ជប៉ុន

ជប៉ុន៖ គ្រោះថ្នាក់​នុយក្លេអ៊ែរ​កើនឡើង​កាន់​តែ​ខ្លំាង

រូបភាព​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima នៅ​ប៉ែកឦសាន​ប្រទេស​ជប៉ុន
រូបភាព​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima នៅ​ប៉ែកឦសាន​ប្រទេស​ជប៉ុន ©Reuters

៤ថ្ងៃ ក្រោយ​ពី​គ្រោះរញ្ជួយ​ដី​កម្រិត ៩រីស្ទ័រ​មក ជប៉ុន​បាន​នឹង​កំពុង​ប្រឈម​មុខ​កាន់​តែ​ខ្លំាង​ឡើង​ទល់​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង Fukushima។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima មាន​ម៉ាស៊ីនប្រតិកម្ម​ទំាង​អស់​ចំនួន ៦។ ប៉ុន្តែ​​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ ទី១៥ មីនា​នេះ មាន​ម៉ាស៊ីនប្រតិកម្ម​ចំនួន ៣​បាន​ផ្ទុះ។ នៅ​ក្នុង​ការ​ផ្ទុះ​ម៉ាស៊ីនប្រតិកម្ម​លើក​ទី៣​ថ្ងៃ​នេះ កម្រិត​នៃ​អត្រា​ធាតុវិទ្យុសកម្ម​បាន​ឡើង​ខ្ពស់​នៅ​តំបន់​មជ្ឈមណ្ឌល Fukushima។ ចំណែក​នៅ​តំបន់​មួយ​ចំនួន​ទៀត​ក្បែរ​ទីក្រុង​តូក្យូ អត្រា​ធាតុវិទ្យុសកម្ម​បាន​ឡើង​លើស​កម្រិត​ធម្មតា។

ផ្សាយពាណិជ្ជកម្ម

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

បន្ទាប់​ពី​ការ​ផ្ទុះ​ម៉ាស៊ីនប្រតិកម្ម​​ទី១ កាល​ពី​ថ្ងៃ​សៅរិ៍ ទី១២ មីនា និង​ម៉ាស៊ីនប្រតិកម្មទី៣​នៅ​ថ្ងៃ​ច័ន្ទ ទី១៤ មីនា​ម្សិលមិញ​មក ម៉ាស៊ីនប្រតិកម្ម​ទី២​បាន​ផ្ទុះ​នៅ​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ជាមួយ​គ្នា​នេះ ម៉ាស៊ីនប្រតិកម្ម​ទី៤​បាន​រងការ​ឆាបឆេះ តែ​ត្រូវ​បាន​គេ​ពន្លត់​ទាន់​ពេល នេះ​បើ​យោង​តាម​ក្រុមហ៊ុន Tepco ដែល​ជា​អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​ក្នុង​ទីក្រុង Fukushima។ ជារួមទៅ មូលហេតុ​ចម្បង​ដែល​នំា​ឲ្យ​មាន​ការ​ផ្ទុះ​ម៉ាស៊ីន​ប្រតិកម្ម​ជា​បន្តបន្ទាប់​គ្នា​របៀប​នេះ គឺ​បណ្តាល​មក​ពី​ការ​ខូច​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់​ម៉ាស៊ីនប្រតិកម្ម​ទំាង​នោះ ហើយ​មូលហេតុ​ដែល​នំា​ឲ្យ​ខូច​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់​ម៉ាស៊ីនប្រតិកម្ម​ទំាង​នោះ គឺ​បណ្តាល​មក​ពី​គ្រោះរញ្ជួយដី​ក្នុង​កម្រិត ៩ អង្សា​គិត​តាម​មាត្រដ្ឋាន​រ៉ិចទ័រ​កាល​ពី​ថ្ងៃ​សុក្រ ទី១១ មីនា។

អាជ្ញាធរ​ជប៉ុន​នៅ​តែ​បន្ត​អះអាង​ថា ការ​ផ្ទុះ​ទាំង​នោះ មិនមែន​ផ្ទុះ​ចេញ​ពី​ខាង​ក្នុង​ស្នូល​នុយក្លេអ៊ែរ​ទេ គឺ​ផ្ទុះ​ចេញ​ពី​សម្ពាធ​ដែល​នៅ​ខាងក្រៅ​តួម៉ាស៊ីនប្រតិកម្ម។ តែ​យ៉ាង​ណា​ក៏​ដោយ ការ​ផ្ទុះ​លើក​ទី៣ នៅ​ថ្ងៃ​នេះ ហាក់​ដូច​ជា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ជាង​ការ​ផ្ទុះ​លើក​ទី១ និង​លើក​ទី២។ ធ្ងន់ធ្ងរ ពីព្រោះ​ថា គេ​វាស់​ឃើញ​អត្រា​នៃ​ធាតុវិទ្យុសកម្ម​ហាក់​ដូច​ជា​បាន​កើន​ឡើង​កម្រិត​ខ្ពស់ នៅ​តំបន់​ជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរFukushima។ អ៊ីចឹង​ហើយ​បាន​ជា​លោក​នាយកដ្ឋមន្រ្តី​ជប៉ុន ណាអូតូ កាន បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ដែល​រស់​ក្នុង​រង្វង់​ពី ២០ ទៅ ៣០គីឡូម៉ែត្រ ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ចាកចេញ​ពី​លំនៅឋាន ជា​បន្ទាន់។
 

ប្រសាសន៍​របស់លោកនាយកដ្ឋមន្រ្តីជប៉ុន ណាអូតូ កាន

ក្រៅ​ពី​តំបន់​នៅ​ជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង Fukushima អត្រា​នៃ​ធាតុវិទ្យុសកម្ម​ក៏​មាន​កម្រិត​ខ្ពស់​លើស​ពី​កម្រិត​ធម្មតា​នៅ​តំបន់​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១០០គីឡូម៉ែត្រ ស្ថិត​ប៉ែក​ខាង​ជើង​ទីក្រុង​តូក្យូ។ មូលហេតុ មក​ពី​ខ្យល់​បាន​ប្តូរ​ទិស​របស់​វា ដែល​ពី​មុន បក់​ទៅ​រក​សមុទ្រ ស្រាប់​តែ​ឥឡូវ បក់​តម្រង់​ទៅ​កាន់​​ទីក្រុង​តូក្យូ​ម្តង។ ដូច្នេះ អ្វី​ដែល​ជា​ក្តីបារម្ភ​របស់​ប្រជាជន​រស់​ក្នុង​ទីក្រុង​តូក្យូ​ទំាង ៣៥លាននាក់ គឺ​អត្រា​ខ្ពស់​នៃ​ធាតុវិទ្យុសកម្ម​ក្នុង​ទីក្រុង។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ភាពវឹកវរ លាយឡំ​នឹង​ក្តី​ព្រួយបារម្ភ​បាន​និង​ជម្រុញ​ឲ្យ​អ្នក​ក្រុងតូក្យូ​មួយ​ចំនួន​វេចបង្វេច​ភៀស​ខ្លួន​ទៅ​កាន់​តំបន់​ឆ្ងាយ​ពី​ទីក្រុង​តូក្យូ ពោល​គឺ​ទៅ​តំបន់​ប៉ែក​ខាង​ត្បូង។ នៅ​ថ្ងៃ​នេះ លោក ធឹម រ៉ុនណារ៉េត និស្សិត​ខ្មែរ​ម្នាក់​ដែល​កំពុង​សិក្សា​ក្នុង​ទីក្រុង​តូក្យូ និង​មិត្តរួម​ថ្នាក់​ផ្សេង​ទៀត បាន​សម្រេច​ចាកចេញ​ពី​ទីក្រុង​តូក្យូ។
 

សម្លេងរបស់និស្សិតខ្មែរ ធឹម រ៉ុនណារ៉េត សិក្សា​នៅ​ទីក្រុង​តូក្យូ

គួរជម្រាប​ជូន​ថា នៅ​ក្នុង​ទីក្រុង​តូក្យូ​បច្ចុប្បន្ន មាន​មនុស្ស​រស់នៅ​ប្រមាណ​ជា ៣៥​លាននាក់។ ប៉ុន្តែ​មាន​មួយ​ចំនួន​ធំ​មិន​ដឹង​ជា​ភៀសខ្លួន​ទៅ​ខាង​ណា និង​បាន​សម្រេច​មិន​រត់ចេញ ពី​លំនៅឋាន​របស់​ខ្លួន​ទេ។ សួរ​ថា តើ​អ្វី​ទៅ​ជា​វិធានការ​របស់​អ្នក​មិន​ភៀសខ្លួន​ចេញ។ លោក Yves Alemanie ប្រធាន​សមាគម​បារំាង-ជប៉ុន​ដែល​បាន​រស់​នៅ​ក្នុង​ទីក្រុង​តូក្យូ​តំាង​ពី ៣៥ឆ្នំា​មក បាន​រៀបរាប់​ពី​វិធានការ​មួយ​ចំនួន​ដែល​អ្នក​ទីក្រុង​តូក្យូ​កំពុង​ត្រៀម​រៀបចំ។
 

ប្រសាសន៍​របស់​លោក Yves Alemanie ប្រធានសមាគមបារំាង-ជប៉ុន នៅ​ទីក្រុងតូក្យូ

ព័ត៌មានចុង​ក្រោយ​នៅ​ថ្ងៃ​រសៀល​នេះ​ឲ្យ​ដឹង​ថា អត្រា​នៃ​ធាតុវិទ្យុសកម្ម​នៅ​តំបន់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima បាន​ធ្លាក់​ចុះ​វិញ​បន្តិច។ ប៉ុន្តែ អត្រា​នៃ​ធាតុវិទ្យុសកម្ម​បាន​កើន​ឡើង ១០ដង លើស​កម្រិត​ធម្មតា នៅ​ស្រុក Chiba ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ទីក្រុង​តូក្យូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI