ជប៉ុន

សេដ្ឋកិច្ច​ជប៉ុន​ជាប់គាំង​ស្ទះទាំងស្រុង​

ក្រុមហ៊ុន​​​ផលិត​​​រថយន្ត​​​ជប៉ុន​​​ដែល​ទទួល​​​រងគ្រោះ​​នឹង​ការ​​រញ្ជួយ​ផែនដី​​ហើយ​និង​​​មហា​រលកយក្ស​​
ក្រុមហ៊ុន​​​ផលិត​​​រថយន្ត​​​ជប៉ុន​​​ដែល​ទទួល​​​រងគ្រោះ​​នឹង​ការ​​រញ្ជួយ​ផែនដី​​ហើយ​និង​​​មហា​រលកយក្ស​​ © AFP/ NOBORU HASHIMOTO

ក្រោយ​ពី​មាន​ការ​រញ្ជួយ​ផែនដី​និង​មាន​មហា​រលកយក្ស​បោកបក់​មក​លើ​ប្រទេស​ជប៉ុន​រួចមក​ ​ ប្រទេស​ជប៉ុន​ត្រូវធ្វើការ​ប្រឈមមុខ​ទល់នឹង​គ្រោះថ្នាក់​ដ៏​ធំ​មួយ​ទៀត​គឺ​គ្រោះថ្នាក់​នុយក្លេអ៊ែរ។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​ឧស្សាហកម្ម​ជប៉ុន​ជួបនឹង​វិបត្តិ​ដ៏​សែន​ធ្ងន់ធ្ងរ។​ ផលិតកម្ម​ជួប​នឹង​ការគាំង​ស្ទះ​ក៏​ពីព្រោះតែ​គមនាគមន៍​តាម​ផ្លូវថ្នល់​និង​តាម​ផ្លូវដែក​ស្គាល់​ការខូចខាត​យ៉ាង​ដំណំ​ ដែល​ជា​មូលហេតុ​ធ្វើឲ្យ​មាន​កង្វះខាត​ផ្នែក​គ្រឿង​ខ្ចៅខ្ចង​និង​ឧបករណ៍​សព្វបែបយ៉ាង។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

នៅ​ពេលនេះ​ សូម្បី​តែ​រថយន្ត​មួយ​គ្រឿង​ក៏​គេ​ពុំ​ឃើញ​មាន​ផលិត​ចេញ​ពី​រោងចក្រ​ជប៉ុន​ដែរ។​ បីថ្ងៃ​ ក្រោយ​ពី​មានការ​រញ្ជួយ​ផែនដី​និង​មាន​មហា​រលកយក្ស​បោកបក់​មក​លើ​ប្រទេស​ជប៉ុន​រួចមក​ ​ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​Toyota Honda និង​ Nissan​បាន​ផ្អាក​បញ្ឈប់​ផលិតកម្ម​របស់​ខ្លួន​ទាំងស្រុង​ ​ ដោយ​ហេតុតែ​មាន​កង្វះខាត​ផ្នែក​គ្រឿង​ខ្ចៅខ្ចង​និង​ឧបករណ៍​សព្វ​បែប​យ៉ាង។​ គេពុំ​ដឹងឡើយ​ថា​តើគេ​ត្រូវ​ចាប់​មាន​សកម្មភាព​ឡើងវិញ​នៅពេលណា?

 
សូម​បញ្ជាក់​ថា​ ​ រោងចក្រ​ជាច្រើន​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ទាំងនោះ​ឋិត​នៅ​ក្នុង​តំបន់​រងគ្រោះ​នឹង​ការ​រញ្ជួយ​ផែនដី​ហើយ​និង​​មហា​រលកយក្ស​ ​ ពោលគឺ​នៅ​តំបន់​ប៉ែក​ឦសាន​នៃ​ប្រទេស។​ ក្រុម​ហ៊ុន​ផលិត​រថយន្ត​Toyota បាន​បិទ​ទ្វារ​រោងចក្រ​របស់​ខ្លួន​អស់​១២កន្លែង​ដែល​បច្ចុប្បន្ន​នេះ​ធ្វើឲ្យ​ក្រុមហ៊ុន​តូយ៉ូតា​ខាត​បាត់បង់​អស់ប្រាក់​ប្រមាណ​៧២លាន​ដុល្លារ​ក្នុង​មួយថ្ងៃ។

តំបន់​Sendai ដែល​បាន​ទទួល​រងគ្រោះ​ដោយ​ការ​រញ្ជួយ​ផែនដី​និង​មហា​រលកយក្ស​យ៉ាង​សែន​ធ្ងន់ធ្ងរ​នោះ​ក៏​ជា​តំបន់​ឧស្សាហកម្ម​មួយ​ដ៏​សែន​សំខាន់​ ​ ជាពិសេស​ក្នុង​វិស័យ​អេឡិចត្រូនិក​និង​ក្នុង​វិស័យ​ទូរគមនាគមន៍។​ ក្រុមហ៊ុន​Sony បាន​ផ្អាក​បញ្ឈប់​សកម្មភាព​​នៃ​រោងចក្រ​របស់​ខ្លួន​ប្រមាណ​៧កន្លែង។​ រីឯ​ក្រុមហ៊ុន​Canon ដែល​ជា​ផលិតករ​ទីមួយ​ក្នុង​លោក​ផ្នែក​ឧបករណ៍​សម្រាប់​​ថតរូប​វិញ​បាន​ថ្លែង​ប្រាប់ថា​ គេនឹង​បិទទ្វារ​រោងចក្រ​របស់​គេ​ប្រមាណ​៨កន្លែង។​ ក្រុមហ៊ុន​Panasonic ក៏​ដូចគ្នា​អ៊ីចឹងដែរ។

នៅ​សឹង​គ្រប់​ទីកន្លែង​ រោងចក្រ​ជប៉ុន​បាន​នាំគ្នា​បិទ​ទ្វារ​ផ្អាក​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ ដែល​បណ្តាល​មកពី​ខ្វះ​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​និង​បញ្ហា​គមនាគមន៍។​ ក្រុមហ៊ុន​អយស្ម័យយាន​ជប៉ុន​ដែល​បម្រើ​អ្នក​ដំណើរ​នៅ​តាម​ជាយទីក្រុង​តូក្យូ​ឈ្មោះ​East Japan Railways បាន​ផ្អាក​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ប្រមាណ​៨០%។

ហេតុ​ដូច្នេះហើយ ​បានជា​ទីផ្សារ​ភាគហ៊ុន​នៃ​ទីក្រុង​តូក្យូ​ក្រោយ​ពីបាន​ធ្លាក់​បាត់បង់​អស់​ប្រមាណ​៦,១៨%​កាលពី​ម្សិលមិញ​ ​ នៅ​ថ្ងៃអង្គារ​ទី​១៥​មីនានេះ​បាន​ធ្លាក់​ដាំដូង​បាត់បង់​អស់​ប្រមាណ​១០,៥៥%​បន្ថែមទៀត​ដែល​ជា​កម្រិត​បាត់បង់​មួយ​ដ៏​សែន​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI