កម្លាំងកាយ​ស៊ីឈ្នួល នៅ ប្រទេសរុស្ស៊ី ដើម្បីរកលុយ​ផ្ញើទៅចិញ្ចឹមគ្រួសារ​នៅឯស្រុកកំណើត។ ក្នុងឆ្នាំ២០១០​កន្លងទៅ គេបានផ្ញើ ទៅស្រុក ដល់ទៅ២.៣០០លានដុល្លារអាមេរិក ឫស្មើនឹង៣៧% ​នៃផលិតផល​ក្នុងស្រុក​សរុប  របស់តាដហ្ស៊ីគីស្តង់ផ្ទាល់។
 

មានមិនតិចទេ ករណី​កាលដែលប្រុសៗតាដហ្ស៊ីគ ធ្វើការ​នៅរុស្ស៊ី ក៏ដូចជានៅ​ប្រទេស​កាសាក់ស្តង់​ បានរៀបការ​ជាមួយនារីជាតិផ្សេង ហើយ​សំរេចចិត្ត លែងត្រឡប់ទៅស្រុក​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ