ជប៉ុន

ដំណើរថយក្រោយ​នៃសេដ្ឋកិច្ច​ជប៉ុន​អាចជះ​ផលវិបាកអ្វីខ្លះ​ដល់សេដ្ឋកិច្ច​ពិភពលោក​

ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​តូក្យូ​ច្រួល​ឆោឡោ​នៅ​ថ្ងៃ​ទី១៥មីនា​ឆ្នាំ២០១១.
ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​តូក្យូ​ច្រួល​ឆោឡោ​នៅ​ថ្ងៃ​ទី១៥មីនា​ឆ្នាំ២០១១. © Reuters / Kyodo

នៅពេល​ដែល​ប្រទេស​ជប៉ុន​កំពុង​ទទួលរង​គ្រោះ​មហន្តរាយ​ដោយ​​ការ​រញ្ជួយ​ ផែនដី​និង​មហារលក​យក្ស​ហើយនិង​វិបត្តិ​នុយក្លេអ៊ែរ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ដែល ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​សែន​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជប៉ុន។​ តើ​ដំណើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ជប៉ុន​អាចជះ​ផលវិបាក​អ្វីខ្លះ​ដល់​ សេដ្ឋកិច្ច​ពិភពលោក? 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

ខុសផ្ទុយ​ពី​ការ​ប៉ាន់ស្មាន​នៅលើក​ដំបូង​ ​ ផលវិបាក​ដែល​បន្សល់​ទុក​ក្រោយពី​មាន​គ្រោះ​មហន្តរាយ​ដោយ​​ការ​រញ្ជួយ​ផែនដី​និង​មហារលក​យក្ស​ហើយនិង​វិបត្តិ​នុយក្លេអ៊ែរ​ដែល​ប្រទេស​ជប៉ុន​កំពុង​ទទួលរង​គ្រោះ​បច្ចុប្បន្ននេះ​អាច​មាន​កម្រិត​ធ្ងន់ធ្ងរ​ជាង​កាល​គ្រោះ​មហន្តរាយ​នៃ​ការ​រញ្ជួយ​ផែនដី​នៅ​ទីក្រុង​Kobé នៅ​ឆ្នាំ១៩៩៥​ដែលកា​លណោះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​ប្រមាណ​១ម៉ឺន​ពាន់លាន​យេន។

 
ចំណែឯ​ គ្រោះ​មហន្តរាយ​នៃ​ការ​រញ្ជួយ​ផែនដី​និង​មហារលក​យក្ស​ហើយនិង​វិបត្តិ​នុយក្លេអ៊ែរ​ដែល​តំបន់​ប៉ែក​ឦសាន​នៃ​ប្រទេស​ជប៉ុន​កំពុង​តែ​ទទួល​រងគ្រោះ​បច្ចុប្បន្ន​នេះ​អាច​បណ្តាល​ឲ្យ​មាន​​ការ​ខូចខាត​ដល់ទៅ​ប្រមាណ​៨%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​ទល់នឹង​ប្រមាណ​៤%​សម្រាប់​គ្រោះ​មហន្តរាយ​រញ្ជួយ​ផែនដី​កាល​នៅ​ទីក្រុង​Kobé ​នៅ​ឆ្នាំ១៩៩៥។

ក៏​ប៉ុន្តែ​អ្វី​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​នៅ​ទីក្រុង​Kobé​គឺ​ តំបន់​ប៉ែក​ឦសាន​នៃ​ប្រទេស​ជប៉ុន​ជា​​តំបន់​សម្បូណ៌​ទៅដោយ​រោងចក្រ​ផលិត​រថយន្ត​និង​រោងចក្រ​អេឡិចត្រូនិក។​ ហើយជាងនេះ​ទៅទៀត​ ​ គឺ​ផលវិបាក​ដែល​កើតមាន​ក្រោយពី​វិបត្តិ​នុយក្លេអ៊ែរ​នៅ​Fukushima ​ ​ ដោយហេតុថា​ ថាមពល​អគ្គិសនី​ដែល​បាន​មកពី​វិស័យ​នុយក្លេអ៊ែរ​តំណាង​ដល់ទៅ​២៥%​នៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​ប្រទេស​ជប៉ុន។

ក៏​ប៉ុន្តែ​ ​ អ្វី​ដែល​គួរ​ឲ្យ​អស្ចារ្យ​គឺ​ក្រោយពីមាន​គ្រោះ​មហន្តរាយ​ធំៗ​ម្តងៗ​ គេកត់​សម្គាល់​ឃើញ​ថា​ ​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ជប៉ុន​បាន​ស្គាល់​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ ​ ជាក់ស្តែង​ដូច​កាល​នៅ​រយៈពេល​ក្រោយពី​មាន​គ្រោះ​មហន្តរាយនៅ​ទីក្រុង​Kobé ​នៅ​ឆ្នាំ១៩៩៥​ ​ សន្ទុះ​កំណើន​ផលិតផល​ក្នុង​ប្រទេស​ជប៉ុន​បាន​ស្ទុះ​កើនឡើង​ក្នុង​កម្រិត​៥%​ក្នុង​១ឆ្នាំ​សម្រាប់​រយៈពេល​បីត្រីមាស​បន្ត​បន្ទាប់​ពី​មាន​គ្រោះ​មហន្តរាយ​រញ្ជួយ​ផែនដី។​ ទាំងនេះ​គឺ​ក្រោម​សន្ទុះ​នៃ​ការ​ជំរុញ​ឲ្យ​មាន​ការ​សាងសង់​ស្ថាបនា​ឡើងវិញ​ ​ ហើយ​ទោះបី​ជា​ប្រទេស​ជប៉ុន​មាន​ជាប់​ជំពាក់​បំណុល​គេ​រហូត​ដល់ទៅ​២០០%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​ក៏​ដោយ។​ ដោយហេតុថា​ ​ អ្នក​ម្ចាស់​បំណុល​នៃ​ប្រទេស​ជប៉ុន​គឺ​ប្រជាជន​ជប៉ុន​ខ្លួនឯង​ដែល​កាន់កាប់​ប្រមាណ​៩៥%​នៃ​បរិមាណ​នៃ​ប្រាក់​បំណុល​សរុប។

ដូច្នេះ​ តើ​សេដ្ឋកិច្ច​ពិភពលោក​អាចនឹង​ទទួលរង​គ្រោះ​យ៉ាងណាដែរ​ពី​វិបត្តិ​សេដ្ឋកិច្ច​ជប៉ុន
 
យើង​ធ្លាប់បាន​ឃើញ​មកហើយថា​ ​ ដំណើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ជប៉ុន​ពុំ​បាន​ជះ​ផលវិបាក​អ្វី​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក​ឡើយ។​ ពីព្រោះ​នៅឆ្នាំ១៩៩០​ ​ ផលិតផលដុល​ក្នុង​ប្រទេស​ជប៉ុន​តំណាង​ប្រមាណ​១៨%​នៃ​ផលិតផល​សរុប​ពិភពលោក។​ បច្ចុប្បន្ននេះ​ ​ ផលិតផល​ដុល​ក្នុង​ប្រទេស​ជប៉ុន​តំណាង​តែ​៩%​ប៉ុណ្ណោះ​នៃ​ផលិតផល​សរុប​ពិភពលោក។​ ហើយ​ម្យ៉ាង​ទៀត​ សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ដែល​មាន​ការ​បើកទ្វារ​ចំហ​ទទួល​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​តូច​ចង្អៀត​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ឧស្សាហកម្ម​អភិវឌ្ឍ។

កត្តា​អស់ទាំង​នេះហើយ​ ​ ដែល​ធ្វើឲ្យ​ដំណើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ជប៉ុន​ពុំជះ​ផលវិបាក​អ្វី​ខ្លាំង​ក្លា​ដល់​សេដ្ឋកិច្ច​ពិភពលោក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI