អានតួអត្ថបទ
ចិន

ទីក្រុង​ប៉េកំាង​បារម្ភ​ពី​ការ​ចម្លង​យក​គំរូ​បដិវត្តន៍​ផ្កាម្លិះ​នៅ​​ពិភពអារ៉ាប់

កម្លំាង​ប៉ូលិសចិន​បង្រ្កាប​ក្រុមបាតុករ
កម្លំាង​ប៉ូលិសចិន​បង្រ្កាប​ក្រុមបាតុករ ©Reuters
9 នាទី

នៅ​ថ្ងៃ​អាទិត្យ ទី ២០ កុម្ភៈ​ម្សិលមិញ កម្លំាង​ប៉ូលិស​ចិន​បាន​ធ្វើ​ការ​វាយបង្រ្កាប​យ៉ាង​ចាស់ដៃ​ទៅ​លើ​ក្រុម​ បាតុករ​ចិន​ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ធំៗ​មួយ​ចំនួន។ ការ​ប្រមូលផ្តុំ​គ្នា​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​សារ​អំពាវនាវ​នៅ​តាម​អិនធ័រណេត​ពី​សំណាក់​ក្រុមសកម្មជន​ ប្រឆំាង​រដ្ឋអំណាច​ចិន​នៅ​បរទេស ឲ្យ​យក​គំរូ​តាម​​បដិវត្តន៍​​ផ្កាម្លិះ​​នៅ​ទុយនីស៊ី ឬ​មួយ​ក៏​នៅ​អេហ្ស៊ីប។ វិធានការ​បង្រ្កាប​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា បដិវត្តន៍​ផ្កាម្លិះ​នៅ​ក្នុង​ពិភពអារ៉ាប់​បាន​និង​កំពុង​ធ្វើ​ឲ្យ​ រដ្ឋាភិបាល​ចិន​មាន​ការ​ព្រួយបារម្ភ​ជា​ពន់ពេក។

ផ្សាយពាណិជ្ជកម្ម

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

ទោះ​បី​ជា​ចលនា​បះបោរ​នា​ថ្ងៃ​អាទិត្យ ទី ២០ កុម្ភៈ​ម្សិលមិញ នៅ​មាន​ទ្រង់​ទ្រាយ​តូច​មែន តែ​រដ្ឋអំណាច​ចិន​មិន​បាន​មើល​ស្រាល​អំពី​រឿង​នេះ​ទេ។ សូម​ជម្រាប​ជូន​ថា តំាង​តែ​ពី​ដំបូង​ដៃមក​ម្ល៉េះ ពោល​គឺ​តំាង​តែ​ពី​មាន​ចលនា​បះបោរ​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី បន្ទាប់​មក​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ទីក្រុង​ប៉េកំាង​បាន​ព្យាយាម​គ្រប់​បែប​យ៉ាង ទប់​កុំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​អាច​តាម​ដាន​ព័ត៌មាន​នេះ​បាន ពិសេស រដ្ឋអំណាច​បាន​ចាត់​វិធានការ​បិទខ្ទប់​កុំ​ឲ្យ​ពាក្យ បដិវត្តន៍​ផ្កាម្លិះ ពាក្យ លទ្ធិប្រជាធិបតេយ្យ ឬ​មួយ​ក៏​ឈ្មោះ​ប្រទេស​ទុយនីស៊ី អេហ្ស៊ីប​បន្ត​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​អិនធ័រណេត​នៅ​ក្នុង​ស្រុក។

យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​មាន​ការ​បិទខ្ទប់​បណ្តាញ​អិនធ័រណេត​នៅ​ក្នុង​ស្រុក​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា សារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចិន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​យក​គំរូ​តាម​ប្រជាជន​ទុយនីស៊ី ឬ​មួយ​ក៏​ប្រជាជន​អេហ្ស៊ីប មាន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​លើ​គេហទំព័រ​នៃ​ក្រុម​សកម្មជន​ប្រឆំាង​រដ្ឋអំណាច​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​ចិន។ ដូច​យ៉ាង​សារ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ Boxun ដែល​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចិន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ខេត្ត ក្រុង​មួយ​ចំនួន រួម​មាន​ប៉េកំាង សៀងហៃ កង់តុង​ និងតាមទីក្រុងធំៗ​ចំនួន​១០ ផ្សេង​ទៀត។ សារ​នោះ​បាន​អំពាវនាវ​ចំពោះ​ពលរដ្ឋ​ចិន អ្នក​ឥត​ការងារ​ធ្វើ និង​អ្នក​ដែល​រងគ្រោះ​ដោយ​បាត់បង់​ដីធ្លី ឲ្យ​ក្រោកឈរ​ឡើង ទាមទារ​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និង​កំណែទម្រង់​ប្រព័ន្ធនយោបាយ​តាមបែប​ពហុបក្ស។

តាម​រយៈ​សារ​អំពាវនាវ​នេះ គេ​ពិត​ជា​ឃើញ​មាន​ការ​ប្រមូលផ្តុំ​គ្នា​មែន។ ប៉ុន្តែ នៅ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច និង​ត្រូវ​បាន​កម្លំាង​ប៉ូលិស​វាយបង្រ្កាប​យ៉ាង​ចាស់​ដៃ។ មួយ​វិញ​ទៀត មាន​សកម្មជន​សិទ្ធិមនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដែល​អ្នក​ខ្លះ ត្រូវ​បាន​ឃុំ​ទុក​នៅ​ក្នុង​គេហដ្ឋាន និង​អ្នក​ខ្លះ​ទៀត បាត់​ដំណឹង​សូន្យ​ឈឹង​តែ​ម្តង។

ហេតុអ្វី បាន​ជា​មាន​ពលរដ្ឋ​ចិន​តិចតួច​ចូលរួម​បាតុកម្ម ?

មាន​មូលហេតុ​ច្រើន ទីមួយ គឺ​សារ​អំពាវនាវ​តាម​បណ្តាញ​អិនធ័រណេត​នៅ​មាន​លក្ខណៈ​តូចចង្អៀត មិន​សូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ។ គឺ​មិន​ដូច​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ឬ​មួយ​ក៏​នៅ​ប្រទេស​អេហ្ស៊ីប ដែល​ប្រព័ន្ធ​អិនធ័រណេត​ត្រូវ​បាន​បើក​ចំហ​ដោយ​សេរី គ្មាន​កំណត់​ព្រំដែន។ ម្យ៉ាង​ទៀត សារ​អំពាវនាវ​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​ក្តី ឬ​មួយ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ក្តី សុទ្ធ​តែ​បាន​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រឆំាង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ ចំណែក​នៅ​ក្នុង​ប្រទេស​ចិន​វិញ គ្មាន​បក្សប្រឆំាង​ទេ មាន​តែ​សកម្មជន​សិទ្ធិមនុស្ស និង​ដែល​ជា​ទូទៅ ពួក​គេ​ត្រូវ​បាន​រដ្ឋអំណាច​តាម​ឃ្លំា​មើល​សកម្មភាព​របស់​ពួក​គេ​ដោយ​មិន​ប៉ប្រិច​ភ្នែក។ អ៊ីចឹង​ឃើញ​ថា នៅ​មិន​ទាន់​មាន​អ្នក​ចេញ​មុខ​ដឹក​នំា​ក្បួន​បាតុកម្ម​ជា​ចំហ​ទេ។ ទន្ទឹម​គ្នា​នេះ​នៅ​ក្នុង​ពិភពអារ៉ាប់​ជា​ទូទៅ ក្រុមបាតុករ​ហ៊ានស៊ី ហ៊ានសង និង​ស៊ូប្តូរ​ជីវិត​នៅ​ចំពោះ​មុខ​គ្រោះថ្នាក់ ដូច​យ៉ាង​ នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ការ​បះបោរ​បាន​ផ្ទុះ​ឡើង ក្រោយ​ពី​មាន​ការ​ដុត​ខ្លួន​របស់​និស្សិត​ម្នាក់​ដែល​គ្មាន​ការងារ​ធ្វើ។

មូលហេតុ​ទី ២ ពលរដ្ឋ​ចិន​ហាក់​ដូច​ជា​បាន​រាងចាល​នៅ​ក្នុង​ព្រឹត្តិការណ៍​បះបោរ ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីលាន Tiananmen ក្នុង​ឆ្នំា ១៩៨៩។ ព្រឹត្តិការណ៍​ដែល​កាល​ណោះ​ត្រូវ​បាន​កម្លំាងទ័ព និង​ប៉ូលិស​បាញ់​បង្រ្កាប​យ៉ាង​បង្ហូរឈាម។

ដូច្នេះ និង​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ព្រឹត្តិការណ៍​របៀប​គ្នា​នេះ​កើត​មាន​ជា​ថ្មី​ឡើង​វិញ រដ្ឋអំណាច​ចិន​ត្រូវ​ចាត់​វិធានការ​ភ្លាមៗ ដូច​ដែល​សុភាសិត​មួយ​និយាយ​ថា ការពារ ប្រសើរ​ជាង​ព្យាបាល។

គេ​មិន​អាច​ប្រដូច​ចិន ទៅ​នឹង​ទុយនីស៊ី ឬ​អេហ្ស៊ីប​ទេ

ជា​រួម​ទៅ មូលហេតុ​នៃ​ការ​ងើប​បះបោរ​របស់​ប្រជាជន​ទុយនីស៊ី អេហ្ស៊ីប ចិន ឬ​មួយ​ក៏​ប្រជាជន​លីប៊ី​នា​ពេល​នេះ គឺ​ដូច​គ្នា នោះ​គឺ​ទាមទារ​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ប្រឆំាង​នឹង​ភាព​អត់ការងារ​ធ្វើ ប្រឆំាង​អំពើ​ពុករលួយ គ្រួសារ បក្សពួក​និយម ឬមួយ​ក៏​ប្រឆំាង​នឹង​គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ។

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ប្រទេស​ចិន​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ពី​ឥទ្ធិពល​នៃ​បដិវត្តន៍​ផ្កាម្លិះ​នៅ​ក្នុង​ពិភពអារ៉ាប់ មាន​ន័យ​ថា ប្រទេស​ដែល​ត្រូវ​ទទួល​មេរៀន​ជូរចត់​ដូច​ប្រទេស​ទុយនីស៊ី ឬ​មួយ​ក៏​ប្រទេស​អេហ្ស៊ីប​នោះ គឺ​មិន​មែន​ចិន​ទេ។ ការ​លើកឡើង​ដូច​នេះ ដោយ​គេ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​ចិន។ មាន​ហើយ ការ​ស្រេក​ឃ្លាន​នូវ​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និង​កំណែទម្រង់​ប្រព័ន្ធ​តុលាការ។ ប៉ុន្តែ ពលរដ្ឋ​ចិន​មិន​អាច​ធ្វើ​បដិវត្តន៍​ដោយ​យក​គំរូ​តាម​បដិវត្តន៍​ផ្កាម្លិះ​នៅ​ពិភពអារ៉ាប់​ទេ។ ម្យ៉ាង​ទៀត ទោះ​បី​ជា​ពលរដ្ឋ​ចិន​ភាគច្រើន​មាន​ស្ថានភាព​លំបាកលំបិន​យ៉ាង​ណា​ក៏​ដោយ ក៏​ជា​ទូទៅ ពួក​គេ​ហាក់​ដូច​ជា​មិន​បាន​ខ្វាយខ្វល់ និង​សម្តែង​​នូវ​ក្តី​អស់សង្ឃឹម​របស់​ខ្លួន​ ដូច​ពលរដ្ឋ​ទុយនីស៊ី ឬ​អេហ្ស៊ីប​ទេ។ ជាក់ស្តែង​នៅ​ក្នុង​ចំណោម​ស្រទាប់​យុវវ័យ​ចិន ទោះ​បី​ជា​ពួក​គេ​មាន​សញ្ញាប័ត្រ និង​គ្មាន​ការងារ​ធ្វើ​ក៏​ដោយ ក៏​ជម្រៅ​នៃ​កំហឹង​របស់​ពួក​គេ មិន​ដូច​គ្នា​នឹង​ស្រទាប់​យុវវ័យ​អារ៉ាប់​ទេ។

និយាយ​ពី​របប​នយោបាយ​វិញ ចិន​ពិត​ជា​ដឹក​នំា​ដោយ​គណបក្ស​តែ​មួយ គឺ​គណបក្ស​កុម្មុយនិស្ត ក៏​ប៉ុន្តែ ក្នុង​រយៈពេល ៣​ទសវត្ស​ចុង​ក្រោយ​នេះ ស្ថានភាព​សេដ្ឋកិច្ច​ចិន​មាន​លក្ខណៈ​ប្រសើរ​ជានិច្ច។ តាម​រយៈ​កំណើន​សេដ្ឋកិច្ច​នេះ រដ្ឋាភិបាល​បាន​ជួយ​ប្រជាជន​ចិន​រាប់រយលាន​នាក់​ឲ្យ​ងើប​ផុត​ពី​ភាពក្រីក្រ ហើយ​នៅ​ពេល​ដែល​អ្នក​ក្រ​បាន​ទទួល​កំរិត​ជីវភាព​មធ្យម​ហើយ ពួក​គេ​សប្បាយ​ចិត្ត និង​ចង់​បាន​ស្ថិរភាព។

ចំណុច​ខុស​គ្នា​មួយ​ទៀត រវាង​ប្រទេស​ចិន និង​ប្រទេស​ទុយនីស៊ី ឬ​មួយ​អេហ្ស៊ីប នោះ​គឺ​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នំា។ នៅ​ក្នុង​ពិភពអារ៉ាប់ និយាយ​ជារួម និង​នៅ​ទុយនីស៊ី ឬ​មួយ​ក៏​នៅ​អេហ្ស៊ីប និយាយ​ដោយឡែក អំណាច​ស្ថិត​នៅ​ក្នុង​ដៃ​ប្រធានាធិបតី និង​ដែល​អ្នក​ខ្លះ​បាន​កាន់​អំណាច​តែ​ឯង​មិន​តិច​ជាង ៣០ឆ្នំា​ទេ។ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ចិន អំណាច​ពិត​ប្រាកដ​មិន​មែន​ស្ថិត​ក្នុង​កណ្តាប់​លោក​ប្រធានាធិបតី ហ៊ូ ជិនតាវ​ទេ តែ​ស្ថិត​ក្នុង​កណ្តាប់ដៃ​គណបក្ស ហើយ​ការិយាល័យ​នយោបាយ ជា​អ្នក​កាច់ចង្កូត​ប្រទេស។ ម្យ៉ាង​ទៀត​នៅ​ប្រទេស​ចិន ប្រធានាធិបតី​ត្រូវ​បាន​ដោះដូរ​រៀងរាល់ ១០ឆ្នំា​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ