ជប៉ុន

ស្ថានភាព​​ដ៏ដុនដាប​​នៅ​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​​នៅFukushima​​

​ការ​ឆាបឆេះ​​នៃ​​ប្រតិករ​​នុយក្លេអ៊ែរ​​ទី៣​និងទី៤​នៅ​​មជ្ឈមណ្ឌល​​Fukushima​
​ការ​ឆាបឆេះ​​នៃ​​ប្រតិករ​​នុយក្លេអ៊ែរ​​ទី៣​និងទី៤​នៅ​​មជ្ឈមណ្ឌល​​Fukushima​ ©​​ REUTERS/Tokyo Electric Power Co./Handout

នៅ​ថ្ងៃពុធ​ទី១៦​មីនានេះ​ ​ ស្ថានភាព​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​Fukushima​នៅតែ​មាន​លក្ខណៈ​ដុនដាប។​ អាជ្ញាធរ​ជប៉ុន​កំពុង​ធ្វើការ​ប្រយុទ្ធ​ទប់ទល់​ដើម្បី​កុំ​ឲ្យ​វិបត្តិ​ នុយក្លេអ៊ែរ​នៅ​Fukushima​ក្លាយ​ទៅជា​មហន្តរាយ​នុយក្លេអ៊ែរ​មួយ​ដ៏​ធំធេង​ ដែល​ប្រទេស​ជាច្រើន​ក្នុងលោក​កំពុង​ជួយ​ភ័យបារម្ភ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

ប្រាំថ្ងៃ​ក្រោយពី​មាន​ការរញ្ជួយ​ផែនដី​ដ៏សែន​ខ្លាំងក្លា​និង​មាន​មហារលកយក្ស​បោកបក់​ទៅលើ​តំបន់​ប៉ែក​ឦសាន​នៃ​ប្រទេស​ជប៉ុន​ដែល​បាន​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​Fukushima​ទទួលរង​គ្រោះ​យ៉ាង​សែន​ធ្ងន់ធ្ងរ។​ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​២៥០គ,ម​ពី​ទីក្រុង​តូក្យូ។

 
ក្រោយពី​មាន​ការ​ឆាបឆេះ​នៅ​ប្រតិករ​នុយក្លេអ៊ែរ​ទី៣​និងទី៤​រួចមក​ ​ នៅ​ថ្ងៃពុធ​ទី១៦​មីនា​នេះ​នៅ​រវាង​ម៉ោង១​ម៉ោងសកល​ ​​ គេកត់​សម្គាល់​ឃើញ​មាន​វិទ្យុសកម្ម​កើនឡើង​យ៉ាងខ្លាំង​នៅ​ច្រក​ចូល​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Fukushima។​ នេះ​ជា​សេចក្តី​ថ្លែង​ប្រកាស​របស់​អ្នកនាំពាក្យ​នៃ​រដ្ឋាភិបាល​ជប៉ុន​លោក​Yukio Edano។

សូមបញ្ជាក់ថា​ ​ កម្រិត​នៃ​សារធាតុ​វិទ្យុសកម្ម​ដែល​ឋិតនៅ​ជិត​ច្រកចូល​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Fukushima​នេះ​ ​ មាន​ស្គាល់​ការ​ប្រែប្រួល​ពី​មួយម៉ោង​ទៅមួយម៉ោង​ ​ ហើយ​បន្ត​ឋិតនៅ​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស។

ដោយហេតុតែ​ ​ កម្រិត​នៃ​វិទ្យុសកម្ម​ដែល​ឋិតនៅ​ពីលើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជប៉ុន​Fukushima​នេះ​មាន​កម្រិត​ខ្លាំងពេក​ ​ ដែល​ជា​មូលហេតុ​ខាឃាំង​កុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​អាច​មាន​លទ្ធភាព​ចូល​ជិត​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ទី៤​ដើម្បី​ចាក់​ស្រោចទឹក​ក្នុង​បំណង​ធ្វើ​ឲ្យ​ឥន្ធនៈ​នុយក្លេអ៊ែរ​ធ្លាក់​ត្រជាក់​វិញ​ ​ និង​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ ឥន្ធនៈ​នុយក្លេអ៊ែរ​នេះ​ក្តៅរលាយ។

ក៏​ដូចគ្នា​អ៊ីចឹងដែរ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជប៉ុន​Fukushima-Daiichi​ដែល​វិទ្យុសកម្ម​ក៏​នៅ​មាន​កម្រិត​ខ្លាំង​ពេក​ដែល​ជា​មូលហេតុ​ខាឃាំង​កុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​នៃ​កងកម្លាំង​យោធា​ជប៉ុន​អាច​ចូល​ជិត​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ទី៣​ដើម្បី​ចាក់​ស្រោចទឹក​ក្នុង​បំណង​បញ្ចៀស​កុំ​ឲ្យ​ឥន្ធនៈ​នុយក្លេអ៊ែរ​ក្តៅរលាយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI