បិន ឡាដិនស្លាប់៖ ពិភពលោកអបអរតែបារម្ភខ្លាចក្រែងមានភេរវកម្មសងសឹក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដំណឹងមរណភាពរបស់បិន ឡាដិនដែលបានត្រូវកងកម្លាំងយោធាអាមេរិកបាញ់ស្លាប់ បានត្រូវប្រទេសយ៉ាងច្រើនលើសលុបក្នុងលោកទទួលអបអរសាទរ។ ក៏ប៉ុន្តែនេះពុំមែនបានសេចក្តីថា ជាអវសានភាពនៃចលនាភេរវនិយមអាល់កៃដាឡើយ។ ពិភពលោកទាំងមូលនៅតែបារម្ភខ្លាចមានភេរវកម្មសងសឹក។
“នៅទីបំផុតយុត្តិធម៌ជាអ្នកឈ្នះ” នេះជាពាក្យសំដីរបស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានៅក្នុងសេចក្តីថ្លែងប្រកាសប្រាប់ពីមរណភាពរបស់មេដឹកនាំចលនាភេរវនិយមអាល់កៃដាអ៊ូសាម៉ា បិន ឡាដិនដែលបានត្រូវកងកម្លាំងយោធាអាមេរិកបាញ់ស្លាប់។ បិន ឡាដិនជាអ្នកទទួលខុសត្រូវក្នុងការសម្លាប់រង្គាលប្រជាជនស្លូតត្រង់រាប់ពាន់នាក់នៅលើពិភពលោក។ ថ្វីដ្បិតតែបិន ឡាដិនស្លាប់មែន ក៏ប៉ុន្តែចលនាភេរវនិយមអាល់កៃដានៅតែបន្តធ្វើការគំរាមដល់សហរដ្ឋអាមេរិកនិងពិភពលោកទាំងមូល ដូច្នេះយើងត្រូវតែនាំគ្នាប្រុងប្រយ័ត្នជានិច្ច។ នេះជាពាក្យសំដីបញ្ជាក់របស់លោកអូបាម៉ា។
ចំណែកឯនាយកនៃក្រុមយកការសម្ងាត់អាមេរិកាំងCIA លោកLeon Panetta បានថ្លែងថា “យើងបានវាយសំពងយ៉ាងដំណំទៅលើបច្ចាមិត្តក៏ពិតមែន ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នចំពោះអំពើភេរវកម្មសងសឹករបស់ពួកអាល់កៃដា”។ ស្ថានទូតនិងកុងស៊ុលអាមេរិកនៅប្រទេសប៉ាគីស្ថានបានត្រូវបិទទ្វារបណ្តោះអាសន្នពុំទទួលសាធារណជនមួយរយៈពេលសិន។
រីឯប្រមុខការទូតនៃសហភាពអឺរ៉ុបលោកស្រីCatherine Ashtonបានថ្លែងបញ្ជាក់បន្ថែមថា “គេត្រូវតែនាំគ្នាប្រុងប្រយ័ត្នប្រយុទ្ធទប់ទល់នឹងពួកអាល់កៃដាដែលប្រុងប្រៀបធ្វើភេរវកម្មសងសឹកមរណភាពរបស់បិន ឡាដិន។
ប្រមុខការទូតអង់គ្លេសលោកWilliam Hague ឯណោះវិញបានថ្លែងប្រកាសថា "ទីក្រុងឡុងដ្រឹ៍បានបញ្ជាឲ្យស្ថានទូតអង់គ្លេសទាំងអស់នៅលើលោកចាត់វិធានការសន្តិសុខយ៉ាងមុតមាំជាបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងទង្វើភេរវកម្ម”។
អង្គការសហប្រតិបត្តិការនគរបាលអន្តរជាតិInterpolឯណេះបានគូសបញ្ជាក់ប្រាប់ពី “ហានិភ័យដ៏ខ្ពស់នៃទង្វើភេរវកម្ម”ដែលអាចកើតមាននៅលើពិភពលោក។
ប្រទេសចិនដែលជាប្រទេសចុងក្រោយគេក្នុងការបញ្ចេញប្រតិកម្មនៅចំពោះមុខការបាញ់សម្លាប់បិន ឡាដិនបានថ្លែងថា “មរណភាពរបស់បិន ឡាដិនគឺពិតជាដំណាក់ការមួយថ្មីនៃការប្រយុទ្ធប្រឆាំងនឹងភេរវនិយមហើយទីក្រុងប៉េកាំងបានអំពាវនាវឲ្យមានការពង្រឹងសហប្រតិបត្តិការពិភពលោក”។
ប្រទេសអេហ្ស៊ីបដែលជាប្រទេសដើមកំណើតរបស់Ayman al-Zawahiri ដែលជាដៃស្តាំរបស់បិន ឡាដិនបានចាត់វិធានការពង្រឹងសន្តិសុខនៅព្រលានយន្តហោះនៃទីក្រុងគែរជាបន្ទាន់។ ជាពិសេសពាក់ព័ន្ធនឹងដំណើរយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍Egyptairដែលត្រូវហោះហើរទៅកាន់ទីក្រុងអាមេរិកាំងមានដូចជាទីក្រុងញីវយ៉កជាដើម។
ខុសពីគេ ប្រមុខរដ្ឋាភិបាលប៉ាលេស្ទីនហាម៉ាសលោកហានីយេហ៍បានថ្កោលទោសទៅលើការវាយលុកនិងការបាញ់សម្លាប់មេដឹកនាំចលនាអាល់កៃដាបិន ឡាដិនដោយសហរដ្ឋអាមេរិក។
ចំណែកឯមេដឹកនាំចលនាអ៊ីស្លាមជ្រុលនិយមឈ្មោះOmar Bakri ដែលបានត្រូវប្រទេសអង់គ្លេសបណ្តេញចេញក្រោយពីមានទង្វើភេរវកម្មនៅទីក្រុងឡុងដ្រឹ៍នៅឆ្នាំ២០០៥បានថ្លែងប្រកាសថា “ប្រទេសនៃពិភពអារ៉ាប់បានបាត់បង់មេដឹកនាំដ៏ឆ្នើមរបស់គេមួយរូប។ ដូច្នេះគេត្រូវតែដឹងថា នឹងមានបេសកកម្មសងសឹកនៅអឺរ៉ុបជាពុំខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ