ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗផ្តើមផ្អាកការហោះហើរទៅកាន់ទីក្រុងតូក្យូ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអង្គារទី១៥មីនានេះ ក្រុមហ៊ុនអាកាសចរណ៍អាស៊ីនិងអឺរ៉ុបមួយចំនួនបានប្រកាសផ្អាកទាំងស្រុង ឬបន្ថយចំនួនជើងហោះហើររបស់គេទៅកាន់ទីក្រុងតូក្យូ។ មូលហេតុគឺមកពីព័ត៌មានលេចឮឲ្យដឹងថាអាចមានការរញ្ជួយដីមួយថ្មីកើតឡើង អាចមានពពកផ្ទុកទៅដោយធាតុវិទ្យុសកម្មរសាត់មកដល់ទីក្រុងតូក្យូនិង ការថយចុះនៃចំនួនអ្នកដំណើរមកកាន់ប្រទេសជប៉ុន។
សេចក្តីរាយការណ៍របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
ក្រុមហ៊ុនអាកាសចរណ៍Air Chinaរបស់ប្រទេសចិនបានសម្រេចកាត់បន្ថយការហោះហើររបស់គេពីប៉េកាំងទៅកាន់តូក្យូពី៦ឲ្យមកនៅសល់តែ៣ជើងប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់ថ្ងៃអង្គារនេះ និងសម្រាប់ថ្ងៃពុធស្អែក។ ដូចគ្នាអ៊ីចឹងដែរ ការហោះហើរទាំង៣ជើងក្នុងមួយថ្ងៃពីសៀងហៃទៅតូក្យូត្រូវបានកាត់បន្ថយឲ្យនៅសល់តែ១ជើងប៉ុណ្ណោះ។ ទាំងនេះគឺមកពីមានព័ត៌មានបញ្ជាក់ថា នៅថ្ងៃពុធស្អែកនេះ អាចនឹងមានការរញ្ជួយដីមួយថ្មីទៀតកើតឡើងនៅតំបន់ម្តុំទីក្រុងតូក្យូ។
ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់Eva Airways វិញ បានសម្រេចផ្អាកការហោះហើរទាំង១៤ជើងរបស់ខ្លួនទៅកាន់តូក្យូនិងទីក្រុងមួយចំនួននៅប៉ែកខាងជើងនៃប្រទេសជប៉ុនចាប់ពីថ្ងៃនេះរហូតទៅដល់ចុងខែ។ បើយោងទៅតាមអ្នកទទួលខុសត្រូវនៃក្រុមហ៊ុនEva ការផ្អាកការហោះហើរនេះ គឺមកពីអ្នកដំណើរច្រើនឡើងៗបានសម្រេចចិត្តឈប់ទៅប្រទេសជប៉ុន។
ម្យ៉ាងទៀត នៅថ្ងៃអង្គារនេះ នៅប្រទេសម៉ាឡេស៊ីអាជ្ញាធរបានតម្រូវឲ្យត្រួតពិនិត្យមើលគ្រប់អ្នកដំណើរដែលមកពីប្រទេសជប៉ុនក្រែងលោមាននាំមកនូវធាតុវិទ្យុសកម្ម។ នៅហុងកុងវិញ អ្នកដំណើរមកពីប្រទេសជប៉ុនអាចទៅពិនិត្យមើលសុខភាពរបស់ពួកគេ នៅតាមមន្ទីរពេទ្យសាធារណៈ បើសិនជាពួកគេបារម្ភចំពោះកាំរស្មីនៃវិទ្យុសកម្ម។
Lufthansa វិញដែលជាក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ បានប្រកាសផ្អាកគ្រប់ការហោះហើររបស់គេទៅកាន់ទីក្រុងតូក្យូ តែនៅបន្តជើងហោះហើរទៅកាន់ទីក្រុងផ្សេងៗនៅប៉ែកខាងត្បូងនៃប្រទេសជប៉ុន។
រីឯក្រុមហ៊ុនអាកាសចរណ៍បារាំងAir France បានដាក់លក់តាំងពីម្សិលមិញមកម្ល៉េះនូវតម្លៃសំបុត្រយន្តហោះពិសេសដែលធ្វើដំណើរពីតូក្យូមកប៉ារីសដោយមិនត្រឡប់ទៅវិញ។ ទាំងនេះគឺដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អ្នកដំណើរច្រើនឡើងៗ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ