ទីបេ

សម្តេច​សង្ឃ ដាឡៃ ឡាម៉ា ប្រកាស​ចាកចេញ​ពី​ឆាក​នយោបាយ

សម្តេច​សង្ឃ ដាឡៃ ឡាម៉ា
សម្តេច​សង្ឃ ដាឡៃ ឡាម៉ា REUTERS

សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា ​ដែល​ជា​បុគ្គល​​ដ៏​គ្រោះ​ថ្នាក់​ ក្នុង​ក្រសែ​ភ្នែក​​​អាជ្ញាធរ​​ចិន​ បាន​ប្រកាស​ នៅ​ថ្ងៃព្រហស្បតិ៍​ទី ១០ មីនា ឆ្នាំ​២០១១ នេះ​ បោះ​បង់​តួនាទី​ ជា​មេដឹក​នាំ​នយោបាយ​​ ដើម្បី​ធ្វើ​ទំនើបកម្ម​រដ្ឋាភិបាល​និរទេស​ទីបេ តាម​រយៈ​ការបោះ​ឆ្នោត​ជ្រើសរើស​អ្នក​ដឹក​នាំ​ថ្មី​ដោយ​សេរី។ ប៉ុន្តែ រដ្ឋាភិបាល​​ក្រុង​ប៉េកាំង បានចាត់​ទុក​សេចក្តី​ថ្លែងការណ៍​របស់​សម្តេច​សង្ឃ​ថា “ជា​​ឧបាយកល” បោក​បញ្ឆោត​សហគមន៍​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

គឺ “ដើម្បី​ភាព​យូរ​អង្វែង​របស់​​​ទីបេ” ទើប​ព្រះអង្គ​សម្រេច​​បោះ​បង់​តួនាទី​នយោបាយ មិន​មែន​ព្រោះ​តែ​ព្រះ​អង្គ​បាក់​ទឹក​ចិត្ត​នឹង​ការ​តស៊ូ​​ទេ ! នេះ​ជា​សង្ឃដីកា​របស់​សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា ពី​ទីក្រុង​ Dharamsala ប្រទេស​ឥណ្ឌា​ ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៥២​ឆ្នាំ​ (១០​មីនា)នៃ​ការនិរទេស​ខ្លួនចេញ​ពី​ទីបេ។ ប៉ុន្តែ​ព្រះ​អង្គ​បាន​ធានា​អះអាង​ដល់​បណ្តា​ជន​ទីបេ​ថា​​ ទោះ​លែង​មាន​​តួនាទី​នយោបាយ​ ក៏​ព្រះអង្គ​នៅ​តែ​បន្ត​ដើរ​តួ​តស៊ូ ដើម្បី​បុព្វហេតុ​ទីបេ​ជានិច្ច។

ពេល​វេលា​ដ៏​សក្តិសម​បាន​មក​​ដល់ហើយ តាំង​ពី​ឆ្នាំ​១៩៦០​មក ​ព្រះ​អង្គ​​តែង​ទន្ទេញ​ចង់​ផ្ទេរ​អំណាចទៅ​ឲ្យ​មេ​ដឹក​នាំ​ថ្មី ​​ដែល​ជ្រើស​តាំង​ដោយ​ប្រជាជន និង​ដោយ​សេរី ពី​ព្រោះ​នេះ​ជា​សេចក្តី​ត្រូវ​ការ​ពិត​​របស់​ទី​បេ។

សេចក្តី​ប្រកាស​​ចាក​ចេញ​ពី​ឆាក​នយោបាយ​ ជាផ្លូវការ ដែល​​​សភា​ត្រូវ​ផ្តល់​​​សច្ចាប័ន​​នៅ​ចន្ទ​សប្តាហ៍​ក្រោយ នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី​ទីបេ​​​ថ្មី នៅ​ក្នុង​ខែ​នេះ និង​អនុញ្ញាត​ឲ្យ​​រដ្ឋាភិបាល​និរទេសទីបេ​​​ ធ្វើ​ទំនើប​កម្ម​ មាន​អំណាច​ថ្មី​លើ​ឆាក​អន្តរជាតិ។​ ពី​ព្រោះ​​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ទាំង​បី​រូប​ ដែល​អាច​នឹង​មក​បន្ត​តំណែង​ពី​សម្តេច​សង្ឃ សុទ្ធ​តែ​ជន​សាមញ្ញ មិន​មែន​ជា​បព្វជិតទេ។

ប៉ុន្តែ​​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តាម​រយៈ​​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេសចិន​ បាន​បញ្ចេញ​ប្រតិកម្ម​ថា ​ សម្តេច ដាឡៃ ឡាម៉ា ធា្លប់​បាន​ប្រកាស​ដក​ខ្លួន​ពី​រដ្ឋាភិបាល​និរទេស​ ជា​ច្រើន​លើក​ច្រើន​សា​​រាប់​មិន​អស់ ដូច្នេះ​សេចក្តី​ថ្លែងការណ៍​លើក​នេះ​គ្រាន់​តែ​ជា “ល្បិច​កល" ចង់​​បន្លំ​ភ្នែក​សហគមន៍​អន្តរជាតិ ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ទោះ​បី​ជា​មាន​ព្រះជន្ម​៧៥​ព្រះ​វស្សា​ទៅ​ហើយ និង​មាន​ជំងឺ​បៀត​បៀន​​ទៀត​ក៏​ដោយ ក៏​ព្រះអង្គ​​នៅ​តែ​ធ្វើ​ដំណើរ​គ្រប់​ទិសទី​ លើ​ពិភពលោក​ដើម្បី​ការពារ​​បុព្វហេតុរបស់​ព្រះ​អង្គ និង​​​ប្រជាជន​ទីបេ ក្នុង​ការ​ទាម​ទារ​ស្វ័យភាព​វប្បធម៌ ពី​អាជ្ញាធរ​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI