ជប៉ុន

ជប៉ុន៖ ដល់ពេល​គ្រោះមហន្តរាយ​មនុស្សធម៌​ម្តង

ក្រុមអ្នកសង្រ្គោះ​ជប៉ុនកំពុងសែងសព ដើរក្រោម​ទឹកកកសំឡី
ក្រុមអ្នកសង្រ្គោះ​ជប៉ុនកំពុងសែងសព ដើរក្រោម​ទឹកកកសំឡី ©Reuters

ស្ថានភាព​មនុស្សធម៌​កាន់​តែ​ធ្ងន់ធ្ងរ​ដុនដាប​ខ្លាំង​ឡើង​ជា​លំដាប់ សម្រាប់​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត ពីព្រោះ​ក្រៅ​ពី​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​សព្វ​បែប​យ៉ាង ពួកគេ​កំពុង​ទទួល​រង​ធាតុ​អាកាស​ត្រជាក់​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

៦​ថ្ងៃ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​និង​គ្រោះ​ស៊ូណាមី ទឹក​រលក​នៅ​តែ​បន្ត​ខ្ជាក់​ចោល​លើ​ឆ្នេរ​សមុទ្រ​សាកសព​ជា​ច្រើន​សិប​នាក់។ អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត ប្រមូល​ផ្តុំ​គ្នា​ជ្រក​នៅ​ទី​នេះ​និង​ទី​នោះ ខ្វះ​ទឹក​ស្អាត ខ្វះ​ស្បៀង​អាហារ​និង​ថ្នាំ​ពេទ្យ។

មិន​តែ​ប៉ុណ្ណោះ តាំង​ពី​ម្សិលមិញ​មក ធាតុ​អាកាស​ត្រជាក់​ខ្លាំង រហូត​ដល់​បណ្តាល​ឲ្យ​ធ្លាក់​ទឹក​កក​សំឡី នៅ​Iwate Miyagi និងFukushima ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នក​សង្គ្រោះ​ពិបាក​នឹង​ធ្វើ​ការ ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​ដែល​រួច​ពី​ការ​ស្លាប់​ជា​ច្រើន​ម៉ឺន​នាក់ ដុនដាប​វេទនា​ខ្លាំង​ឡើង​ជា​លំដាប់។

ចំពោះ​រដ្ឋាភិបាល​ជប៉ុន ចំនួន​អ្នក​ស្លាប់​ដែល​គេ​រក​ឃើញ​សាកសព​កើន​ទៅ​ដល់​យ៉ាង​តិច​១​ម៉ឺន​នាក់ រីឯ​អ្នក​បាត់​ខ្លួន​វិញ​មាន​ចំនួន​យ៉ាង​តិច​៣​ម៉ឺន​នាក់ នេះ​បើ​យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​Kyodo។

ផ្លូវ​ថ្នល់ ផ្លូវ​ដែក កំពង់ផែ ស្ពាន និង​បង្គោល​ភ្លើង សុទ្ធ​តែ​ត្រូវ​បាក់បែក​ខ្ទេចខ្ទី ជាហេតុ​ធ្វើ​ឲ្យ​ពិបាក​ទាក់ទង​គ្នា ធ្វើ​ឲ្យ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ពិបាក​ប្រព្រឹត្ត​ទៅ​បាន។ រដ្ឋាភិបាល​បាន​កេណ្ឌ​ទាហាន​១០​ម៉ឺន​នាក់ រី​ឯ​កាកបាទ​ក្រហម​ជប៉ុន​បាន​កេណ្ឌ​មនុស្ស​ជា​ច្រើន​រយ​នាក់ ដើម្បី​ជួយ​ផ្គត់ផ្គង់​តម្រូវ​ការ​របស់​បណ្តា​ជន​៤៣​ម៉ឺន​នាក់ នៅ​តាម​ក្រុង​និង​ស្រុក​ជាប់​ឆ្នេរ​សមុទ្រ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បរទេស​បាន​មក​ដល់​បណ្តើរៗ​ហើយ តែ​បោះ​ទីតាំង​នៅ​ឆ្ងាយ មិន​សូវ​ហ៊ាន​ចូល​ទៅ​ដល់​ទី​កន្លែង​កើត​ហេតុ ដ្បិត​ខ្លាច​ធាតុ​វិទ្យុ​សកម្ម។

នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ទឹកកក​សំឡី​លាយ​និង​ទឹក​ភ្លៀង​អាច​ធ្លាក់​ខ្លាំង​ជាង​ខណៈ​នេះ រី​ឯ​ក្តី​សង្ឃឹម​ក្នុង​ការ​រក​ឃើញ​អ្នក​ដែល​នៅ​រស់ រលាយ​បាត់​ម្តង​បន្តិចៗ ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI